សួនសត្វថៃប្រើកូនដំរីទឹក Moo Deng ទាញចំណាប់អារម្មណ៍មនុស្សរាប់លាននាក់លើពិភពលោក ផ្ទុះទីផ្សារ
Sakada Techie
OCTOBER 1 2024
អាជីវកម្ម 4.0
114 views
2 mins read

កូនដំរីទឹកតូចមួយក្បាលឈ្មោះ Moo Deng បានក្លាយជាសត្វល្បីលើអ៊ីនធឺណិត ដោយទាក់ទាញបេះដូងអ្នកតាមដានច្រើនជាង ២,៥ លាននាក់។

ឈ្មោះរបស់វាមានន័យថា "ជ្រូកលោត" ដែលពិពណ៌នា អំពីរូបកូនសត្វដំរីទឹកជាមួយរូបរាងម៉ាប់ៗគួរឱ្យស្រឡាញ់មួយនេះ ដែលបានក្លាយជាសត្វល្បីល្បាញយ៉ាងឆាប់រហ័សនៅប្រទេសថៃហើយសម្រាប់អ្នកធ្វើទីផ្សារករណី Moo Deng អាចជាមេរៀនមួយសម្រាប់ស្វែងយល់បន្ថែម ក្នុងការសហការធ្វើទីផ្សារឱ្យផ្ទុះ

ចាប់តាំងពីបានល្បីឈ្មោះមក Moo Deng បានធ្វើឱ្យចំនួនអ្នកទស្សនាផ្ទាល់នូវសួនសត្វ Khao Kheow កើនឡើងទ្វេដង។

ការកើនឡើងយ៉ាងរហ័សនេះបង្ហាញពីឥទ្ធិពលនៃការបង្កើតអត្តសញ្ញាណម៉ាកពិសេស ដោយបំលែង Moo Deng ទៅជានិមិត្តសញ្ញានៃភាពស្រស់ស្អាតនិងក្តីរីករាយ សួនសត្វបានប្រើប្រាស់ភាពទាក់ទាញរបស់វាដោយជោគជ័យដើម្បីបង្កើតឥទ្ធិពលទីផ្សារដ៏ខ្លាំង។

ភាពល្បីល្បាញរបស់ Moo Deng បានរីកសាយទៅលើសពីចំនួនអ្នកទស្សនា ហើយឥឡូវនេះគេមានខ្សែផលិតផលផ្ទាល់ខ្លួន និងផលិតផលផាត់មុខ Editionពិសេស ពីយីហោគ្រឿងសម្អាងកម្រិតពិភពលោក Sephora ដែលយកពណ៌កាត់តាម Moo Deng

កិច្ចសហការដ៏ឆ្លាតវៃពីសំណាក់ប្រេនលំដាប់ពិភពលោកនេះ ជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញថា ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពលដ៏ពេញនិយម (សូម្បីតែសត្វក៏ដោយ!) អាចបើកប្រភពចំណូលថ្មីៗ និងពង្រីកការផ្សព្វផ្សាយម៉ាក។

ដោយអនុញ្ញាតឱ្យអ្នកគាំទ្រ "លាប blush ដូចកូនដំរីទឹក" Sephora បានទាញយកទំនាក់ទំនងផ្លូវចិត្តដែលម៉ាក ឬ Brand របស់ Moo Deng បង្កើតឡើង ដែលបង្ហាញពីសារៈសំខាន់នៃការបង្កើតផលិតផលដែលឆ្លើយតបនឹងអារម្មណ៍របស់អតិថិជន។

ដំណើររបស់ Moo Deng ក៏បង្ហាញពីសារៈសំខាន់នៃការនិទានរឿង ឬ Storytelling ក្នុងការធ្វើទីផ្សារផងដែរ។ ដោយការចែករំលែកភាពគួរឱ្យស្រឡាញ់នៃជីវិតនិងបុគ្គលិកលក្ខណៈរីករាយរបស់វាតាមអ៊ីនធឺណិត សួនសត្វ Khao Kheow បានបង្កើតរឿងរ៉ាវមួយដែលធ្វើឱ្យអ្នកតាមដានចាប់អារម្មណ៍និងតាមដានមិនដាច់។

នេះមិនត្រឹមតែបង្កើតភាពស្មោះត្រង់ ឬកសាងហ្វេនស្មោះស្ម័គ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យអ្នកគាំទ្រក្លាយជាអ្នកតស៊ូមតិឱ្យម៉ាកយីហោ ដោយចែករំលែកមាតិកានិងផ្សព្វផ្សាយបន្តទៀតផង។

ជោគជ័យរបស់ Moo Deng ក្នុងនាមជាសត្វល្បីលើអ៊ីនធឺណិត គឺជាសក្ខីភាពបង្ហាញថា ការកសាងម៉ាកដ៏រឹងមាំ ភាពជាដៃគូយុទ្ធសាស្ត្រ និង សិល្បៈការនិទានរឿង អាចជំរុញការរីកចម្រើននិងការចូលរួម ដែលធ្វើឱ្យកូនដំរីទឹកតូចនេះមិនគ្រាន់តែជាសត្វគួរឱ្យទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាករណីសិក្សាដ៏មានឥទ្ធិពលមួយសម្រាប់ការធ្វើទីផ្សារផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia