ល្អណាស់! ស្ថាបនិកខ្មែរមួយរូប បង្កើតវេបសាយ និងវេទិការឌីជីថលសម្រាប់អ្នកខ្សោយកុំព្យូទ័រ អាចចូលរៀនបានឥតគិតថ្លៃ
Khunna - ឃុនណា
AUGUST 14 2026
Tech Founder
80 views
8 mins read

ក្នុងបរិបទដែលបច្ចេកវិទ្យា និងបច្ចេកវិទ្យាឌីជីថលកំពុងមានតួនាទីកាន់តែសំខាន់នៅក្នុងការសិក្សា ការងារ អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ការចូលរួមចែករំលែកចំណេះដឹងបច្ចេកវិទ្យាដែលមានគុណភាព និងងាយយល់ ជាពិសេសជាភាសាខ្មែរ គឺជាកត្តាដ៏សំខាន់មួយសម្រាប់ជួយលើកកម្ពស់ជំនាញឌីជីថលរបស់ប្រជាជនកម្ពុជា។

Hand Touching Digital Screen With Data Visualization 23 2151964669

ក្នុងចំណោមអ្នកដែលកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យនេះ លោក ម៉េង ហាន់ (MENG Hann) គឺជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាអ្នកបង្កើតមាតិកាផ្នែក Technology និង Digital។ លោកក៏ជាអ្នកបង្កើត Rean Computer 101 ដែលជាបណ្តាញចែករំលែកចំណេះដឹងតាមរយៈ YouTube, វេបសាយ Rean.me ដែលផ្តោតលើការចែករំលែកធនធាន និង toolkh.rean.me ដែលជាបណ្តុំនៃឧបករណ៍ឌីជីថលជាង 100 Tools សម្រាប់ជួយសម្រួលការងាររបស់អ្នកប្រើប្រាស់។ តាមរយៈបទពិសោធន៍ក្នុងការសិក្សា ការងារ ការបង្រៀន និងការសិក្សាដោយខ្លួនឯង លោកបានចូលរួមស្វែងយល់ និងអភិវឌ្ឍចំណេះដឹងក្នុងវិស័យជាច្រើននៃ Technology ដូចជា Computer, Software, Web Development, Digital Tools, Online Platforms និង Digital Content Creation

352002995 1632523197269964 4784343048348743756 N

ដូច្នេះ Technology Cambodia នឹងនាំអ្នកអានជាទីស្រឡាញ់ទៅដឹងពីសាច់រឿង ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីដំណើរជីវិត ការសិក្សា បទពិសោធន៍ការងារ ទស្សនវិស័យលើវិស័យ Technology និងចក្ខុវិស័យរបស់លោក ម៉េង ហាន់ សម្រាប់ការអភិវឌ្ឍ Digital Skills របស់ប្រជាជនកម្ពុជាទាំងអស់គ្នា។

លោក ម៉េង ហាន់ (MENG Hann) ជាអ្នកមកពីខេត្តបាត់ដំបង។ បច្ចុប្បន្ន លោកជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ហើយក៏កំពុងធ្វើការនៅក្នុងវិស័យ Technology និង Digital ជាពិសេសផ្តោតលើការបង្កើតមាតិកាអប់រំ និងឧបករណ៍ឌីជីថល (Online Tools) ដែលអាចជួយឱ្យប្រជាជនកម្ពុជារៀន និងប្រើប្រាស់បច្ចេកវិទ្យាបានកាន់តែងាយស្រួល។

