ក្រុមហ៊ុន Google ទើបតែប្រកាសដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មី "Ask Maps" ដែលគាំទ្រដោយបច្ចេកវិទ្យា Gemini AI ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសាកសួរសំណួរស្មុគស្មាញជាភាសានិយាយធម្មតា ដើម្បីស្វែងរកទីតាំងជាក់លាក់ ឬដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងរហ័ស ដូចជាការរកកន្លែងសាកថ្មទូរស័ព្ទដោយមិនបាច់រង់ចាំយូរ ឬការសួររកតារាងវាយតេន្នីសដែលមានភ្លើងបំភ្លឺនៅពេលយប់ជាដើម។

លើសពីនេះ មុខងារនេះក៏អាចជួយរៀបចំផែនការដើរកម្សាន្ត ដោយផ្ដល់ជាការណែនាំផ្លូវ រយៈពេលធ្វើដំណើរ និងគន្លឹះល្អៗពីអ្នកដែលធ្លាប់ទៅដល់ទីនោះផ្ទាល់ថែមទៀតផង។ ទន្ទឹមនឹងនេះ Google ក៏បានធ្វើបច្ចុប្បន្នភាពមុខងារ "Immersive Navigation" ឱ្យកាន់តែអស្ចារ្យតាមរយៈការបង្ហាញផ្លូវក្នុងទម្រង់ 3D ផ្ដល់ព័ត៌មានលម្អិតនៅលើដងផ្លូវ និងការណែនាំដោយសំឡេងបែបធម្មជាតិ ដែលធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងរស់រវើកជាងមុន។

បន្ថែមពីនេះ Google ក៏បានធ្វើបច្ចុប្បន្នភាពការណែនាំដោយសំឡេងឱ្យមានលក្ខណៈស្រដៀងមនុស្សនិយាយធម្មតាជាងមុន។ ជាឧទាហរណ៍ ប្រសិនបើអ្នកត្រូវចុះពីផ្លូវហាយវេនៅចំណុចចេញ (Exit) ពីរខាងមុខ អ្នកនឹងឮការណែនាំដូចជា៖ «សូមបើកហួសចំណុចចេញនេះ ហើយបត់ចូលចំណុចបន្ទាប់សម្រាប់ផ្លូវ Illinois 43 South»។

កាន់តែពិសេសទៀតនោះ Maps នឹងពន្យល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃផ្លូវជម្រើសផ្សេងៗ ដូចជា ផ្លូវដែលវែងជាងតែមិនសូវកកស្ទះ ឬផ្លូវដែលលឿនជាងតែត្រូវបង់ថ្លៃសេវាផ្លូវ (Toll) ជាដើម។ កម្មវិធីនេះក៏នឹងផ្ដល់ដំណឹងដល់អ្នកភ្លាមៗនូវរាល់ការរអាក់រអួលនៅលើដងផ្លូវដូចជា ការដ្ឋានសំណង់ ឬគ្រោះថ្នាក់ចរាចរណ៍ ដែលទិន្នន័យទាំងនេះត្រូវបានដកស្រង់ចេញពីសហគមន៍អ្នកប្រើប្រាស់ Google Maps និង Waze រួមបញ្ចូលគ្នា។
