នៅថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសបើកទទួលពាក្យស្នើសុំចូលរួមជាអវកាសយានិកជំនាន់ថ្មី ដើម្បីគាំទ្រដល់ការពង្រីកបេសកកម្មរុករកអវកាស និងកម្មវិធី Artemis ដែលមានគោលដៅនាំមនុស្សត្រឡប់ទៅកាន់ឋានព្រះចន្ទ បង្កើតមូលដ្ឋានស្នាក់នៅលើឋានព្រះចន្ទ និងត្រៀមសម្រាប់បេសកកម្មមនុស្សទៅកាន់ភពអង្គារនាពេលអនាគត។ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ NASA ដែលចេញផ្សាយ ការជ្រើសរើសនេះ គឺជាឱកាសសម្រាប់អ្នកមានសមត្ថភាពចូលរួមក្នុងដំណាក់កាលថ្មីនៃការរុករកអវកាសរបស់មនុស្សជាតិ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ក្លាយជាអវកាសយានិក NASA បានកំណត់លក្ខខណ្ឌសំខាន់ៗមួយចំនួន រួមមាន ត្រូវមានសញ្ជាតិអាមេរិក មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ឬគណិតវិទ្យា (STEM) ពីគ្រឹះស្ថានសិក្សាដែលទទួលស្គាល់ និងមានបទពិសោធន៍ការងារពាក់ព័ន្ធយ៉ាងតិច ៣ ឆ្នាំ បន្ទាប់ពីទទួលបានសញ្ញាបត្រដែលតម្រូវ។ បេក្ខជនក៏ត្រូវឆ្លងកាត់ការពិនិត្យសុខភាពសម្រាប់ការហោះហើរអវកាសរយៈពេលវែង និងមានសមត្ថភាពដឹកនាំ ធ្វើការជាក្រុម និងទំនាក់ទំនងបានល្អផងដែរ។ យោងតាមការប្រកាសជ្រើសរើសបុគ្គលិកផ្លូវការនៅលើគេហទំព័រ USAJOBS របស់រដ្ឋាភិបាលអាមេរិក ប្រាក់ខែសម្រាប់តំណែងអវកាសយានិកជំនាន់ថ្មីគឺក្នុងមួយខែ ប្រហែល $13,600 ឬ ក្នុងមួយឆ្នាំ $164,000 ។

NASA បានបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលប្រមាណ ២ ឆ្នាំ ដោយសិក្សាពីជំនាញចាំបាច់ដូចជា ការដើរក្នុងលំហអវកាស ការបញ្ជាមនុស្សយន្ត ការបើកបរយន្តហោះប្រតិកម្ម និងការបំពេញភារកិច្ចក្នុងបេសកកម្មអវកាស។ NASA រំពឹងថានឹងសម្រេចជ្រើសរើសអវកាសយានិកជំនាន់ថ្មីនេះនៅចុងឆ្នាំ២០២៧។ ទោះជាយ៉ាងណា ការជាប់ជ្រើសរើសជាអវកាសយានិកមិនមានន័យថានឹងបានហោះទៅឋានព្រះចន្ទភ្លាមៗនោះទេ ព្រោះពួកគេត្រូវបន្តហ្វឹកហាត់ និងរង់ចាំការចាត់តាំងទៅបេសកកម្មជាក់លាក់។

ចំពោះថ្ងៃផុតកំណត់នៃការដាក់ពាក្យ NASA បានកំណត់ត្រឹមម៉ោង ១១:៥៩ នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ តាមម៉ោងនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ការជ្រើសរើសលើកនេះទទួលយកតែពលរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះអ្នកដែលមិនមានសញ្ជាតិអាមេរិកមិនអាចដាក់ពាក្យបានទេ។ ការជ្រើសរើសនេះនឹងជួយពង្រឹងកម្លាំងអវកាសយានិករបស់ NASA ដើម្បីគាំទ្រដល់ផែនការរុករកឋានព្រះចន្ទ និងការធ្វើដំណើរទៅកាន់ភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យនាពេលអនាគត។
