អបអរសាទរ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋានស្ដង់ដារ 4F និងជាអាកាសយានដ្ឋានធំជាងគេលំដាប់ទី ៩ ទូទាំងសកលលោក ដោយលាយបញ្ជូលនូវរចនាក្បាច់ខ្មែរយ៉ាងស្រស់ស្អាត ដែលបានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក។
យោងតាមការស្រាវជ្រាវ និងពីប្រភពផ្លូវការរបស់អង្គការ ICAO (អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ) បានប្រាប់ឲ្យដឹង អាកាសយានដ្ឋានស្ដង់ដារ 4F គឺសំដៅទៅដល់អាកាសយានដ្ឋានដែលមានស្ដង់ដារកំណត់ដោយ ICAO។ អត្ថន័យ 4F គឺ លេខ (4) សំដៅទៅលើប្រវែងផ្លូវរត់ (Runway Length) ផ្លូវរត់ត្រូវមានប្រវែងចាប់១,៨០០ម៉ែត្រ ឡើងទៅ ដើម្បីឲ្យសមស្របសម្រាប់យន្តហោះធំៗដូចជា ចាប់ពីខ្នាត Airbus A380 និង Boeing 747។ អក្សរ (F) សំដៅទៅលើទទឹងស្លាប និងចម្ងាយកង់ចម្បងនៃយន្តហោះ។ ទទឹងស្លាបយន្តហោះសម្រាប់ស្ដង់ដារ 4F គឺត្រូវនឹង ៦៥ម៉ែត្រ ដល់ ៨០ម៉ែត្រ និងចម្ងាយកង់ចម្បង ១៦ម៉ែត្រ។
ក្រៅពីចំណុចទាំងអស់នេះ អាកាសយានដ្ឋានអន្តរជាតិកម្រិតស្ដង់ដារ 4F គឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធល្អ រួមទាំងប្រព័ន្ធអគ្គិសនីគ្រប់គ្រាន់ សុវត្ថិភាព សេវាការពារ (Safety & Firefighting) ត្រូវមាន Rescue & Firefighting Category 10 (ICAO) ដែលមានកម្រិតខ្ពស់បំផុត។ ផ្លូវចូលបន្ទាន់ធំទូលាយសម្រាប់រថយន្តអគ្គិភ័យ ប្រព័ន្ធ Radar និង ATC ទំនើប និងអាចគ្រប់គ្រងយន្តហោះប្រភេទ Wake Turbulence – Super (ឧ. A380) ។
អាកាសយានដ្ឋានអន្ដរជាតិតេជោសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា វិនិយោគក្រោមទឹកប្រាក់ ១៥០០លានដុល្លារ ដោយក្រុមហ៊ុន OCIC របស់ អ្នកឧកញ៉ា ពង្ស ឃាវសែ ហើយសម្រាប់ក្រុមហ៊ុនដែលធ្វើការរចនា ការគូសប្លង់ដោយក្រុមហ៊ុន ស្ថាបត្យកម្មដ៏ល្បីរបស់ ចក្រភពអង់គ្លេស គឺ Forster + Partners ហើយសម្រាប់ព្រលានយន្តហោះថ្មីនេះផងដែរគឺនឹងត្រូវដាក់អោយដំណើរការនៅថ្ងៃ ទី ០៩ កញ្ញា ឆ្នាំ ២០២៥។
ម្យ៉ាងវិញទៀត ព្រលានយន្តហោះថ្មីនេះ អាចទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ប្រមាណជា ១៣ លាននាក់សម្រាប់ដំណាក់កាលដំបូង និងពង្រីកដល់ ៥០ លាននាក់សម្រាប់ឆ្នាំ ២០៥០ ។
គូសបញ្ជាក់ផងដែរថា សល់តែ១៩ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការហើយ! ជាមួយនឹងស្ថានីយចេញដំណើរដ៏ធំទូលាយ ដែលមានកន្លែងឆែកអ៊ីន (Check-in) និងប្រព័ន្ធដាក់វ៉ាលី ត្រូវបានរៀបចំរួចរាល់។ ការរចនាប្រព័ន្ធថ្មីៗទាំងនេះមានគោលបំណងផ្តល់បទពិសោធន៍ហោះហើរដល់លោកអ្នកដំណើរប្រកបដោយភាពងាយស្រួល និងរលូនផងដែរ។