នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីព្រមាន និងក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទម្រង់ឆបោកថ្មីតាមប្រព័ន្ធបច្ចេកវិទ្យា ដោយជនខិលខូចបានបន្លំខ្លួនជាបុគ្គលិកធនាគារ ធ្វើការទាក់ទងទៅកាន់ពលរដ្ឋក្នុងគោលបំណងឆបោកយកប្រាក់។
តើជនឆបោកទាំងនោះ ធ្វើសកម្មភាពដោយរបៀបណា?
១. ការហៅទូរស័ព្ទបន្លំខ្លួន៖ ជនល្មើសនឹងទូរស័ព្ទទៅកាន់ជនរងគ្រោះ ដោយអះអាងយ៉ាងក្លែងបន្លំថា ពួកគេគឺជាបុគ្គលិកបម្រើការនៅធនាគារ។
២. ប្រឌិតសាច់រឿងគណនីមានបញ្ហា៖ ជនឆបោកបានប្រាប់ទៅជនរងគ្រោះថា គណនីធនាគាររបស់ពួកគេកំពុង "ខូច" ឬមានបញ្ហា ហើយតម្រូវឱ្យវេរលុយចេញជាបណ្តោះអាសន្នសិន ដើម្បីឱ្យខាងធនាគារអាចធ្វើការជួសជុលប្រព័ន្ធគណនីនោះបាន។ ពួកគេថែមទាំងសន្យាថា នឹងវេរប្រាក់នោះត្រឡប់មកវិញនៅថ្ងៃដដែល។
៣. ទាញចូល Telegram និងផ្ញើ QR Code៖ ដើម្បីងាយស្រួលក្នុងការជជែកបញ្ចុះបញ្ចូល ពួកគេតម្រូវឱ្យជនរងគ្រោះភ្ជាប់ទំនាក់ទំនងតាមរយៈតេលេក្រាម (Telegram) រួចផ្ញើជា QR Code ឱ្យជនរងគ្រោះស្កេនវេរលុយចូលគណនីរបស់ពួកគេតែម្ដង។
៤. ទារបន្ថែម និងកាត់ផ្តាច់ទំនាក់ទំនង៖ ក្រោយពីជនរងគ្រោះរងការចាញ់បោកវេរលុយលើកទី១រួច ពួកគេនឹងបន្តលួងលោមឱ្យវេរប្រាក់បន្ថែមទៀត ហើយជាលទ្ធផល គឺពុំមានការផ្ទេរប្រាក់ត្រឡប់មកវិញដូចការសន្យាឡើយ។
ចំណុចសំខាន់ៗដែលលោកអ្នកត្រូវចងចាំជានិច្ច ដើម្បីការពារខ្លួន៖
❌ ធនាគារពិតប្រាកដ មិនដែល ទាក់ទងអតិថិជនតាមរយៈ Telegram ឬប្រើលេខទូរស័ព្ទផ្ទាល់ខ្លួន ដើម្បីទាមទារឱ្យវេរលុយនោះទេ។
❌ ធនាគារ មិនដែល បង្កើត QR Code រួចផ្ញើឱ្យអតិថិជនតាមសារឆាត ដើម្បីទទួលប្រាក់ឡើយ។
❌ សូមកុំជឿដាច់ខាតនូវពាក្យលួងលោមថា "ដកប្រាក់ចេញសិន និងដាក់ចូលវិញ"។
❌ ជនអនាមិក មិនមានសិទ្ធិ ឬលទ្ធភាពចូលទៅជួសជុលគណនីធនាគាររបស់លោកអ្នកបានឡើយ។
✅ ដាច់ខាត កុំផ្តល់ព័ត៌មានសម្ងាត់ ដូចជា លេខកូដ OTP, PIN ឬលេខសម្ងាត់គណនីធនាគារទៅកាន់នរណាម្នាក់ឱ្យសោះ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

មុននឹងសម្រេចចិត្តធ្វើការផ្ទេរប្រាក់ទៅកាន់គណនីណាមួយ សូមបងប្អូនសាធារណជនមេត្តាពិនិត្យ និងពិចារណាឱ្យបានហ្មត់ចត់បំផុត។ ប្រសិនបើមានការសង្ស័យ ឬបារម្ភថាគណនីធនាគាររបស់លោកអ្នកពិតជាមានបញ្ហាមែននោះ សូមទាក់ទងទៅកាន់លេខទូរស័ព្ទបម្រើសេវាអតិថិជនផ្លូវការរបស់ធនាគារ ឬអញ្ជើញទៅកាន់សាខាធនាគារផ្ទាល់តែម្តង ដើម្បីដោះស្រាយបញ្ហា។ ការធ្វើបែបនេះ គឺដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិដោយប្រការណាមួយ និងធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុរបស់លោកអ្នក៕