Mr. Meng Hann

បច្ចុប្បន្ន លោកជា អ្នកផលិតមាតិកា និងស្ថាបនិកមួយរូបនៃ Rean Computer 101 ដែលជាបណ្តាញ YouTube Channel, វេបសាយ Rean.me ដែលផ្តោតលើការចែករំលែកធនធាន (Resource Sharing), typinghero.rean.me អនុវត្តការវាយអក្សរ ខ្មែរ និងអង់គ្លេស និង toolkh.rean.me ដែលជាបណ្តុំនៃឧបករណ៍ជាង 100 Tools សម្រាប់ជួយសម្រួលការងារ។ គម្រោងទាំងនេះមានគោលបំណងចែករំលែកចំណេះដឹងផ្នែកកុំព្យូទ័រ បច្ចេកវិទ្យា និងជំនាញឌីជីថលជាភាសាខ្មែរ។ លោកជាសិស្សមកពីខេត្ត ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកព័ត៌មានវិទ្យា នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកបានបន្តរៀន Exchange Program របស់ Erasmus នៅប្រទេសអាល្លឺម៉ង់ រយៈពេល ១ ឆ្នាំ។ ក្រោយមក លោកបានបន្តការសិក្សាថ្នាក់ Master នៅប្រទេស Romania ដែលជាអាហារូបករណ៍ Erasmus រយៈពេល ២ ឆ្នាំ។

Screenshot 2026 08 14 103027

លោកបានចាប់ផ្តើម Intern ការងារ នៅពេលលោករៀនឆ្នាំទី៣ នៅសាកលវិទ្យាល័យ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកបានធ្វើការនៅក្រុមហ៊ុនឯកជនប្រហែល ១ ឆ្នាំ។ ក្រោយបញ្ចប់ Master លោកបានចាប់ផ្តើមបង្រៀនជំនាញ IT នៅសាកលវិទ្យាល័យ រហូតមកដល់បច្ចុប្បន្ន។

 តាមរយៈបទពិសោធន៍ការងារ និងការសិក្សាដោយខ្លួនឯង លោកបានចូលរួមស្វែងយល់ពីវិស័យជាច្រើនក្នុង Technology ដូចជា Computer, Software, Web Development, Digital Tools, Online Platforms និង Digital Content Creation។ អ្វីដែលលោកចាត់ទុកថាជាសមិទ្ធផលសំខាន់ មិនមែនមានតែ Project Website មួយចំនួននោះទេ ប៉ុន្តែគឺការអាចយកចំណេះដឹងដែលលោកបានរៀន មកបង្កើតជាមាតិកាដែលអាចឱ្យអ្នកដទៃរៀនតាមបាន។ តាមរយៈ Rean Computer 101 លោកបានព្យាយាមធ្វើឱ្យចំណេះដឹង Technology ដែលមើលទៅពិបាក ក្លាយជារឿងដែលងាយយល់សម្រាប់អ្នកប្រើប្រាស់ខ្មែរ។

 បើនិយាយពី Rean Computer 101 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយមានគោលបំណងសំខាន់មួយ គឺចែករំលែកបទពិសោធន៍ផ្នែកកុំព្យូទ័រ និង Technology ឱ្យមានភាពងាយស្រួលសម្រាប់ប្រជាជនខ្មែរ។

Screenshot 2026 08 14 104514

មូលហេតុដែលជំរុញលោក គឺលោកមើលឃើញថា នៅក្នុងសង្គមយើង មានមនុស្សជាច្រើនចង់រៀន Technology ប៉ុន្តែជួបបញ្ហាដូចជា មិនដឹងថាត្រូវចាប់ផ្តើមពីណា មាតិកាភាសាខ្មែរមានកម្រិត និងមានតិចតួចបំផុត។ សម្រាប់លោក ឱកាសដ៏ធំរបស់កម្ពុជា គឺ យុវជន។ ប្រសិនបើយើងអាចផ្តល់ចំណេះដឹង Digital និង Technology ដែលមានគុណភាពដល់យុវជនបាន ពួកគេអាចបង្កើតអ្វីថ្មីៗ មិនត្រឹមតែសម្រាប់ខ្លួនឯងទេ ប៉ុន្តែសម្រាប់សង្គម និងប្រទេសជាតិផងដែរ។

ចំពោះការយល់ឃើញរបស់លោក ម៉េង ហាន់ ផ្ទាល់ប្រសិនបើឱ្យលោកជ្រើសរើសជំនាញសំខាន់ៗ ៥ សម្រាប់យុវជន លោកនឹងផ្តោតលើ៖

ទី១៖ Digital Literacy

យុវជនគួរយល់ពីការប្រើប្រាស់ Computer, Internet, Cloud, Email, Online Tools និង Digital Services ឱ្យបានត្រឹមត្រូវ។

ទី២៖ Problem Solving (Critical Thinking)

Technology ផ្លាស់ប្តូរលឿនណាស់។ ដូច្នេះ យើងមិនអាចរៀនតែ Tool មួយ ហើយឈប់រៀនបានទេ។ យើងត្រូវចេះវិភាគបញ្ហា និងស្វែងរកដំណោះស្រាយ។

ទី៣៖ Programming / Coding

មិនមែនយុវជនគ្រប់គ្នាត្រូវក្លាយជា Programmer ទេ ប៉ុន្តែការយល់ពី Coding នឹងជួយឱ្យយើងយល់ពីរបៀបដែល Technology ដំណើរការ និងអាចបង្កើត Solution ផ្ទាល់ខ្លួនបាន។

ទី៤៖ AI និងការប្រើប្រាស់ Digital Tools

AI កំពុងផ្លាស់ប្តូរការរៀន និងធ្វើការរបស់មនុស្ស។ យុវជនគួររៀនប្រើ AI ជា Tool ដើម្បីបង្កើន Productivity មិនមែនពឹងផ្អែកលើវាទាំងស្រុងទេ។

ទី៥៖ Communication & Self-Learning

បច្ចេកវិទ្យាផ្លាស់ប្តូររាល់ថ្ងៃ។ ដូច្នេះ ជំនាញដែលសំខាន់បំផុតមួយ គឺរៀនដោយខ្លួនឯង និងអាចធ្វើទំនាក់ទំនងតាមរយៈចំណេះដឹងរបស់ខ្លួនទៅកាន់អ្នកដទៃបាន។

តាមទស្សនៈ និងកាយល់ឃើញរបស់លោក ម៉េង ហាន់ ចំពោះ Digital Education នៅកម្ពុជាសព្វថ្ងៃ លោកមើលឃើញថា យើងកំពុងមានការរីកចម្រើន ហើយមានឱកាសធំៗជាច្រើន ប៉ុន្តែយើងនៅតែមានចន្លោះដែលត្រូវអភិវឌ្ឍបន្ថែម ដូចជា គុណភាពមាតិកាឌីជីថល ភាសាខ្មែរ Digital Skills របស់អ្នកសិក្សា និងការប្រើប្រាស់ Technology ឱ្យមានប្រសិទ្ធភាពក្នុងការរៀន។

Tecnologia Na Educação

សម្រាប់អ្នកដែលចង់ចាប់ផ្តើមបង្កើត Startup Digital Business នៅកម្ពុជាលោក ម៉េង ហាន់ បានលើកឡើងថា កុំចាប់ផ្តើមពីការចង់បង្កើត Startup ធំ  ត្រូវចាប់ផ្តើមពីបញ្ហាតូចមួយដែលមានមនុស្សពិតប្រាកដកំពុងជួបប្រទះ។ ដំបូង ត្រូវរៀនស្គាល់បញ្ហារបស់អ្នកប្រើប្រាស់។ ស្តាប់ពួកគេ ហើយសួរថា៖ តើពួកគេកំពុងជួបបញ្ហាអ្វី? តើបញ្ហានោះកើតឡើងញឹកញាប់ប៉ុណ្ណា? ហើយតើពួកគេចង់បានដំណោះស្រាយបែបណា? បន្ទាប់មក យើងអាចរៀន Technology ដែលចាំបាច់សម្រាប់ដោះស្រាយបញ្ហានោះ។

សម្រាប់ទីផ្សារកម្ពុជា លោកគិតថា ការយល់ពី Local Problem, Local User និង Local Culture មានសារៈសំខាន់ខ្លាំង។ ផលិតផលដែលល្អ មិនមែនផលិតផលដែលមាន Technology ស្មុគស្មាញបំផុតទេ ប៉ុន្តែជាផលិតផលដែលអាចដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់បានពិតប្រាកដ។

 នេះបើយោងតាមបទពិសោធន៍របស់លោក មានចំណុចមួយចំនួនដែល Founder គួរតែមាន។

  • ទី១ គឺ Vision យើងត្រូវដឹងថា យើងកំពុងបង្កើតអ្វី និងហេតុអ្វីបានជាយើងត្រូវបង្កើតវា។
  • ទី២ គឺការអត់ធ្មត់៖ Startup និង Digital Business មិនមែនជារឿងដែលជោគជ័យក្នុងរយៈពេលខ្លីទេ។ មានថ្ងៃជោគជ័យ ហើយក៏មានថ្ងៃបរាជ័យ។
  •  ទី៣ គឺការរៀនជាបន្តបន្ទាប់៖ Technology ដែលយើងប្រើថ្ងៃនេះ អាចនឹងផ្លាស់ប្តូរនៅថ្ងៃស្អែក ដូច្នេះត្រូវរៀនជានិច្ច។
  • ទី៤ គឺការយល់ពីអ្នកប្រើប្រាស់៖ កុំបង្កើតអ្វីដែលយើងគិតថាល្អតែម្នាក់ឯង។ ត្រូវស្តាប់ User និងយក Feedback របស់ពួកគេមកកែលម្អ។

លោកជឿថា Trust គឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតមួយរបស់ Digital Business

ចំពោះចក្ខុវិស័យអ្វីសម្រាប់ Rean Computer 101 និងគម្រោងរបស់លោកក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ លោកចង់ឱ្យមាតិការ Rean Computer 101 ក្លាយជាប្រភពចំណេះដឹងដ៏សំខាន់ និងវេបសាយ toolkh.rean.me ជា Digital Tools ដែលមានប្រយោជន៍កាន់តែច្រើន សម្រាប់អ្នកប្រើប្រាស់ខ្មែរ។ លោកចង់ពង្រីកពីការបង្កើតមាតិកា ទៅកាន់ Digital Learning និង Digital Tools ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការរៀន និងការងារ។ ជាពិសេស លោកចង់ផ្តោតលើការបង្កើតមាតិកាភាសាខ្មែរ ដែលមានគុណភាព និងងាយស្រួលយល់ ព្រមទាំងប្រើប្រាស់ Technology ថ្មីៗ ដូចជា AI និង Web Technology ដើម្បីបង្កើតបទពិសោធន៍រៀនដែលកាន់តែប្រសើរ។ ជារួម ទស្សនវិស័យរបស់លោក គឺមិនចង់ឱ្យ Rean Computer 101 គ្រាន់តែជា Channel មួយដែលបង្រៀន Computer នោះទេ។ លោកចង់ឱ្យវាក្លាយជាផ្នែកមួយដែលជួយជំរុញ Digital Skills របស់ប្រជាជនខ្មែរតែម្តង។

Tc Thumbnail

ជាចុងក្រោយ លោកម៉េង ហាន់ មានសារជូនទៅកាន់យុវជនកម្ពុជា ដែលចង់ចាប់ផ្តើមរៀន និងធ្វើការនៅក្នុងវិស័យ Technology គឺ កុំរង់ចាំរហូតដល់ខ្លួនឯង ត្រៀមខ្លួនរួចរាល់ ទើបចាប់ផ្តើម ត្រូវចាប់ផ្តើមរៀន និងធ្វើពីថ្ងៃនេះទៅ នៅក្នុងវិស័យ Technology គ្មាននរណាម្នាក់អាចចេះគ្រប់យ៉ាងបានទេ។ សូម្បីតែអ្នកដែលមានបទពិសោធន៍ច្រើន ក៏ត្រូវរៀនអ្វីថ្មីជារៀងរាល់ថ្ងៃដែរ។ កុំខ្លាចថា “ខ្ញុំមិនចេះ Coding” ឬ “ខ្ញុំមិនមាន Background ខាង Tech”។ ចាប់ផ្តើមពីអ្វីដែលអ្នកចូលចិត្ត រៀនពី YouTube រៀនពី Online Courses អាន Documentation សាកល្បងបង្កើត Project តូចៗ ហើយកុំខ្លាចការបរាជ័យ។

