ដឹងមូលហេតុ គាំងប្រព័ន្ធ Windows នាំឲ្យគាំងប្រព័ន្ធធនាគារ អាកាសចរណ៏ និង ក្រុមហ៊ុនធំៗលើពិភពលោក
Sakada Techie
JULY 20 2024
អាជីវកម្ម 4.0
1.5 K views
2 mins read

កាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ពិភពលោកបានជួបនឹងបញ្ហាជាប់គាំងរអាក់រអួលប្រព័ន្ធ IT កើតឡើងទៅលើប្រព័ន្ធធនាគារ ក្រុមហ៊ុនអាកាសចរណ៏ និងក្រុមហ៊ុនជាច្រើនដោយអ្នកជំនាញបង្ហាញមូលហេតុថា បណ្ដាលមកពីការធ្វើបច្ចុប្បន្នភាព(អាប់ដេត) ចុងក្រោយបង្អស់របស់ CrowdStrike Falcon មានសមាសភាគមិនប្រក្រតីមួយ ដែលបង្កឱ្យមានបញ្ហាគាំងយ៉ាងរាលដាលទៅលើប្រព័ន្ធ Windows។

សម្រាប់អ្នកមិនទាន់ដឹង CrowdStrike គឺជាក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតមួយ ដែលផ្តល់នូវការការពារកម្រិតខ្ពស់សម្រាប់កុំព្យូទ័រ និងបណ្តាញប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ ដូចជាមេរោគកុំព្យូទ័រ និងការហ៊ែកចូលប្រព័ន្ធដោយខុសច្បាប់។

បញ្ហានេះបាននាំឱ្យមានការអាក់ខានយ៉ាងធំ ធ្វើឱ្យក្រុមហ៊ុនទាំងមូលនិងកុំព្យូទ័ររាប់សែនគ្រឿងមិនអាចដំណើរការបាន។

CrowdStrike បានទទួលស្គាល់បញ្ហានេះ និងបានចេញការប្រកាសព័ត៌មានបែបបច្ចេកទេសមួយដោយពន្យល់ថា វិស្វកររបស់ពួកគេបានរកឃើញបញ្ហាទាក់ទងនឹងការដាក់ឱ្យបញ្ចូលនូវ File ដែលមានបញ្ហា និងបានត្រឡប់ការផ្លាស់ប្តូរទាំងនោះ និងដោះស្រាយបញ្ហានោះវិញបាន។

George Kurtz ប្រធាននិងនាយកប្រតិបត្តិនៃ CrowdStrike បានប្រកាសថា ក្រុមហ៊ុន "កំពុងធ្វើការយ៉ាងសកម្មជាមួយអតិថិជន" និងបានបញ្ជាក់ថា បញ្ហាទាំងនេះបណ្តាលមកពី "កំហុសឆ្គងដែលរកឃើញក្នុងការធ្វើបច្ចុប្បន្នភាពមាតិកាតែមួយសម្រាប់ម៉ាស៊ីន Windows"។ គាត់បានណែនាំឱ្យស្ថាប័ននានាទាក់ទងជាមួយតំណាង CrowdStrike តាមរយៈបណ្តាញផ្លូវការ និងបានធានាថាមានដំណោះស្រាយ។

បញ្ហានេះបានប៉ះពាល់ដល់សេវាសង្គ្រោះបន្ទាន់ 911 នៅសហរដ្ឋអាមេរិកនិងកាណាដា អាកាសយានដ្ឋាននានា រួមទាំង Schiphol, Melbourne, Zurich, Berlin, Barcelona, Brisbane, Edinburgh, Amsterdam និង London។ មន្ទីរពេទ្យជាច្រើននៅប្រទេសហូឡង់ បាសេឡូណា និងញូវយ៉ក ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ។

ស្ថានីយទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន រួមទាំង Sky News និង ABC បានជួបប្រទះការរំខាន។ អ្នកប្រើប្រាស់ដែលខកចិត្តបានចែករំលែកបទពិសោធន៍របស់ពួកគេនៅលើ Reddit អំពីកុំព្យូទ័ររាប់ម៉ឺនគ្រឿងដែលគាំង និងផលប៉ះពាល់លើក្រុមហ៊ុនរបស់ពួកគេ។

ទោះបីជាការជួសជុលត្រូវបានដាក់ឱ្យប្រើប្រាស់ និង CrowdStrike បានផ្តល់ដំណោះស្រាយបណ្តោះអាសន្នសម្រាប់ម៉ាស៊ីន Windows ដែលកំពុងគាំងរួចហើយក៏ដោយ ក្រុមហ៊ុននានានឹងនៅតែទទួលរងផលប៉ះពាល់នៃបញ្ហានេះមួយរយៈទៀត។ អ្នកគ្រប់គ្រងប្រព័ន្ធត្រូវបានរំពឹងថានឹងមានការងារវែងនៅចុងសប្តាហ៍នេះ ជាពិសេសជាមួយនឹងកុំព្យូទ័ររាប់ម៉ឺនឬរាប់សែនគ្រឿង បុគ្គលិកធ្វើការពីចម្ងាយ មជ្ឈមណ្ឌលទិន្នន័យនៅក្រៅទីតាំង ឬបរិយាកាសពពកដែលការបើកក្នុងម៉ូដសុវត្ថិភាពមិនមែនជាជម្រើសទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia