សម្រាប់បងប្អូនមានបំណងចង់ធ្វើដំណើរលើល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលមិនដឹងទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក ឥឡូវនេះក្រសួងបានរៀបចំដាក់ទីទាំងនោះ ចូលក្នុង Google Map ដើម្បីឲ្យកាន់តែងាយស្រួលដល់បងប្អូនទាំងអស់ កុំឲ្យមានករណីជិះហួស អស់សាំងកណ្តាលផ្លូវ ឬចង់ទិញម្ហូបអាហារផ្សេងៗពិសារតាមផ្លូវជាដើម។
យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីឲ្យកាន់តែងាយស្រួលដល់ការធ្វើដំណើរតាមបណ្កោលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានឆាប់រហ័ស ក្រសួងបានដាក់ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក(Rest Areas ) ទាំង ៤កន្លែង តាមរយ:ផែនទីក្នុង Google Map ។
យ៉ាងណាមិញ សម្រាប់តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។ នេះជាតំណភ្ជាប់សម្រាប់មើលទីតាំងឈប់សម្រាក៖ https://maps.app.goo.gl/KiDSMfNUw3W8GwZB6?g_st=it
គួរជំរាបផងដែរថា សម្រាប់តំបន់ឈប់សម្រាកទាំង ៤ នោះគឺ មានអាហារដ្ឋាន ហ្គាសសាំង បន្ទប់ទឹក និងមានហាងលក់លក់នំ ភេសជ្ជ:ផ្សេងៗ ដូចទៅទៅនឹងម៉ាតនៅតាមហ្គាសសាំងយើងធម្មតាដែរ។
ដើម្បីធានាលើសុវត្ថិភាពនៃការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព គឺផ្តើមចេញពីយើងទាំងអស់គ្នាជាអ្នកកាន់ចង្កូតឡាន និងគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទដោយ៖ ព្រឹម ភក្តី