លេចធ្លាយតម្លៃមកហើយ ជាមួយនឹង Lexus LX600 Ultra Luxury ស៊េរីឆ្នាំ២០២២ ដោយបានដំណឹងមកថាតម្លៃខ្ទង់ ១២ម៉ឺនដុល្លារ ។មិនតែប៉ុណ្ណោះ ក៏បានផ្លាស់ប្តូរគ្រឿងម៉ាស៊ីនទាំងស្រុង ជួយដល់កម្រិតសន្សំសំចៃបានច្រើនជាងមុនឆ្ងាយណាស់ ។
បើយោងតាមគេហទំព័រ Motor1.com បានឲ្យដឹងថា Lexus LX600 Ultra Luxury មិនមានកៅអី៧ ដូចនឹង LX570 ឡើយប៉ុន្តែវាមានកៅអី ៤ ធំទូលាយអាចរាប់ចូលជាប្រភេទរថយន្ត Full-size SUV បានដដែល ។ ម្យ៉ាងវិញទៀត ថ្វីត្បិតតែ LX600 មានម៉ាស៊ីន ៣.៥លីត្រ Twin-Turbocharged ៦ស៊ីឡាំងតែវាអាចផលិតកម្លាំងបានដល់ ៤០៩សេះ ធំជាង LX570 ដែលមានម៉ាស៊ីន ៥.៧លីត្រ ៨ស៊ីឡាំងទៅទៀត ។
រថយន្ត LX600 Ultra Luxury ប្រើនូវប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ ហើយអ្វីកាន់តែពិសេសនោះ គឺជាអេក្រង់ Touchscreen ភ្លោះលើ-ក្រោម ដោយផ្នែកខាងលើជាអេក្រង់កម្សាន្តទំហំ ១២.៣អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយឥតខ្សែ និងផ្នែកខាងក្រោមជាអេក្រង់ទំហំ ៧អ៊ីញ ពន្លឺខ្សោយស្រទន់ ដើម្បីសម្រួលដល់ការបញ្ជារាល់បច្ចេកវិទ្យា និងប្រព័ន្ធសុវត្តិភាពនៅក្នុងរថយន្ត។
ដោយឡែកចំពោះកម្រិតស្ទុះ LX600 មានសមត្ថភាពអាចឲ្យអ្នកជាន់ល្បឿនកប់ពី ០ទៅ១០០គីឡូម៉ែត្រក្នុង១ម៉ោង ចំណាយពេល ៦.៩វិនាទីតែប៉ុណ្ណោះ ។ មួយវិញទៀតសម្រាប់កម្រិតស៊ីសាំង ការបើកបរលើផ្លូវ ទីក្រុង/ផ្លូវទូលាយ/ទាំងពីរ អាចស៊ីសាំងប្រមាណ ៨.៣គីឡូម៉ែត្រក្នុង ១លីត្រ។
គូសបញ្ជាក់ផងដែរថា សម្រាប់ Lexus LX600 Ultra Luxury មានតម្លៃក្រៅស្រុកចំនួន ១២៧៩៤០ដុល្លារ ប៉ុន្តែសម្រាប់តម្លៃនៅក្នុងស្រុកខ្មែរមិនទាន់មាននៅឡើងទេ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី