ក្រសួងអភិវឌ្ឍន៍ឌីជីថលរបស់ប្រទេសរុស្ស៊ី បានប្រកាសអំពីការចាប់ផ្ដើមរឹតបន្តឹង ប្រជាជនទាំងអស់ ចំពោះការហៅទូរស័ព្ទតាមរយៈបណ្ដាញសង្គមដ៏ល្បីល្បាញ២គឺ Telegram និង WhatsApp។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
ប្រភពដដែលបានឱ្យដឹងថា ការរឹតបន្ដឹងខាងលើនេះ ត្រូវបានគេប្រកាសឱ្យអនុវត្ត ក្រោមមូលហេតុថា វេទិកាសាធារណៈ ទាំង២ រួមមាន Telegram និង WhatsApp ត្រូវបានរដ្ឋាភិបាលរុស្ស៊ី ចោទប្រកាន់អំពីបទក្លែងបន្លំ និងអំពើភេរវកម្ម។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងអភិវឌ្ឍន៍ឌីជីថលរុស្ស៊ីបានប្រកាសបន្ថែមដែរថា វិធានការទប់ស្កាត់គឺធ្វើត្រឹមតែ រឹតបន្តឹងទៅលើការខលចេញចូលប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ ក្រុមហ៊ុន Telegram និង WhatsApp គោរពតាមច្បាប់របស់រុស្ស៊ីវិញ គេនឹងដកការរឹតបន្ដឹងចេញ។
បន្ថែមពីនោះ រដ្ឋាភិបាលរុស្ស៊ី បានអំពាវនាវឱ្យប្រជាជនងាកមកប្រើវេទិកាបណ្ដាញសង្គមក្នុងស្រុកវិញ ដើម្បីចៀសវាងបញ្ហាក្លែងបន្លំ។ ប៉ុន្តែនៅមានមតិជាច្រើនដែលបង្ហាញថាអ្នកប្រើប្រាស់មិនទាន់មានទំនុកចិត្តគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរ និងងាកមករកវេទិកាក្នុងស្រុក។
យ៉ាងណាមិញភ្នាក់ងារព័ត៌មាន Reuters នៅមិនទាន់ទទួលបានការឆ្លើយតប ពីភាគីខាង ក្រុមហ៊ុន Telegram និង WhatsApp នៅឡើយទេ ជុំវិញបញ្ហានៃការរឹតបន្តឹងការខលចេញចូលនោះ។ ប៉ុន្តែទោះជាយ៉ាងណា Telegram ធ្លាប់បានលើកឡើងដែរថា ខ្លួនកំពុងទប់ទល់ និងបោសសម្អាតជាប្រចាំ នូវការក្លែងបន្លំនៅលើវេទិការបស់ខ្លួន ព្រមទាំងត្រួតពិនិត្យផ្នែកសាធារណៈនៃវេទិកា ដើម្បីលុបសារព្យាបាទរាប់លានជារៀងរាល់ថ្ងៃ។
គួរជម្រាបផងដែរថា ភ្នាក់សារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់លើការរឹតបន្ដឹងនេះ ហើយគេបានសម្គាល់ឃើញថា នៅប្រទេសរុស្ស៊ី ការហៅទូរស័ព្ទចេញចូលតាមរយៈ Telegram លែងដំណើរការតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ចំណែកឯតាម WhatsApp គឺពិបាកក្នុងការទំនាក់ទងតាមរយៈខលជាសម្លេង ព្រោះវាមានសម្លេងរំខាន៕