នៅលើទឹកដីកោះដ៏ធំល្វឹងល្វើយ ប្រទេសឥណ្ឌូណេស៊ី មានអាជីវកម្មទើបនឹងរះថ្មី ជាច្រើនកន្លែង ជាពិសេសគឺ របរដែលទាក់ទងនឹងវិស័យបច្ចេកវិទ្យា។ ថ្មីៗនេះ ក៏មានក្រុមហ៊ុនមួយឈ្មោះ Astro កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិន ខណៈក្រុមហ៊ុននេះ បានបង្កើតផ្លេតហ្វមលក់គ្រឿងទេស ប្រើរយៈពេលដឹកជញ្ជូនច្រើនបំផុត១៥នាទី ដល់ដៃភ្ញៀវ។
បើយោងតាមការចុះផ្សាយរបស់ Techcrunch បានឱ្យដឹងថា ក្រុមហ៊ុននេះកំពុងព្យាយាមអភិវឌ្ឍន៍ខ្លួន ដើម្បីបង្ហាញពីភាពងាយស្រួលនៃការបញ្ជាទិញគ្រឿងទេសតាមអនឡាញពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកដែលបញ្ជាទិញគ្រឿងទេស ពីផ្លេតហ្វម Astro ត្រូវរងចាំការដឹកជញ្ជូនត្រឹមតែ១៥ ក្នុងរង្វង់ចម្ងាយ ២ទៅ៣ គីឡូម៉ែត្រ គិតចាប់ពីហាងទៅកាន់អ្នកទិញ។
បច្ចុប្បន្ននេះក្រុមហ៊ុន Astro កំពុងធ្វើប្រតិបត្តិការប្រហែល៥០ទីតាំង ទូទាំងតំបន់ Greater Jakarta ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកស្រុករស់នៅប្រមាណ៣០លាននាក់។ ដើម្បីឱ្យការដឹកជញ្ជូន ប្រើរយៈពេលលឿន ក្រុមហ៊ុន Astro បានប្រើអ្នកដឹកជញ្ជូនប្រមាណ ១០០០ នាក់ និងកំពុងស្វែងរកបន្ថែម ២០០នាក់ទៀត ក្នុងតំបន់ខាងលើនេះ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ ក្រុមហ៊ុន Astro ត្រូវបានអ្នកវិនិយោគជាច្រើន ជាប់ស្នេហ៍ដកចិត្តពុំរួច រហូតហ៊ានបោះលុយ ៩០លានដុល្លារ ខណៈអាជីវកម្មមួយនេះបើកទើបបាន៩ខែប៉ុណ្ណោះ។ ចុះអ្នកវិញគិតថារបរនេះល្អដែរទេ ហើយបើមានលុយគិតថាចង់បើករបរបច្ចេកវិទ្យានេះទេ? ប្រាប់ Admin ម្នាក់មួយម៉ាត់ៗផងណា៕
អត្ថបទដោយ៖ ផែន ផាន់ណា