ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លាដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជា PillTech ដែលបានសាងប្រវត្តិសាស្ត្រថ្មី ដោយបានជាប់ជាធុរកិច្ចថ្មី (StartUp) ល្អបំផុតទាំង៣ (Top 3) នៅលើពិភពលោក សម្រាប់ការប្រកួតប្រជែងពានរង្វាន់ Entrepreneurs for Resilience Award ដែលរៀបចំឡើងដោយមូលនិធិ Swiss Re Foundation។ ការទទួលបានចំណាត់ថ្នាក់លេខ ៣ កម្រិតអន្តរជាតិនេះ បានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីធុរកិច្ចថ្មីសរុបចំនួន ៣០៧ ក្រុមជុំវិញពិភពលោក។ បន្ទាប់ពីចម្រាញ់សល់ ១៤ ក្រុម និងឈានដល់វគ្គ ៥ ក្រុមចុងក្រោយ PillTech ត្រូវបានអញ្ជើញឱ្យទៅធ្វើបទបង្ហាញផ្ទាល់នៅទីក្រុង Zurich ប្រទេសស្វីស រហូតដណ្តើមបានជ័យលាភី Top 3 នេះតែម្តង ដែលផ្តល់ឱ្យពួកគេនូវប្រាក់ឧបត្ថម្ភ ការគាំទ្រផ្នែកបច្ចេកទេស និងឱកាសពង្រីកបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនអន្តរជាតិ។
ភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីសក្ដានុពល ភាពរឹងមាំ និងសមត្ថភាពរបស់នវានុវត្តជនកម្ពុជា ក្នុងការបង្កើតដំណោះស្រាយសុខាភិបាលដែលអាចឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ គួររំលឹកផងដែរថា PillTech គឺជាធុរកិច្ចថ្មីដែលតែងទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយធ្លាប់បានឈ្នះពានរង្វាន់ធំៗដូចជា ជ័យលាភីលេខ១ ជាធុរកិច្ចថ្មីល្អបំផុតប្រចាំឆ្នាំ២០២១ ពីកម្មវិធី Cambodia ICT Awards ព្រមទាំងមេដាយមាសផ្នែកធុរកិច្ចថ្មីឆ្នាំ២០២១ ពី ASEAN ICT Awards និងធ្លាប់បានចូលរួមកម្មវិធីពន្លឿនអាជីវកម្មរបស់ Plug and Play ផងដែរ។

ងាកមកមើលពីសេវាកម្មវិញ PillTech គឺជាវេទិកាបញ្ជាទិញឱសថតាមប្រព័ន្ធឌីជីថលបែប B2B ឈានមុខគេនៅកម្ពុជា ដែលជួយប្រែក្លាយឱសថស្ថានប្រពៃណី ឱ្យទៅជាឱសថស្ថានទំនើបប្រកបដោយស្តង់ដារ។ សេវាកម្មគោលរបស់ពួកគេរួមមាន ប្រព័ន្ធបញ្ជាទិញឱសថ B2B (PillTech Ordering) ដែលជាកម្មវិធីទូរសព្ទ និងវេបសាយ អនុញ្ញាតឱ្យម្ចាស់ឱសថស្ថានអាចបញ្ជាទិញថ្នាំពេទ្យជាង ៣,០០០មុខ ដែលបានចុះបញ្ជីត្រឹមត្រូវពីក្រសួងសុខាភិបាលពីកន្លែងតែមួយ ដោយមានតម្លៃប្រកួតប្រជែង និងមានសេវាដឹកជញ្ជូនរហ័ស។ លើសពីនេះ PillTech ក៏មានប្រព័ន្ធគ្រប់គ្រងឱសថស្ថាន (PillTech POS) ដែលបង្កើតឡើងពិសេសសម្រាប់សង្វាក់ការងារឱសថស្ថានផ្ទាល់ ដើម្បីជួយគ្រប់គ្រងការលក់ តាមដានស្តុកថ្នាំ និងតាមដានកាលបរិច្ឆេទផុតកំណត់របស់ឱសថដើម្បីធានាសុវត្ថិភាពដល់អ្នកជំងឺ។

ក្រៅពីបច្ចេកវិទ្យាទាំងនេះ PillTech Academy ក៏មានផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់ឱសថការី ដើម្បីពង្រឹងចំណេះដឹងផ្នែកគ្លីនិក និងការគ្រប់គ្រងអាជីវកម្ម ដោយមានការទទួលស្គាល់ពីគណៈកម្មការឱសថការីកម្ពុជាផងដែរ។ តាមរយៈដំណោះស្រាយឌីជីថលដ៏មាននវានុវត្តន៍នេះ PillTech បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការផ្គត់ផ្គង់ឱសថប្រកបដោយគុណភាព កាត់បន្ថយហានិភ័យនៃឱសថក្លែងក្លាយ និងលើកកម្ពស់ស្តង់ដារសេវាថែទាំសុខភាពបឋមនៅទូទាំងប្រទេសកម្ពុជា។

