លែងឈឺក្បាលរឿង Design ក្រដាសវេចខ្ចប់! នេះជាវេបសាយ Design និងកម្ម៉ង់ ប្រអប់វេចខ្ចប់ បង្កើតដោយយុវជនខ្មែរ
ផែន ផាន់ណា
MAY 13 2026
នវានុវត្តន៍
47 views
2 mins read

ការចំណាយខ្ពស់និងស៊ីពេលយូរទៅលើការជួលអ្នករចនាក្រៅម៉ោង (Freelance Designer) ព្រមទាំងការលំបាកក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ដែលទទួលធ្វើការវេចខ្ចប់ (Packaging) ក្នុងបរិមាណតិច សុទ្ធសឹងតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម (SME) នៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ការងាកទៅរកការនាំចូលពីក្រៅប្រទេសដូចជាប្រទេសចិន ក៏ធ្វើឱ្យពួកគាត់ត្រូវប្រឈមមុខនឹងបញ្ហាឧបសគ្គផ្នែកភាសា និងការទំនាក់ទំនងផងដែរ។ តើមានដំណោះស្រាយណាដែលអាចជួយសម្រួលដល់ភាពលំបាកទាំងនេះបានដែរឬទេ?

07

តាមរយៈបទសម្ភាសន៍រវាងក្រុមការងារ Technology Cambodia ជាមួយលោកពេជ្រ វិសាល សហស្ថាបនិក និង នាយកប្រតិបត្តិ នៃ TheBoxes បានបង្ហាញឱ្យឃើញពីដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរវិស័យវេចខ្ចប់សម្រាប់អាជីវកម្មនៅកម្ពុជា។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ ផ្អែកតាមការស្ទង់មតិទៅលើម្ចាស់អាជីវកម្មចំនួន ២០នាក់ TheBoxes បានបង្កើតនូវ Design Tool មួយឡើងក្នុងគោលបំណងជួយម្ចាស់អាជីវកម្មកាត់បន្ថយការចំណាយ និងអាចរចនាការវេចខ្ចប់បានដោយខ្លួនឯងយ៉ាងងាយស្រួល។ ក្នុងនាមជាថ្នាល (Platform) មួយដែលតភ្ជាប់ម្ចាស់អាជីវកម្មទៅកាន់អ្នកផ្គត់ផ្គង់ក្នុងស្រុក TheBoxes មានចក្ខុវិស័យក្លាយជាអន្តរការីដ៏សំខាន់មួយ (One-stop platform) ដែលទទួលដោះស្រាយរាល់បញ្ហាខាងលើ ដោយចាប់ទទួលធ្វើការវេចខ្ចប់ក្នុងបរិមាណតិចចាប់ពី ១០០ ទៅ ៥០០ ដុំ។

Photo 2026 05 13 10 35 15

Photo 2026 05 10 13 54 18

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុននេះផ្តោតសំខាន់ទៅលើការវេចខ្ចប់ដែលគិតគូរដល់បរិស្ថាន (Eco-friendly packaging) ដោយប្រើប្រាស់ប្រអប់ក្រដាស ថង់ក្រដាស និងវត្ថុធាតុដើមធម្មជាតិផ្សេងៗ និងមិនប្រើប្រាស់ប្លាស្ទិកឡើយ។ ទន្ទឹមនឹងនេះ TheBoxes ក៏បានចូលរួមចំណែកជួយដល់សហគមន៍នៅខេត្តបាត់ដំបង ក្នុងការនាំយកផលិតផលរបស់ពួកគាត់ចូលទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយផងដែរ។

P1

ទោះជាយ៉ាងណាក៏ដោយ ការដើរតួជាអ្នកជំរុញការផ្លាស់ប្តូរផ្នែកឌីជីថល (Digital transformation) ក្នុងវិស័យបែបប្រពៃណីនេះ មិនមែនជារឿងងាយស្រួលឡើយ។ ស្ថាបនិក TheBoxes បានលើកឡើងពីបញ្ហាប្រឈមក្នុងការទាក់ទាញអ្នកផ្គត់ផ្គង់ក្នុងស្រុកឱ្យចូលរួមជាដៃគូ ដោយសារតែរោងចក្រភាគច្រើនមានសង្វាក់ផលិតកម្មពេញរួចទៅហើយ។ ម្យ៉ាងវិញទៀត អតិថិជនគោលដៅដែលជា SME មួយចំនួននៅមានកម្រិតផ្នែកចំណេះដឹងឌីជីថល និងមិនសូវចង់ចំណាយពេលរចនាដោយខ្លួនឯង ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវរៀបចំសិក្ខាសាលាដើម្បីអប់រំ និងណែនាំពីរបៀបប្រើប្រាស់ប្រព័ន្ធគេហទំព័ររបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា និន្នាការទីផ្សារកំពុងបង្ហាញសញ្ញាវិជ្ជមាន ដោយសារតែម្ចាស់អាជីវកម្មជំនាន់ថ្មីទាំង Gen Z និង Gen X កំពុងងាកមកធ្វើអាជីវកម្មប្រកបដោយភាពវិជ្ជាជីវៈ និងចាប់ផ្តើមប្រើប្រាស់ការវេចខ្ចប់បែបចីរភាពកាន់តែច្រើនឡើងៗ។

P2

សម្រាប់ផែនការអនាគត ទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានសន្ទុះខ្លាំងក៏ដោយ ក៏ TheBoxes សម្រេចចិត្តពន្យារពេលការវិនិយោគលើប្រព័ន្ធនេះសិន ដោយសារយល់ឃើញថាទីផ្សារកម្ពុជានៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរនេះនៅឡើយ។ គោលដៅចម្បងបច្ចុប្បន្នរបស់ក្រុមហ៊ុន គឺការបន្តស្វែងរកដៃគូសហការជាប្រភេទរោងចក្រឬរោងពុម្ពក្នុងស្រុកបន្ថែមទៀត ពង្រីកការផ្គត់ផ្គង់ទៅកាន់ផលិតផលផ្សេងៗដូចជាកែវនិងចានក្រដាស និងជាពិសេសគឺការខិតខំកាត់បន្ថយថ្លៃដើមនៃការវេចខ្ចប់ឱ្យបានកាន់តែទាបជាងមុន។

P5

ជារួមមក TheBoxes មិនត្រឹមតែជាអ្នកផ្តល់សេវាកម្មប៉ុណ្ណោះទេ តែជាដៃគូដ៏សំខាន់ក្នុងការជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្ម។ ជាចុងក្រោយ ស្ថាបនិក TheBoxes បានអំពាវនាវដល់ម្ចាស់រោងចក្រផលិតការវេចខ្ចប់ក្នុងស្រុកទាំងអស់ ឱ្យមកសហការជាមួយក្រុមហ៊ុន ដើម្បីពង្រីកទីផ្សារតាមរយៈយុទ្ធសាស្ត្រ Digital Marketing។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម SME ទាំងអស់ឱ្យចូលមកសាកល្បងប្រើប្រាស់សេវាកម្ម និងស្វែងយល់ពីជម្រើសនៃការវេចខ្ចប់របស់ TheBoxes ផងដែរ ដោយហេតុថាផលិតផលក្នុងស្រុក ឬផលិតផលពីប្រទេសវៀតណាមមួយចំនួន ពិតជាមានតម្លៃធូរថ្លៃជាងការនាំចូលពីប្រទេសចិនទៅទៀត។

P7

611780269 901106229105577 5876482234368368431 N

អត្ថបទដោយ៖ ផែន ផាន់ណា 
Tech content Writer Local

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia