វិស័យយានយន្ត និងបច្ចេកវិទ្យាឧស្សាហកម្មនៅកម្ពុជាបានឈានដល់ចំណុចរបត់ថ្មីដ៏សំខាន់មួយទៀតហើយ ដោយកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រផ្តុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឹរឹង (TH Automotive Manufacturing Co., Ltd.) និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រោងចក្រដ៏ធំនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនរបស់កូនខ្មែរ ១០០% ក្រោមទំហំទឹកប្រាក់ប្រមាណជិត ២០លានដុល្លារអាមេរិក។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីសរុប ១១ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច។ បច្ចុប្បន្ន រោងចក្រមានកម្លាំងពលកម្មជំនាញចំនួន ២៥០នាក់ ដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសផ្តុំ និងដំឡើងរថយន្តតាមស្តង់ដារអន្តរជាតិពីក្រុមហ៊ុន GAC ប្រទេសចិនផ្ទាល់ ហើយរោងចក្រនេះមានសមត្ថភាពអាចផ្តុំ និងដំឡើងរថយន្តបានរហូតដល់ ២០ ០០០គ្រឿងក្នុងមួយឆ្នាំ។

លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TH Group បានលើកឡើងចំពោះមុខគណៈអធិបតី និងអ្នកចូលរួមជាង ១២០០នាក់ អំពីមូលហេតុចម្បងដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសទឹកដីខេត្តកំពង់ឆ្នាំង៖ ទីមួយ ខេត្តកំពង់ឆ្នាំង គឺជាទីតាំងយុទ្ធសាស្ត្រចំណុចកណ្តាលនៃប្រទេស ដែលផ្តល់ភាពងាយស្រួលទាំងការនាំចូលគ្រឿងបង្គំ និងការចែកចាយរថយន្តដំឡើងរួចទៅកាន់បណ្តារាជធានី-ខេត្តទាំង២៥។ ទីពីរ ខេត្តនេះសម្បូរទៅដោយធនធានមនុស្សដែលមានជំនាញ និងកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់បម្រើការងារ។ ទីបី គឺទទួលបានការយកចិត្តទុកដាក់ ជួយសម្របសម្រួលយ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម សុខ សុវណ្ណរិទ្ធ ព្រមទាំងក្រសួង និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ រហូតគម្រោងសាងសង់លេចចេញជារូបរាងជាស្ថាពរ។

លោកស្រី Jiang Xiuyun អគ្គនាយករងក្រុមហ៊ុន GAC Group បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាជំហានយុទ្ធសាស្ត្រដ៏ធំក្នុងការវាយលុកទីផ្សារអន្តរជាតិរបស់ GAC និងជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន។ រោងចក្រនេះនឹងក្លាយជាគំរូស្តង់ដារនៃការផលិតក្រៅប្រទេសរបស់ GAC ក្នុងការនាំយកយានយន្តដែលមានសុវត្ថិភាព គុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងផាសុកភាពជូនដល់អតិថិជនកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿជាក់លើកម្ពុជា ព្រមទាំងបណ្តាក់ទុនបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន ៣.៣៥៧ រោងចក្រ ទូទាំងប្រទេស ក្រោមទុនវិនិយោគជាង ២៨ពាន់លានដុល្លារ។ វត្តមាននៃរោងចក្រដំឡើងរថយន្ត GAC នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជោគជ័យនៃការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មធម្មតា ទៅជាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ប្រើទុន និងជំនាញច្បាស់លាស់ ដែលជួយបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។





