ជាធម្មតាយុវជនគឺជាវ័យមួយដែលពួកគេងាយឆាប់ចាប់បាននូវចំណេះដឹងទៅលើការសិក្សទាំងភាសាជាតិ និងអន្តរជាតិជាដើម ជាពិសេសយុវជនដែលពួកគេអាចស្វ័យសិក្សាបានដោយខ្លួនឯងតាមរយៈការស្រាវជ្រាវកម្មវិធីសិក្សាក្នុងសៀវភៅ និងលើប្រព័ន្ធអ៊ីនធឺណិត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន THE EXPRESS TRYBUNE បានបញ្ជាក់ថាយុវជន Mahmood Akram រៀនតែតាមប្រព័ន្ធអ៊ីនធឺណិតតែអាចនិយាយ និងសរសេរបានដល់ ៤០០ ភាសាជុំវិញពិភពលោក។ Mahmood Akram មានអាយុ ១៩ ឆ្នាំ ដែលជាជនជាតិឥណ្ឌា យុវជននេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពភាសាដ៏អស្ចារ្យរបស់គាត់ ខណៈពេលដែលយុវជនរូបនេះកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងពេលតែមួយ។ ទេពកោសល្យដ៏អស្ចារ្យរបស់ Mahmood បានលេចចេញជារូបរាង នៅពេលដែលគាត់រៀនអក្សរក្រមអង់គ្លេសក្នុងរយៈពេលត្រឹមតែ៦ថ្ងៃប៉ុណ្ណោះដោយមើលឃើញថា Mohmood អាចមានសម្ថតភាពខ្ពស់ក្នុងការចាប់យកនូវចំណេះដឹងភាសាអន្តរជាតិ។
ដំណើរនៃការសិក្សាស្វែងយល់ភាសារបស់យុវជនរូបនេះបានចាប់ផ្តើមតាំងពីនៅវ័យក្មេង ដែលស្ថិតក្រោមការណែនាំពីឪពុករបស់លោក ដែលជាអ្នកជំនាញផ្នែកភាសាវិទ្យា។ នៅអាយុ ៦ឆ្នាំ ទេពកោសល្យដ៏អស្ចារ្យរបស់យុវជនរូបនេះបានលេចចេញជារូបរាងដែលឆាប់ចាប់បាននៅពេលដែលរៀនអក្សរក្រមអង់គ្លេសក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ និងអក្សរសាស្រ្ត Tamil (ភាសាបុរាណ) ដែលមានតួអក្សរសរុប ២៩៩ គិតត្រឹមរយៈពេលបីសប្តាហ៍តែប៉ុណ្ណោះ។ ដោយមានការលើកទឹកចិត្តពីឪពុក Mohmood បានបន្តស្វែងយល់ភាសាទាំងនោះ និងមានសម្ថតភាពលើសគ្រូបង្ហាត់បង្រៀនរបស់គាត់ទៅទៀត។
នៅអាយុ ៨ឆ្នាំ Mohmood បានបំបែកកំណត់ត្រាក្នុងភាសាវិទ្យា ដោយបានបង្កើតកំណត់ត្រាពិភពលោកជាអ្នកវាយអក្សរពហុភាសាដែលមានវ័យក្មេងជាងគេ។ នៅអាយុ ១២ ឆ្នាំ គាត់បានធ្វើឱ្យអ្នកភាសាវិទ្យាអាល្លឺម៉ង់ចាប់អារម្មណ៍ ដោយបង្ហាញភាពស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយបាន ៤០០ ភាសា ដែលបានជាប់ជាកំណត់ត្រាពិភពលោកថ្មីមួយទៀត។ Mohmood បានបន្តការសិក្សាលើអ៊ីនធឺណិតតាមរយៈស្ថាប័នអ៊ីស្រាអែល ដោយផ្តោតលើភាសាអារ៉ាប់ ភាសាអេស្ប៉ាញ ភាសាបារាំង និងភាសាហេប្រ៊ូ។ នៅឆ្នាំ ២០២៤ Mohmood បានធ្វើសិក្ខាសាលាភាសានៅប្រទេសមីយ៉ាន់ម៉ា កម្ពុជា ថៃ និងឥណ្ឌូនេស៊ី ដោយចែករំលែកជំនាញរបស់គាត់ជាមួយសិស្សទូទាំងពិភពលោកផងដែរ។
ថ្មីៗនេះនៅអាយុ ១៩ ឆ្នាំ Mohmood បានចុះឈ្មោះក្នុងកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាច្រើន
និងពេលបច្ចុប្បន្នគាត់កំពុងបន្តថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសិល្ប៍អង់គ្លេស និងបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកចលនា នៅសាកលវិទ្យាល័យ Alagappa ទីក្រុង Chennai ខណៈពេលដែលកំពុងសិក្សាភាសាវិទ្យានៅសាកលវិទ្យាល័យ Open University របស់ចក្រភពអង់គ្លេសផងដែរ។ យុវជនរូបនេះនៅតែបន្តប្តេជ្ញាចិត្តក្នុងការកែលម្អភាពស្ទាត់ជំនាញរបស់គាត់នៅក្នុងភាសាទាំងអស់ដែលអាចនិយាយ និងសរសេរបាន។
Mohmood បន្តបំផុសគំនិតដល់អ្នកភាសាវិទ្យា អ្នកអប់រំ និងសិស្សទូទាំងពិភពលោក ដោយបង្ហាញពីការលះបង់ និងចំណង់ចំណូលចិត្តអាចជំនះឧបសគ្គក្នុងការស្វ័យសិក្សា និងការរៀនសូត្រក្នុងស្ថាប័នអប់រំផងដែរ។ នេះជារឿងដែលគួរឲ្យកោតសរសើរដែលយុវជនមួយរូបនេះតស៊ូរៀនដោយមិនព្រមចុះចាញ់ និងស្វះស្វែងរិះរកគំនិតក្នុងការអភិវឌ្ឍខ្លួនឲ្យមានសម្ថតភាពខុសប្លែកពីគេដែលមនុស្សជាច្រើនមិនអាចប្រៀបបាន។
អត្ថបទដោយ៖ ងួន ឃុនណា