បំពេញដោយសេរី! នាំឈ្មោះរបស់អ្នកហោះហើរក្នុងលំហចម្ងាយ ១,៥ លានគីឡូម៉ែត្រពីផែនដីជាមួយ NASA
Khunna - ឃុនណា
JUNE 15 2026
ឌីជីថល
149 views
2 mins read

ទីភ្នាក់ងារអវកាស NASA បានអញ្ជើញសាធារណជនទាំងអស់នៅទូទាំងពិភពលោក មកចូលរួមជាផ្នែកមួយនៃប្រវត្តិសាស្ត្រក្នុងការរុករកចក្រវាឡ តាមរយៈយុទ្ធនាការចុះឈ្មោះបញ្ជូនឈ្មោះ ទៅកាន់ទីអវកាសដ៏ជ្រៅ។ រាល់ឈ្មោះដែលបានចុះឈ្មោះទាំងអស់ នឹងត្រូវរក្សាទុកនៅក្នុងកាតមេម៉ូរី (SD Card) រួចដំឡើងភ្ជាប់ទៅជាមួយតេឡេស្កូបអវកាសជំនាន់ថ្មី Nancy Grace Roman Space Telescope។ ឧបករណ៍សង្កេតការណ៍លំដាប់កំពូលនេះ គ្រោងនឹងបាញ់បង្ហោះឡើងទៅកាន់ទីអវកាសដោយប្រើប្រាស់រ៉ុកកែត Falcon Heavy របស់ក្រុមហ៊ុន SpaceX ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center ក្នុងរដ្ឋភ្លូរីដា ដើម្បីឆ្ពោះទៅកាន់គន្លងតារាវិថីដែលមានចម្ងាយរហូតដល់ ១ លានម៉ាយល៍ ប្រហែល ១,៥ លានគីឡូម៉ែត្រ ពីភពផែនដី។

Send Your Name Roman Still

តេឡេស្កូបអវកាស Roman ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកទស្សនវិស័យរបស់មនុស្សជាតិក្នុងការពិនិត្យមើលចក្រវាឡឱ្យបានកាន់តែធំ និងស៊ីជម្រៅជាងមុន។ តេឡេស្កូបនេះបំពាក់ដោយបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដដ៏ទំនើប ដែលអាចថតរូបភាពបែប Panoramic មានទំហំធំជាងរូបភាពរបស់តេឡេស្កូប Hubble រហូតដល់ទៅ ១០០ ដង។ តាមរយៈសមត្ថភាពដ៏អស្ចារ្យនេះ វានឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយដល់ក្រុមអ្នកតារាវិទូ ក្នុងការស្វែងរកចម្លើយ និងបកស្រាយអាថ៌កំបាំងធំៗនៃចក្រវាឡ ពាក់ព័ន្ធទៅនឹងថាមពលងងឹត រូបធាតុងងឹត និងការស្វែងរកភពថ្មីៗនៅក្រៅប្រព័ន្ធព្រះអាទិត្យ។

ការដាក់ឈ្មោះតេឡេស្កូបនេះ គឺធ្វើឡើងដើម្បីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជូនដល់ លោកស្រីបណ្ឌិត Nancy Grace Roman (1925-2018) ដែលជាប្រធានអ្នកជំនាញខាងតារាសាស្ត្រដំបូងបង្អស់របស់ NASA និងត្រូវបានគេប្រសិទ្ធនាមថាជា មាតានៃតេឡេស្កូបអវកាស Hubble។ លោកស្រីគឺជាបុគ្គលគំរូដ៏ឆ្នើម ដែលបានតស៊ូមតិ និងដឹកនាំដោយមិនខ្លាចនឿយហត់ក្នុងការអភិវឌ្ឍតេឡេស្កូបអវកាស ដើម្បីឱ្យអ្នកវិទ្យាសាស្ត្រអាចសិក្សាពីចក្រវាឡពីលើបរិយាកាសដ៏ស្រអាប់របស់ផែនដី។ ភាពដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោកស្រី បានធ្វើឱ្យតេឡេស្កូប Hubble ក៏ដូចជាតេឡេស្កូបអវកាសជំនាន់ក្រោយៗទៀត អាចលេចចេញជារូបរាងពិតប្រាកដឡើង។

Send Your Name Dr Roman

ចំពោះទីតាំងបំពេញបេសកកម្ម តេឡេស្កូប Roman នឹងត្រូវទៅរស់នៅក្នុងគន្លងតារាវិថី Halo ត្រង់ចំណុច Sun-Earth Lagrange point 2 (L2) ដែលជាទីតាំងតែមួយជាមួយតេឡេស្កូបអវកាស James Webb ដែរ។ ទីតាំងនេះជាចំណុចពិសេសដែលកម្លាំងទំនាញរវាងព្រះអាទិត្យ និងផែនដីមានតុល្យភាព ដែលជួយឱ្យតេឡេស្កូបអាចរក្សាលំនឹងបានល្អដោយមិនសូវប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងផ្តល់នូវទស្សនវិស័យធំល្វឹងល្វើយដោយគ្មានការបាំងពន្លឺពីភពផែនដី។ ជាងនេះទៅទៀត ការស្ថិតនៅឆ្ងាយពីកម្តៅ និងពន្លឺរបស់ផែនដី គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាសីតុណ្ហភាពរបស់តេឡេស្កូបឱ្យនៅត្រជាក់ខ្លាំង ដែលជាកត្តាចាំបាច់សម្រាប់ដំណើរការរបស់ឧបករណ៍អ៊ីនហ្វ្រារ៉េដក្នុងការមើលធ្លុះចក្រវាឡ សាធារណជនអាចតាមដានបច្ចុប្បន្នភាពបន្ថែមនៅ nasa.gov/roman។ 

សម្រាប់អ្នកដែលចង់ចុះឈ្មោះអាចចូលតាមរយៈលីងមួយនេះ https://my.nasa.gov/specialevents/s/send-your-name-with-nancy-roman

Photo 2026 06 14 10 31 25

Photo 2026 06 15 09 41 16

Img 8368

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia