លោក Elon Musk ក្លាយជាមហាសេដ្ឋីមិនមែនដោយសារតែគាត់មានទេពកោសល្យពីកំណើតតែមួយមុខនោះទេ តែវាកើតចេញពីទម្លាប់តូចៗប្រចាំថ្ងៃដែលគាត់អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន។
១. ទម្លាប់អាន និងសិក្សាជានិច្ច
មុនពេលគាត់ក្លាយជាវិស្វករដ៏ល្បីល្បាញ គាត់បានចំណាយពេលរាប់ម៉ោងដើម្បីអានសៀវភៅអំពីវិទ្យាសាស្ត្រ រូបវិទ្យា វិស្វកម្ម និងរឿងប្រឌិតបែបវិទ្យាសាស្ត្រ (science fiction)។ ទម្លាប់នេះបានជួយគាត់ឲ្យមានចំណេះដឹងទូលំទូលាយ និងអាចដោះស្រាយបញ្ហាស្មុគស្មាញបាន។ គាត់ជឿថាការសិក្សាជាប្រចាំគឺជាគន្លឹះដើម្បីពង្រីកគំនិតនិងការច្នៃប្រឌិត។
២. ទម្លាប់គ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព
លោក Musk ប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងពេលវេលាដែលហៅថា "Time-blocking"។ គាត់បែងចែកពេលវេលារបស់គាត់ជាប្លុកតូចៗ (ប្រហែល ៥នាទី) សម្រាប់ធ្វើការងារជាក់លាក់ណាមួយ។ ទម្លាប់នេះធ្វើឲ្យគាត់អាចបំពេញការងារបានច្រើនក្នុងមួយថ្ងៃ ហើយអាចគ្រប់គ្រងក្រុមហ៊ុនច្រើនក្នុងពេលតែមួយបាន។ គាត់តែងតែផ្ដោតអារម្មណ៍ទាំងស្រុងលើការងារនីមួយៗដែលគាត់កំពុងធ្វើ។
៣. ទម្លាប់ធ្វើការដោយមានគោលដៅច្បាស់លាស់
លោក Elon Musk មិនត្រឹមតែធ្វើការងារដើម្បីតែលុយប៉ុណ្ណោះទេ គាត់ធ្វើការដើម្បីសម្រេចនូវបេសកកម្មដែលគាត់បានកំណត់។ គាត់មានគោលដៅដ៏ធំដូចជាការកាត់បន្ថយការបំពុលបរិយាកាសតាមរយៈរថយន្តអគ្គិសនី (Tesla) និងការធ្វើឲ្យមនុស្សអាចរស់នៅលើភពព្រះអង្គារបាន (SpaceX)។ គោលដៅច្បាស់លាស់ទាំងនេះបានជំរុញឲ្យគាត់ខិតខំប្រឹងប្រែងឥតឈប់ឈរ ទោះជួបឧបសគ្គយ៉ាងណាក៏ដោយ។
គូសបញ្ជាក់ផងដែរថា ទម្លាប់តូចៗទាំង ៣ នេះបានជួយឲ្យលោក Elon Musk បង្កើតគំនិតដ៏អស្ចារ្យ គ្រប់គ្រងការងារបានល្អ និងមានកម្លាំងចិត្តខ្ពស់ក្នុងការសម្រេចនូវគោលដៅធំៗរបស់លោក រហូតមកដល់បច្ចុប្បន្ន លោក Elon Musk មានអាជីវកម្មជាច្រើន ដែលសុទ្ធតែជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញលើពិភពលោក។
អាជីវកម្មសំខាន់ៗរបស់គាត់មានដូចជា៖ ក្រុមហ៊ុន Tesla, ក្រុមហ៊ុន SpaceX, ក្រុមហ៊ុន X (Twitter), ក្រុមហ៊ុន Neuralink, ក្រុមហ៊ុន The Boring Company, ។
នេះជាមេរៀនដ៏មានតម្លៃដែលអ្នកណាក៏អាចរៀនសូត្របានពីទម្លាប់ទាំងនោះ។