បត់ ១៨០ដឺក្រេ! Telegram ប្រកាសនឹងប្រគល់ទិន្នន័យអ្នកប្រើ រួមទាំងអាសយដ្ឋាន (IP) អ្នកប្រើ ទៅអាជ្ញាធរក្នុងករណីនេះ
Sakada Techie
SEPTEMBER 24 2024
អាជីវកម្ម 4.0
2.5 K views
1 min read

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ Bloomberg បានរាយការណ៍ថា កម្មវិធីផ្ញើសារ Telegram នឹងធ្វើការផ្លាស់ប្តូរគោលការណ៍របស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក Pavel Durov ជាអគ្គនាយកប្រតិបត្តិ Telegram បានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមបញ្ជូនព័ត៌មានអាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ ប្រសិនបើមានការស្នើសុំតាមផ្លូវច្បាប់។

Bloomberg បានកត់សម្គាល់ថា នេះគឺជាការប្តូរទិសដ៏សំខាន់សម្រាប់ Telegram ដែលពីមុនមកតែងតែបដិសេធមិនផ្តល់ព័ត៌មានអំពីអ្នកប្រើប្រាស់ដែលត្រូវបានសង្ស័យថាបានប្រព្រឹត្តបទល្មើស។ ជាទូទៅ ក្រុមហ៊ុនតែងតែមិនឆ្លើយតបទៅនឹងសំណើសុំលុបចោលព័ត៌មានឡើយ។

លោក Durov ក៏បានបញ្ជាក់ថា Telegram កំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបង្កើតក្រុមការងារពិសេសដើម្បីដកចេញនូវមាតិកាដែលមានបញ្ហាចេញពីមុខងារស្វែងរករបស់កម្មវិធី។ លោកបានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់រាយការណ៍ប្រសិនបើពួកគេជួបប្រទះខ្លឹមសារណាមួយដែលគ្មានសុវត្ថិភាពឬខុសច្បាប់ ដើម្បីឱ្យក្រុមហ៊ុនអាចពិនិត្យ និងលុបចោល។

ជាការកត់សម្គាល់ កាលពីខែសីហាឆ្នាំមុន លោក Durov ត្រូវបានចាប់ខ្លួននៅប្រទេសបារាំងដោយសារបទល្មើសជាច្រើនដែលបានកើតឡើងតាមរយៈ Telegram។ ទោះជាយ៉ាងណា លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសបារាំង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia