ថ្មីៗនេះ ធនាគារ ABA បានចេញសេចក្តីប្រកាសព្រមានដល់អតិថិជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចបោកប្រាស់ទម្រង់ថ្មី ដែលកំពុងវាយលុកយ៉ាងសកម្មនៅលើទូរស័ព្ទដៃ។ ជនខិលខូចបានប្រើប្រាស់បច្ចេកវិទ្យាបង្កើតសារលោតកាត់អេក្រង់ ឬ Notification ដែលមានរូបរាង ឡូហ្គោ និងអត្ថបទ មើលទៅដូចជាសារចេញពីធនាគារ ABA ពិតៗស្ទើរតែ ១០០ភាគរយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ងាយនឹងយល់ច្រឡំ និងធ្លាក់ក្នុងអន្ទាក់បាត់បង់ប្រាក់ដោយមិនដឹងខ្លួន។

សារបោកប្រាស់ទាំងនោះ ច្រើនតែលោតចេញមកតាមរយៈកម្មវិធីរុករកលើអ៊ីនធឺណិតដូចជាកម្មវិធី Chrome ជាដើម ដោយមានបង្ហាញចំនួនទឹកប្រាក់ចូល ឬសារបញ្ជាក់ផ្សេងៗក្នុងន័យប្រញាប់ប្រញាល់ ដើម្បីបំភ័យ ឬបញ្ឆោតឲ្យជនរងគ្រោះប្រញាប់ចុចមើលភ្លាមៗ។ នៅពេលដែលអ្នកភ័យស្លន់ស្លោ ហើយចុចវាយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ឬលេខសម្ងាត់ នោះគណនីរបស់អ្នកនឹងត្រូវពួកវាចូលគ្រប់គ្រង និងវេរលុយចេញបានដោយងាយ។ ទោះបីជាសារនោះមើលទៅគួរឲ្យជឿជាក់កម្រិតណាក៏ដោយ ធនាគារ ABA បានបញ្ជាក់យ៉ាងច្បាស់ថា ជនខិលខូចមិនអាចមានសមត្ថភាពបញ្ជូនសារទាំងនោះ ឲ្យលោតចូលទៅក្នុងកម្មវិធី ABA Mobile ផ្ទាល់របស់អ្នកបានឡើយ។
ដើម្បីការពារខ្លួនកុំឲ្យក្លាយជាចំណីរបស់ចោរ ប្រសិនបើមានសារលោតនៅលើអេក្រង់ទូរស័ព្ទ សូមកុំទាន់ប្រញាប់ចុច ឬធ្វើតាមការណែនាំណាមួយឲ្យសោះ ទោះបីជាមានឡូហ្គោ ABA ក៏ដោយ។ អ្នកត្រូវបើកកម្មវិធី ABA Mobile របស់អ្នក ហើយចូលមើលកន្លែង Notification ផ្ទាល់។ បើមិនមានសារនោះលោតនៅក្នុង App ទេ នោះបញ្ជាក់ថាវាគឺជាសារបោកប្រាស់។ ប្រសិនបើអ្នកសង្ស័យ ឬជួបប្រទះរឿងមិនប្រក្រតីណាមួយ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងទៅកាន់ធនាគារ ABA ភ្លាមៗ ឬរាយការណ៍ទៅកាន់មន្ត្រីប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈលេខទូរស័ព្ទ 023 726 822 ដែលប្រចាំការ ២៤ម៉ោងលើ៧ថ្ងៃ ឬគេហទំព័រ www.hotline.police.gov.kh។ សូមប្រុងស្មារតីជានិច្ច កុំចុច កុំបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងត្រូវសួរធនាគារជាមុនសិន។