រៀន អនុវត្ត បរាជ័យ កែលម្អ ចាប់ផ្តើមម្តងទៀត

នេះគឺជាវដ្តដែលលោកគិតថា មានសារៈសំខាន់ខ្លាំងសម្រាប់អ្នកដែលចង់រីកចម្រើនក្នុងវិស័យ Tech ហើយអ្វីដែលសំខាន់ជាងគេ គឺ កុំរៀន Technology ដើម្បីតែរកការងារ រៀន Technology ដើម្បីអាចបង្កើតដំណោះស្រាយ។ លោកសូមលើកទឹកចិត្តឱ្យយុវជនកម្ពុជា កុំគ្រាន់តែជាអ្នកប្រើ Technology ប៉ុណ្ណោះ តែចូរក្លាយជាអ្នកបង្កើត Technology ផងដែរ។ បើយើងម្នាក់ៗចាប់ផ្តើមពីអ្វីតូចមួយ ហើយបន្តធ្វើវាដោយមានភាពអត់ធ្មត់ និងមានគោលបំណងច្បាស់លាស់ លោកជឿថា យើងអាចបង្កើតអ្វីដែលមានតម្លៃសម្រាប់ខ្លួនឯង សង្គម និងប្រទេសកម្ពុជា។

ជារួមមកវិញ ដំណើររបស់លោក ម៉េង ហាន់ បង្ហាញឱ្យឃើញថា ការចូលរួមក្នុងវិស័យ Technology មិនចាំបាច់ចាប់ផ្តើមពីគម្រោងធំ ឬធនធានដ៏ច្រើននោះទេ ប៉ុន្តែអាចចាប់ផ្តើមពីការមើលឃើញបញ្ហាមួយ ការរៀនសូត្រជាបន្តបន្ទាប់ និងការចង់យកចំណេះដឹងរបស់ខ្លួនទៅជួយអ្នកដទៃ។ ពីសិស្សម្នាក់មកពីខេត្តបាត់ដំបង ដែលបន្តការសិក្សាផ្នែកព័ត៌មានវិទ្យានៅទីក្រុងភ្នំពេញ បន្តទៅកាន់កម្មវិធី Exchange Program របស់ Erasmus នៅប្រទេសអាល្លឺម៉ង់ និងការសិក្សាថ្នាក់ Master នៅប្រទេស Romania លោកបានបន្តដំណើរមកកាន់ការងារបង្រៀន និងការបង្កើតមាតិកាឌីជីថល។ តាមរយៈ Rean Computer 101, Rean.me និង toolkh.rean.me លោកបានព្យាយាមបំលែងចំណេះដឹង Technology ឱ្យក្លាយជាចំណេះដឹងដែលងាយស្រួលយល់ និងអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់ខ្មែរ។

Coder at Work Stockcake

សម្រាប់លោក ម៉េង ហាន់ Technology មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់រកការងារ ឬបង្កើនផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់បង្កើតដំណោះស្រាយ។ ហើយការចង់ឃើញយុវជនកម្ពុជាពីអ្នកប្រើប្រាស់ Technology ទៅជាអ្នកបង្កើត Technology គឺជាគោលបំណងដ៏សំខាន់មួយដែលលោកកំពុងបន្តដំណើរឆ្ពោះទៅរក។

Start small. Keep learning. Keep building. And never stop improving.

ReanComputer101

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia