ថ្មីៗ Tesla បានបង្កើតកម្មវិធី AI Day 2022 របស់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់មេដឹកនាំធំរបស់ Tesla គឺលោក Elon musk ព្រមទាំងបានបង្ហាញនូវរ៉ូប៉ូត Optimus Humanoid នៅក្នុងកម្មវិធីនោះផងដែរ។
ដូចដែល Tesla បានប្រកាសនូវគម្រោងផលិតរ៉ូប៉ូត ក្នុងកម្មវិធី AI Day កាលឆ្នាំ២០២១ ដោយបានលើកយកគម្រោងបង្កើតមនុស្សយន្តរ៉ូប៉ូត ដើម្បីជាជំនួយដល់ការងារមនុស្សដែលមានភាពធុញទ្រាំ នឹងការងារដដែលៗ Tesla ក៏បានសន្យាថានឹងបង្កើតរ៉ូប៉ូត optimus humanoid ក្នុងរឿងទាំងឡាយដែលមានគ្រោះថ្នាក់សម្រាប់មនុស្ស និងការងារដែលធុញ ពោលគឺការងារមានលក្ខណ:ដដែលៗ ។
ក្នុងកម្មវិធី AI Day នេះផងដែរ Tesla បានបង្ហាញនូវ Bumble C ដែលជាកំណែទម្រង់ដំបូងនៃ bot ហើយវាត្រូវបានបង្កើត ដោយប្រើឧបករណ៍ “semi off-the-shelves” ។ សកម្មភាពដែលរ៉ូប៉ូតនេះបញ្ចេញមក គ្រាន់តែក្រវៃខ្លួន កាយវិការបន្តិចបន្តួចតែប៉ុណ្ណោះ គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ ប៉ុន្តែ Bumble C គ្រាន់តែជាគំរូបង្ហាញដំបូង ពោលគឺវាមិនទាន់បានអភិវឌ្ឍន៍គម្រោងបញ្ចប់នៅឡើយទេ។
បើយោងតាមការចុះផ្សាយពី electrek.co បានឲ្យដឹងថា រ៉ូប៉ូតរបស់ Tesla នេះ ដំណើរការដោយស្វ័យប្រវត្តិដូចនឹង Autopilot របស់រថយន្តអគ្គិសនី Tesla ដែរ ហើយគេបានបំពាក់នូវកញ្ចប់ថ្មទំហំ 2.3Kwh ទៅលើរ៉ូប៉ូតនេះ ដោយគេបានអះអាង អាចដំណើរការ ១ ថ្ងៃពេញទៅលើការងារផ្សេងៗ ។
បើយោងតាមសម្តីដែលលោក Elon Musk បានលើកឡើងថា រ៉ូប៉ូតរបស់ Tesla នេះអាចនឹងចំណាយប្រាក់ ក្រោម ២០,០០០ដុល្លារ ក្នុងការបង្កើត ប៉ុន្តែសម្រាប់ការផលិតចេញជាផ្លូវការយ៉ាងណា គាត់មិនទាន់បានបញ្ជាក់ទេ តែលោក Elon musk នៅតែនិយាយដូចគ្នាកាលមុនដដែល គឺរ៉ូប៉ូតនេះអាចនឹងមកដល់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី