ឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ប៉ុន្តែលើកលែងមនុស្ស ៤ក្រុមនេះ
SOKLY - កូនផ្កាឈូក
JULY 15 2025
ឌីជីថល
26.5 K views
1 min read

ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ នេះបើតាមការបញ្ជាក់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីអបអរខួបលើកទី៣២ទិវាកងរាជអាវុធហត្ថ។

គួរជម្រាបថា មាត្រា២នៃច្បាប់ស្ដីពីកាតព្វកិច្ចយោធាបានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ដល់ ៣០ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ប៉ុន្តែការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទគ្រប់រូប ត្រូវផ្អែកលើការស្ម័គ្រចិត្ត។ ចំណែកឯ ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិពីរ ហើយរស់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធា។

យ៉ាងណាមិញ បើយោងតាមមាត្រា៩ នៃច្បាប់ដដែល ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះ៖ 

-ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាយោធិនជាប់កិច្ចសន្យា

-អ្នកឯកទេសជំនាញ ដែលបានចុះសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬ អនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលស្មើនឹងស្ថានភាពកាតព្វកិច្ចយោធាចំនួន១៨ខែ

-ព្រះសង្ឃ បព្វជិត នៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការ និងកិច្ចការសាសនា

-ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមតម្រូវការដោយមានការត្រួតពិនិត្យជាក់ស្ដែងពីគណៈកម្មការសុខាភិបាកនៅនឹងកន្លែងចំពោះមុខសាធារណជនក្នុងមូលដ្ឋានដែលមានការជ្រើសរើស។

គួរជម្រាបផងដែរថា ការបំពេញកាតព្វកិច្ចយោធា មានកំណត់ពេល ១៨ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia