ចម្លែកណាស់! ចម្រៀងមួយបទនេះតែហ៊ានចាក់ស្តាប់លើ Laptop ដឹងតែគាំងលែងដំណើរការភ្លាម
Khunna - ឃុនណា
MAY 14 2026
ឌីជីថល
5 views
2 mins read

កាលពីឆ្នាំ ២០០៥ មានបាតុភូតដ៏ចម្លែកមួយបានកើតឡើងចំពោះក្រុមហ៊ុនផលិតឡេបថប (Laptop) ធំៗមួយចំនួន។ គេបានរកឃើញថា ឡេបថបជាច្រើនគ្រឿងបានគាំង (Crash) ភ្លាមៗ រាល់ពេលដែលមានគេចាក់បទចម្រៀង "Rhythm Nation" របស់តារាចម្រៀង Janet Jackson។ អ្វីដែលកាន់តែហួសចិត្តទៅទៀតនោះគឺ ឡេបថបខ្លះមិនទាំងបានចាក់បទនោះផង គ្រាន់តែនៅក្បែរឡេបថបដែលកំពុងចាក់បទនោះ ក៏ស្រាប់តែគាំងដំណើរការដែរ។

Janet Jackson Rhythm Nation Laptop

យោងតាមការចុះផ្សាយរបស់ Microsoft តាំងពីថ្ងៃទី ១៦ សីហា ២០២២ បានប្រាប់ឲ្យដឹងថា រឿងរ៉ាវចម្លែកនេះបានកើតឡើងចំពោះបទចម្រៀងល្បីមួយឈ្មោះថា "Rhythm Nation" របស់តារាចម្រៀងស្រី Janet Jackson (ចេញផ្សាយក្នុងឆ្នាំ ១៩៨៩)។ វិស្វករជាន់ខ្ពស់ម្នាក់របស់ Microsoft លោក Raymond Chen បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ ២០០៥ មានកុំព្យូទ័រយួរដៃ (Laptop) ជាច្រើនគ្រឿងស្រាប់តែគាំងមិនដឹងមូលហេតុរាល់ពេលដែលឮបទចម្រៀងនេះ។

តាមការស៊ើបអង្កេតយ៉ាងល្អិតល្អន់ អ្នកបច្ចេកទេសបានរកឃើញរឿងដែលនឹកស្មានមិនដល់៖

  • បទចម្រៀងនេះមានរលកសំឡេង (Frequency) ម្យ៉ាងដែលត្រូវគ្នាបេះបិទទៅនឹងរលកញ័រធម្មជាតិ របស់ថាសរឹង (Hard Drive) ក្នុងកុំព្យូទ័រជំនាន់នោះ។
  • នៅពេលបទចម្រៀងបន្លឺឡើង វាក៏បង្កជារលកញ័រខ្លាំងទៅបុកនឹងថាសរឹង ធ្វើឱ្យថាសនោះរញ័រខ្លាំងហួសកម្រិត រហូតដល់កុំព្យូទ័រឈប់ដំណើរការភ្លាមៗ។
  • សូម្បីតែកុំព្យូទ័រដែលនៅជិតខាង ទោះមិនបានចាក់បទចម្រៀងនោះក៏ដោយក៏អាចគាំង ទៅតាមគ្នាដែរ ប្រសិនបើវាឮសំឡេងចេញពីឧបករណ៍ក្បែរនោះខ្លាំង។

Image (2)

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនផលិតកុំព្យូទ័របានបង្កើត "តម្រងសំឡេងពិសេស" (Audio Filter) ដើម្បីច្រោះរលកសំឡេងដែលមានហ្វ្រេកង់គ្រោះថ្នាក់នោះចេញ មិនឱ្យបញ្ចេញមកក្រៅតាមរយៈ Speaker បានឡើយ។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទដៃនាពេលបច្ចុប្បន្ន អ្នកលែងមានការព្រួយបារម្ភចំពោះបញ្ហានេះទៀតហើយ។ ឧបករណ៍ទំនើបៗឥឡូវនេះបានប្តូរមកប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD ដែលដំណើរការដោយបន្ទះឈីបអេឡិចត្រូនិក (គ្មានផ្នែកវិល ឬគ្រឿងបង្គំដែលរំញ័រដូចថាសរឹង HDD ជំនាន់មុនឡើយ)។

Technician Clearing Circuit Board Disassembled Laptop Scaled

ដូច្នេះ លែងជាបញ្ហាទៀតហើយ ចូររីករាយស្តាប់ និងរាំតាមបទ "Rhythm Nation" របស់ Janet Jackson តាមសប្បាយចុះ ព្រោះកុំព្យូទ័ររបស់អ្នកនឹងនៅតែមានសុវត្ថិភាព និងដំណើរការយ៉ាងរលូនជានិច្ច។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia