លែងភ័យរៀនគណិតវិទ្យាមិនចេះ! និស្សិតខ្មែរម្នាក់បង្កើត AI ជួយដោះស្រាយលំហាត់ និងរៀបចំផែនការរៀនដោយឥតគិតថ្លៃ
Khunna - ឃុនណា
AUGUST 18 2026
Tech Founder
230 views
6 mins read

ការអប់រំ និងការសិក្សានៅក្នុងយុគសម័យទំនើប បាននិងកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាង ជ្រៅ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ដែលបានប្រែក្លាយវិធីសាស្ត្របង្រៀន និងរៀនសូត្របែបបុរាណ ឲ្យទៅជាប្រព័ន្ធសិក្សាដែលមានភាពបត់បែន ទាន់សម័យ និងឥតដែនកំណត់ ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជា បណ្តាញអ៊ីនធឺណិត កុំព្យូទ័រ កម្មវិធីសិក្សាតាមអនឡាញ និងឧបករណ៍វៃឆ្លាតផ្សេងៗ មិនត្រឹមតែជួយបំបាត់របាំងភូមិសាស្ត្រ និងពេលវេលានោះទេ ប៉ុន្តែថែមទាំងបើកទ្វារយ៉ាងធំទូលាយឲ្យសិស្សានុសិស្ស និងអ្នកសិក្សាគ្រប់រូប អាចចូលទៅកាន់ប្រភពចំណេះដឹងដ៏សម្បូរបែបពីគ្រប់ទិសទីជុំវិញពិភពលោក ។ ការធ្វើសមាហរណកម្មឧបករណ៍ឌីជីថលចូលទៅក្នុងវិស័យអប់រំ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃការផ្លាស់ប្តូរចំណេះដឹង និងការកសាងបំណិនសតវត្សរ៍ទី២១ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលបច្ចុប្បន្ន និងអនាគត ។

69ebbe24 D606 4efa 9da7 1eb7d2f1ee06

ដូច្នេះនៅក្នុងអត្ថបទមួយនេះ Technology Cambodia (ចាបខៀវ) នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីបុគ្គលជំនាញមួយរូបដែលបានប្រឡូកក្នុងវិស័យឌីជីថល រួមទាំងបានបង្កើតនូវថ្នាលដ៏ល្អមួយសម្រាប់សិក្សានុសិ្សសអាចចូលរៀនមុខវិជ្ជាគណិតតាមវិធីសាស្រ្តទំនើបក្នុងសម័យអប់រំបែបបច្ចេកវិទ្យា​និងឌីជីថលផងដែរ ។

F0d88a72 Fb4b 43de B6c1 Ee457fe0d4c3

លោក ហង់ សុវណ្ណារិទ្ធ - Hong Sovannarith បច្ចុប្បន្នជា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ដែលកំពុងសិក្សានៅ University of Mumbai នៃប្រទេសឥណ្ឌា ។ ក្រៅពីការសិក្សា លោកគឺជាស្ថាបនិក និងជាអ្នកបង្កើតគម្រោង Math Vision, ជា Core Developer នៃ Scientia របស់ស្ថាប័នមួយនៅកម្ពុជា ព្រមទាំងជា Freelance Software Developer ទទួលធ្វើគម្រោងឱ្យក្រុមហ៊ុន និងអតិថិជនក្នុងនិងក្រៅស្រុក ។

 ចំពោះវេបសាយ Math Vision គឺជាកម្មវិធី ឬវេទិកាសិក្សាឌីជីថលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំនួយដល់ការដោះស្រាយលំហាត់ និងការរៀនមុខវិជ្ជានព្វន្ធ/គណិតវិទ្យា។

វេទិកានេះមានមុខងារសំខាន់ៗដូចជា៖

  • ដោះស្រាយលំហាត់៖ ដោះស្រាយសមីការ និងលំហាត់គណិតវិទ្យាផ្សេងៗ
  • MathVision AI (ជំនួយការ AI) ឆ្លើយសំណួរ និងជជែកពិភាក្សាផ្ទាល់ជាមួយ AI លើមេរៀនគណិតវិទ្យា
  • បណ្ណាល័យឌីជីថល៖ ស្វែងរកមេរៀន សង្ខេប និងឯកសារសិក្សា
  • ហ្វឹកហាត់លំហាត់៖ ហាត់ធ្វើសំណួរ និងវាស់ស្ទង់ចំណេះដឹងគណិតវិទ្យា
  • សាកល្បងប្រឡង៖ ធ្វើវិញ្ញាសាសាកល្បងដូចការប្រឡងជាក់ស្តែង
  • Smart Study Plan (ផែនការសិក្សា)៖ រៀបចំផែនការរៀនសូត្រតាមតម្រូវការ និងពង្រឹងចំណុចខ្វះខាត ។

Screenshot 2026 08 18 094333

ចំពោះបទពិសោធន៍ដែលលោក សុវណ្ណារិទ្ធ ធ្លាប់បានកសាងស្នាដៃកន្លងមកលើការអភិវឌ្ឍ Software និងស្រាវជ្រាវទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ រួមមាន៖

  • ស្ថាបនិក និងអ្នកបង្កើត Math Vision បានដឹកនាំការឌីហ្សាញ និងអភិវឌ្ឍន៍ Math Vision ពីដំណាក់កាលគំនិតដំបូង រហូតដល់ការដាក់ឱ្យដំណើរការជាផ្លូវការ​។
  • Core Developer នៃ Scientia ដើរតួនាទីជាក្រុមវិស្វករស្នូល Core Developer” នៃគម្រោង Scientia ក្នុងការបង្កើតប្រព័ន្ធមួយ នៅកម្ពុជា ។
  • International Freelance Experience មានបទពិសោធន៍ធ្វើការផ្ទាល់ជាមួយអតិថិជន និងក្រុមហ៊ុនអន្តរជាតិ ក្នុងការបង្កើត Software

 បើនិយាយពីប្រវត្តិនៃការបង្កើត Math Vision វិញ គម្រោងមួយនេះត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ នេះ ដោយឈរលើបេសកកម្មចម្បងក្នុងការយកបច្ចេកវិទ្យា AI ដើម្បីមកសម្រួលដល់ការគណនា និងការរៀនសូត្រផ្នែកគណិតវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមកម្មវិធីសិក្សានៅប្រទេសកម្ពុជា ។ ការបង្កើត Math Vision នេះ កើតចេញពីការមើលឃើញថា ឧបករណ៍ AI សម្រាប់ដោះស្រាយគណិតវិទ្យាភាគច្រើន គាំទ្រតែភាសាអង់គ្លេស ឬភាសាបរទេសផ្សេងទៀត ដែលធ្វើឱ្យសិស្សកម្ពុជាជួបប្រទះឧបសគ្គផ្នែកភាសា​។

 លោកបានបង្កើត Math Vision ឡើងក្នុងគោលបំណងលើកកម្ពស់វិស័យ STEM និងផ្តល់សមភាពក្នុងការទទួលបានបច្ចេកវិទ្យាអប់រំទំនើបៗ សម្រាប់សិស្សកម្ពុជាគ្រប់រូប ដោយមិនគិតថ្លៃ និងអាចប្រើប្រាស់ជាភាសាជាតិរបស់ខ្លួន ។

Img 1970

ផ្អែកលើបទពិសោធន៍ធ្វើការជាមួយអតិថិជនអន្តរជាតិ និងការបង្កើតប្រព័ន្ធធំៗ លោក សុវណ្ណារិទ្ធ បានណែនាំជំនាញគន្លឹះចំនួន ៥ ដែលយុវជនគួរផ្តោត៖

  • Full-Stack Software Engineering ការយល់ដឹងពីរបៀបបង្កើតប្រព័ន្ធ Software ទាំង Front-end និង Back-end
  • AI & Machine Learning Integration សមត្ថភាពក្នុងការ Training Model AI ទៅក្នុងកម្មវិធីជាក់ស្តែង ។
  • Cloud Architecture & DevOps ការគ្រប់គ្រង និងដំឡើង (Host) ប្រព័ន្ធទៅលើ Cloud
  • Data Engineering & Databases: ការគ្រប់គ្រង និងរៀបចំទិន្នន័យ (SQL និង NoSQL) ឱ្យមានសុវត្ថិភាព ។
  • Cybersecurity & Data Privacy ការពង្រឹងសុវត្ថិភាពព័ត៌មានវិទ្យា និងឯកជនភាពទិន្នន័យ ។

លោកបានបន្ថែមថា ប្រព័ន្ធអប់រំឌីជីថលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយការបង្កើនវិធីសាស្ត្ររៀនតាមរយៈការអនុវត្តគម្រោងពិត គឺជាកត្តាចាំបាច់បំផុត ។

Img 1973

រីឯសម្រាប់អ្នកដែលចង់កសាងអាជីពជា Coder Founder ក្នុងវិស័យ Tech លោកបានចែករំលែកនូវចំណុចយុទ្ធសាស្ត្រដូចជា៖

  • ពង្រឹងគ្រឹះឱ្យរឹងមាំ៖ ត្រូវស្វែងយល់ស៊ីជម្រៅទៅលើ Data Structures, Algorithms, និង System Architecture មួយចំនួន​ ។
  • ដោះស្រាយបញ្ហាពិត (Solve Real Problems) ផលិតផលដែលទទួលបានការគាំទ្រ គឺជាផលិតផលដែលដោះស្រាយ Pain Point ពិតប្រាកដរបស់អ្នកប្រើប្រាស់ ។
  • Product-Market Fit & Execution គំនិតល្អនៅលើក្រដាសមិនទាន់គ្រប់គ្រាន់ទេ ការធ្វើឱ្យចេញជាលទ្ធផល និងការកែប្រែទាន់ពេលវេលាទើបជាគន្លឹះនៃភាពជោគជ័យ ។

Img 1972

ចំពោះទិសដៅយុទ្ធសាស្ត្រ ៣ ទៅ ៥ ឆ្នាំខាងមុខរបស់លោក ហង់ សុវណ្ណារិទ្ធ រួមមាន៖

  • ស្រាវជ្រាវ និងបង្កើតផលិតផល SaaS Platforms ថ្មីៗ៖ បន្តបង្កើត និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ Software as a Service (SaaS) ថ្មីៗដែលផ្តោតលើការដោះស្រាយបញ្ហាជាក់ស្តែងក្នុងវិស័យអប់រំ (EdTech) និងការធ្វើឌីជីថលរូបនីយកម្មសម្រាប់អាជីវកម្ម (Business Automation)
  • ពង្រីក និងបង្កើនសមត្ថភាព Math Vision ទៅកាន់ទីផ្សារអន្តរជាតិ៖ Math Vision កំពុងវិវត្តខ្លួនពីកម្មវិធីដោះស្រាយលំហាត់ឆ្លាតវៃទៅជាប្រព័ន្ធអេកូឡូស៊ីអប់រំកម្រិតស្តង់ដារដែលគាំទ្រដោយបច្ចេកវិទ្យា AI និងបង្វិក (training) ស្របតាមប្រព័ន្ធសិក្សានៅប្រទេសកម្ពុជា ។
  • បេសកកម្ម និងចក្ខុវិស័យរួម៖ ប្រែក្លាយទូរស័ព្ទដៃគ្រប់គ្រឿងឱ្យទៅជាគ្រូបង្រៀនគណិតវិទ្យាកម្រិតពិភពលោក បំពាក់សមត្ថភាពដល់សិស្សានុសិស្សរាប់លាននាក់ តាមរយៈបច្ចេកវិទ្យា Visual AI ដ៏ច្បាស់លាស់ ភាសាចម្រុះ និងលទ្ធភាពទទួលបានចំណេះដឹងដោយសមស្របមួយ ។

ជាចុងក្រោយលោក ហង់ សុវណ្ណារិទ្ធ បានផ្តល់ជាសារលើកទឹកចិត្តទៅកាន់យុវជនជំនាន់ថ្មី ដែលមានបំណងប្រឡូកក្នុងវិស័យឌីជីថល៖

"សូមចាប់ផ្តើមធ្វើសកម្មភាពពីអ្វីដែលតូច ហើយធ្វើវាឱ្យពិតប្រាកដ។ នៅក្នុងពិភពបច្ចេកវិទ្យា ការសរសេរ Code មួយជួរ ឬការបង្កើត Feature មួយដែលដំណើរការបានពិតប្រាកដ មានតម្លៃជាងគំនិតរាប់រយដែលមិនបានអនុវត្ត។ កុំខ្លាចក្នុងការជួបការបរាជ័យ ព្រោះរាល់បញ្ហាបច្ចេកទេសទាំងអស់គឺជាស្ពានចម្លងអ្នកទៅកាន់កម្រិតសមត្ថភាពថ្មីមួយទៀត។"

Getty Images 1481095076

នៅបទសម្ភាសន៍នេះបានបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈយ៉ាងមុតមាំ និងចក្ខុវិស័យវែងឆ្ងាយរបស់លោក ហង់ សុវណ្ណារិទ្ធ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកជាមួយគម្រោង Math Vision មិនត្រឹមតែជាការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់យុវជនកម្ពុជាក្នុងការហ៊ានបង្កើតអ្វីថ្មីៗ និងអភិវឌ្ឍសមត្ថភាពខ្លួនឯងក្នុងយុគសម័យឌីជីថលនេះ ។

ជាការពិតណាស់ នៅក្នុងពិភពឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យាទាមទារនូវភាពក្លាហានក្នុងការធ្វើសកម្មភាពចេញពីចំណុចតូចៗ និងការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង ជាជាងគ្រាន់តែមានគំនិតនៅលើក្រដាស ។ រាល់បញ្ហាបច្ចេកទេស និងការបរាជ័យក្នុងដំណាក់កាលដំបូង មិនមែនជាឧបសគ្គរារាំងផ្លូវនោះទេ ប៉ុន្តែវាគឺជាបទពិសោធន៍ដ៏មានតម្លៃ និងជាស្ពានចម្លងសមត្ថភាពរបស់អ្នកឱ្យកាន់តែរឹងមាំជាងមុន ។ ដរាបណាអ្នករក្សាបាននូវស្មារតីចង់ដឹងចង់ឃើញ រៀនសូត្រអ្វីថ្មីៗឥតឈប់ឈរ និងហ៊ានបង្កើតផលស្នាដៃពិតប្រាកដ អ្នកពិតជាអាចបង្កើតឱកាស និងកសាងអាជីពដ៏ជោគជ័យមួយនៅក្នុងយុគសម័យឌីជីថលនេះបានយ៉ាងពិតប្រាកដ ។

"បើអ្នកមិនសាកល្បងទេ ធ្វើមេចនឹងដឹងថាសមត្ថភាពខ្លួនឯងខ្លាំងកម្រិតណា"

Go to the Math Vision website and self-study digitally with Math Vision.

 អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia