ធនាគារជាតិ នៃកម្ពុជា (NBC) បានចេញសេចក្តីក្រើនរំលឹកជាផ្លូវការមួយ ជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម អ្នករចនាក្រាហ្វិក(Graphic Design) ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយកក្រដាសប្រាក់រៀលទៅកែច្នៃ លាបពណ៌ គូសវាស ឬកាត់បំផ្លាញ ដោយបានសង្កត់ធ្ងន់ថា ទង្វើទាំងនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់តម្លៃជាតិ និងប្រឈមនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់។
យោងតាមសេចក្តីក្រើនរំលឹកនេះ ធនាគារជាតិបានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានយកប្រាក់រៀលទៅធ្វើជាក្រាហ្វិក (Graphic) ឬកែច្នៃសម្រាប់គោលបំណងផ្សេងៗ។ ស្ថាប័នកំពូលនេះបានគូសបញ្ជាក់ថា រូបិយវត្ថុជាតិ គឺជាតំណាងឱ្យអត្តសញ្ញាណ វប្បធម៌ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពរបស់ជាតិ។ ហេតុនេះ ការកែច្នៃ ឬធ្វើឱ្យខូចខាតលើក្រដាសប្រាក់រៀល មិនត្រឹមតែមិនត្រឹមត្រូវនោះទេ ប៉ុន្តែជាការប្រមាថដល់ប្រទេស និងប្រជាជាតិកម្ពុជាទាំងមូល។
មាត្រា ៥៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិ នៃកម្ពុជា៖ ក្រដាសប្រាក់គឺជារបស់រដ្ឋ។ បុគ្គលដែលកាន់កាប់មានកាតព្វកិច្ចថែរក្សាឱ្យបានល្អ។ ការខូចខាតទ្រង់ទ្រាយ ឬបាត់លក្ខណៈដើមនៃក្រដាសប្រាក់ អាចធ្វើឱ្យក្រដាសប្រាក់នោះបាត់តម្លៃ និងត្រូវបានដកហូតចេញពីចរាចរណ៍។
មាត្រា ៦៤៖ បុគ្គលណាក៏ដោយ ដែលក្លែងបន្លំ ឬកែច្នៃរូបិយវត្ថុ មានតម្លៃជាស្ថាពរនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅលើដែនដីនៃប្រទេសដទៃទៀត នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ឆ្នាំ ដល់អស់មួយជីវិត។
ជាចុងក្រោយ ធនាគារជាតិ នៃកម្ពុជា បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យជ្រាបជាព័ត៌មាន និងចូលរួមបញ្ឈប់រាល់សកម្មភាពអវិជ្ជមានទាំងនេះ ដើម្បីរក្សាបាននូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់រូបិយវត្ថុជាតិកម្ពុជា៕

