ថ្មីៗនេះ ក្រុមហ៊ុនចិន BYD Auto Industry ប្រចាំប្រទេសកម្ពុជា បានយល់ព្រមបណ្ដាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យយានយន្តអគ្គិសនី ដោយការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា។
បើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ និងក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading Co.,Ltd ដឹកនាំដោយ លោក Marco Mok នាយកប្រតិបត្តិ BYD Cambodia ជួបពិភាក្សាការងារដើម្បីរិះរកវិធានការ និងវិធីសាស្ត្រផ្សេងៗជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍នានាដូចមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ចេញរួមគ្នានូវ ផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤ស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។
លោក Henry Yip បានថ្លែងអំណរគុណទៅកាន់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនជួបពិភាក្សាការងារ និងធ្វើបទបង្ហាញពីសវតារបស់ក្រុមហ៊ុន។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ2022 ដល់ឆ្នាំ2023 (Green New Energy and Green Plan of 2022-2023)។
លើកឡើងក្នុងឱកាសនេះ ក្រុមហ៊ុនបានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។
លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។
ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត៕
អត្ថបទដោយ៖ ព្រឹម ភក្តី