ក្រុមហ៊ុន Tesla បានប្រកាសជាផ្លូវការថា ខ្លួននឹងដាក់បង្ហាញរថយន្តអគ្គិសនីស្ព័រជំនាន់ទី ២ របស់ខ្លួន (Tesla Roadster) នៅថ្ងៃទី ០១ ខែតុលា ខាងមុខនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម X ដោយមានបង្ហោះសារខ្លីថា “Go for launch” អមជាមួយរូបភាពដែលមានលេខ “10.01”។ រូបភាពនោះក៏បានបញ្ចេញការរចនាអំពីបច្ចេកវិទ្យាប្រើប្រាស់ប្រព័ន្ធរុញច្រានឧស្ម័នត្រជាក់ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk ផងដែរ ដោយគេរំពឹងថាជួយឱ្យរថយន្តនេះអាចហោះ ឬបង្កើនល្បឿនយ៉ាងរហ័ស។
គម្រោងរថយន្ត Roadster ជំនាន់ទី ២ នេះត្រូវបានប្រកាសដំបូងតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ មកម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនលើកច្រើនសា។ ការពន្យារពេលដ៏យូរនេះថែមទាំងបានបង្កើតឱ្យមានការជជែកដេញដោលគ្នាតាមបណ្តាញសង្គមរវាងលោក Elon Musk និងនាយកប្រតិបត្តិ OpenAI លោក Sam Altman កាលពីឆ្នាំមុន បន្ទាប់ពីលោក Altman បានរអ៊ូរទាំថាការរង់ចាំរយៈពេល ៧,៥ ឆ្នាំ គឺយូរពេកសម្រាប់ប្រាក់កក់រហូតដល់ ៥០.០០០ ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ លោក Musk បានអះអាងថាលោក Altman ទទួលបានប្រាក់កក់នោះវិញរួចរាល់ហើយ។


ចំពោះគំរូរថយន្តដែលធ្លាប់បង្ហាញក្នុងឆ្នាំ ២០១៧ ត្រូវគេបោះបង់ចោលទាំងស្រុង ដើម្បីជំនួសដោយការរចនាថ្មីស្រឡាងដែលមិនទាន់បើកបកស្រាយនៅឡើយ។ បន្ថែមពីនេះ លោក Elon Musk ក៏បានទទួលស្គាល់ផងដែរថា ទោះបីជាមានការដាក់បង្ហាញរូបរាងជាផ្លូវការនៅថ្ងៃទី ០១ ខែតុលានេះក៏ដោយ ក៏ដំណើរការផលិតរថយន្ត Roadster នេះនឹងមិនទាន់ចាប់ផ្តើមភ្លាមៗនោះទេ ដោយត្រូវរង់ចាំរយៈពេលចន្លោះពី ១២ ទៅ ១៨ ខែទៀត ទើបអាចចាប់ផ្តើមផលិតជាផ្លូវការ។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីការដាក់បង្ហាញរូបរាងជាផ្លូវការនៅថ្ងៃទី ០១ ខែតុលាខាងមុខនេះ អ្នកបញ្ជាទិញត្រូវរង់ចាំដំណើរការផលិតចន្លោះពី ១២ ទៅ ១៨ ខែបន្ថែមទៀត ទើបអាចទទួលបានរថយន្តជិះពិតប្រាកដ។
