ភ្នំពេញ៖ យោងតាមសមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ស.ប.ទ.ក គ្រប់ប្រព័ន្ធសេវាទូរស័ព្ទចល័តទាំងអស់ Smart Cellcard និង Metfone នឹងលុបចោលនូវកញ្ចប់គម្រោងប្តូរទឹកប្រាក់ មកប្រើប្រាស់គម្រោងថ្មី ត្រឹមថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខនេះ។
សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា ស.ប.ទ.ក បានចេញនូវសេចក្តីជូនដំណឹងដល់អតិថិជនរបស់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ Smart , Cellcard និង Metfone ឲ្យបានឲ្យដឹង សម្រាប់កញ្ចប់គម្រោងថ្មី គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនបងប្អូនទាំងអស់ឲ្យស្មើភាពគ្នា ដោយមានការបែងចែកច្បាស់លាស់ចំពោះទំហំទិន្នន័យអ៊ីនធឺណែត ចំនួននាទីសម្រាប់ការហៅចេញ និង ចំនួនសារជាអក្សរក្នុងប្រព័ន្ធ។
គួរជំរាបផងដែរថា ប្រតិបត្តិរផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ នឹងបញ្ឈប់ការផ្តល់សេវាកម្មកញ្ចប់គម្រោងប្តូរប្រាក់ ត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដូច្នេះបងប្អូនដែលមិនបានភ្ជាប់គម្រោងថ្មីឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ នោះទេ នោះក្រុមហ៊ុនដែលលោកអ្នកបានប្រើសេវាទូរស័ព្ទនឹងធ្វើការផ្លាស់ប្តូរដោយស្វ័យប្រវត្តិភ្លាមតែម្តង៕
អត្ថបទដោយ៖ ព្រឹម ភក្តី