Subaru Solterra ជាឡានអគ្គិសនី តែមួយគត់របស់ Subaru ដែលទើបតែចេញនូវស៊េរីឆ្នាំ២០២៣ នេះទេ ហើយវាត្រូវបាន អាប់ដេតពីឡានប្រភេទ Plug-in Hybrid វិវត្តន៍មកជាឡានអគ្គិសនី ១០០% ហើយអ្វីដែលពិសេសចំពោះឡានអគ្គិសនីនេះ គឺទំហំថ្មធំ 72.8khw ដោយសាកថ្មតែមួយកម្តងរត់បានចម្ងាយ 367Km ឯណោះ និងមានតម្លៃ ៤៤៩០ដុល្លារ លក់នៅសិង្ហបុរី នេះបើយោងតាមប្រភពពី CCARPRICE។
សម្រាប់ ឡានអគ្គិសនី Subaru Solterra ស៊េរីឆ្នាំ២០២៣ ខាង Subaru បានសហការជាមួយនឹង Toyota ធ្វើការរួមគ្នាក្នុងការបង្កើតនូវប្រព័ន្ធជើងក្រោម ដើម្បីបំពាក់ឲ្យប្រភេទឡាន SUV ខ្នាតតូចដូចជា Subara Solterra និង Toyota Bz4x ដែលមានកៅអី ២ជួរ។
យ៉ាងណាមិញ សម្រាប់ប្រភពកម្លាំងដែលមាននៅក្នុងឡានអគ្គិសនីនេះ ខាង Subaru បានសម្រេចចិត្តបំពាក់ឲ្យម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខ ១គ្រឿង និងផ្នែកខាងក្រោយ១ គ្រឿង ដោយមានកម្លាំងសរុប 215hp និងកម្លាំងរមួរ 337Nm ។ មួយវិញទៀត ឡាននេះត្រូវបានប្រើប្រាស់នូវ Drive Mode ចំនួន 4 រួមមាន Eco សន្សំសំចៃ , Normal បើកលើផ្លូវធម្មតាឬក្នុងក្រុង, Power ប្រើកម្លាំង នៅពេលចង់វាជែង និងចុងក្រោយជា X Mode ដែលជា Mode សម្រាប់បើកបរលើផ្លូវ off-Road ឬមានការជាប់ផុង។ល។ បញ្ជាក់បន្តិច X mode នេះ ក៏មានគ្រប់ម៉ូដែលឡានរបស់ Subaru ទាំងអស់ សូម្បីតែ Subaru Forester ស៊េរីឆ្នាំ២០២៣ ដែលដាក់នៅស្រុកខ្មែរក៏មាន Mode នេះដែរ ។
ចំណែកឯអាគុយរបស់ Soltarra ត្រូវបានប្រើជាប្រភេទ Liquid-Cooled Lithium icon ឬ លីចូម អ៊ីយ៉ុង ដូចទៅនឹងឡានអគ្គិសនី Toyota Bz4x ដែរ។ ហើយសម្រាប់រត់ចម្ងាយ solterra ត្រូវបានបំពាក់នូវថ្មទំហំ 72.8Kwh ដោយគ្រាន់តែមួយពេញអាចបើកបរបានចម្ងាយដល់ទៅ 367Km ឯណោះ ។
។ដោយឡែក រាល់ការសាកថ្មម្តង ដោយប្រើនូវឆ្នាំសាក AC កម្លាំង 6.6Kw សាកពេញចំណាយពេលដល់ទៅ ៩ម៉ោង ប៉ុន្តែបើប្រើនូវឆ្នាំសាកល្បឿនលឿន 100Kw DC Fast-charger អាចសាកឡើងដល់ 80% ចាយពេលតែ ៥៦នាទីតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះផងដែរ សម្រាប់ផ្នែកខាងក្នុងឡានអគ្គិសនី solterra ស្អាតទាក់ទាញខ្លាំងមែនទែនជាពិសេស ការឌីហ្សាញ អេក្រង់ LCD តុបតែងនៅខាងមុខចង្កូត គឺមើលទៅស្អាតប្លែកដូចយន្តហោះចម្បាំងអ៊ីចឹង ។ ហើយអេក្រង់នៅកណ្តាលនោះជាប្រភេទ Touchscreen ទំហំ 12.3 អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ផងដែរ។ ក្រៅពីនេះយើងឃើញថា Subaru នៅតែរក្សានូវប៊ូតុងជាច្រើននៅក្នុងឡានដដែល សម្រាប់បញ្ជាក់ម៉ាស៊ីនត្រជាក់ ឬមុខងារផ្សេងៗទៀត។
គួរជំរាបផងដែរ Surbaru Soltarra ស៊េរីឆ្នាំ២០២៣ ចេញមកនេះគឺមាន 3 Option គឺ Premium , Limited និង Touring ហើយសម្រាប់តម្លៃចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារឡើងទៅ ហើយឡានអគ្គិសនីនេះក៏ត្រូវបានផលិតចំនួនមានកំណត់ប្រមាណ 6500 គ្រឿងប៉ុណ្ណោះ ។
អត្ថបទដោយ៖ ព្រឹម ភក្តី