សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ ជ្រាបថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥ នាក់ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ដែលមានអត្ថប្រយោជន៍ និងលក្ខខណ្ឌដូចខាងក្រោម៖

១. អត្ថប្រយោជន៍នៃការសិក្សា
និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
- ការរ៉ាប់រងថ្លៃសិក្សា ១០០%
- ថ្លៃសំបុត្រយន្ដហោះទៅមក
- ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក
- ថ្លៃធានារ៉ាប់រងសុខភាព
- អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា និងអត្ថប្រយោជន៍ផ្សេងៗទៀត។

២. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរ
- ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជំនាញមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬសញ្ញាបត្រសមមូល
- ត្រូវមានចំណេះដឹងភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ
- ត្រូវមានព្រឹត្តិបត្រពិន្ទុថតចម្លង (Transcripts)
- ត្រូវមានជីវប្រវត្តិរូបសង្ខេប
- ត្រូវមានសុខភាពល្អ។
៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង
- បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ សូមបំពេញបែបបទពាក្យស្នើសុំតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមរយៈប្រព័ន្ធកុំព្យូទ័រដែលផ្តោតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និង ភាសាអង់គ្លេស
- បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសជាមួយនឹងគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល gs@cadt.edu.kh នៅរៀងរាល់ម៉ោងធ្វើការ។

អាហារូបករណ៍នេះត្រូវបានសហការផ្ទាល់ជាមួយ CADT ដែលជាស្ថាប័នរដ្ឋឈានមុខគេនៅកម្ពុជា។ គោលដៅចម្បងរបស់ CADT គឺការបណ្តុះបណ្តាលធនធានមនុស្សឆ្នើម ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យកាន់តែរីកចម្រើន។ ដូច្នេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់រៀន ឬទទួលបានការបណ្តុះបណ្តាលបែបស្តង់ដារបច្ចេកវិទ្យា សាលា CADT ជាជម្រើសល្អបំផុត និងមានច្រើនជំនាញសម្រាប់ជ្រើសរើសដូចជា៖ ការសរសេរកម្មវិធី និងអភិវឌ្ឍន៍ Software, វិទ្យាសាស្ត្រទិន្នន័យ, បញ្ញាសិប្បនិម្មិត, សុវត្ថិភាពសាយប័រ, វិស្វកម្មបណ្តាញ និងទូរគមនាគមន៍, ទីផ្សារឌីជីថល និងពាណិជ្ជកម្ម, សហគ្រិនភាពបច្ចេកវិទ្យា និងផ្សេងៗទៀតទាក់ទងនឹងបច្ចេកវិទ្យា ជាពិសេសនិស្សិតអាចមានឱកាសច្រើនក្នុងការបញ្ចេញស្នាដៃ និងសម្ថតភាពក្នុងការប្រកួតប្រជែងនានាទាំងក្នុងស្រុក ក្រៅស្រុកនិងឆាកអន្តរជាតិផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ 015 335 877 និងតាមដានគេហកទំព័រផ្លូវការរបស់ CADT។
