ក្រៅពីធ្លាប់ជាកីឡាករបាល់ទាត់ឆ្នើម និងជាគ្រូបង្វឹកដ៏ជំនាញ ដែលស្ម័គ្រចិត្តចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន និងអាចឈានទៅដល់ការទទួលស្គាល់ជាអន្តរជាតិ លោក Keisuke Honda ក៏ជាអ្នកជំនួញមួយរូបដែលចូលចិត្តចំណាយលុយលើការវិនិយោគបង្កើនទ្រព្យផងដែរ។
ជាក់ស្ដែងអតីតកីឡាកររូបនេះ មានការងារធំៗចំនួន៤ រួមទាំងស្ថាបនិក និងCEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ។ បន្ថែមពីនោះ លោកបានវិនិយោគទឹកប្រាក់រាប់លានដុល្លារចូលទៅក្នុងក្រុមហ៊ុនជាច្រើនទៀតដូចជា៖ maliPay, Astar Network, Anyplace, Reiwa Travel, WARPSPACE, Attractive.ai, Manabie, Public.com, Alchemy, Sandbox VR ។
បន្ថែមពីនោះ លោក ហុងដា ក៏ជាស្ថាបនិកមូលនិធិវិនិយោគ KSK Angel Fund និងបង្កើតគម្រោងវិនិយោគឈ្មោះ Dreamers Fund កាលពីឆ្នាំ២០១៨ ដែលចាប់ដៃជាមួយកំពូលតារាសម្ដែងដ៏ល្បីរបស់អាមេរិក Will Smith ដោយត្រឹមរយៈពេល២ឆ្នាំសោះ បានវិនិយោគលើអាជីវកម្មបង្កើតថ្មី ១៨០អាជីវកម្មក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ។
ក្នុងឆ្នាំនោះដដែល លោកក៏បានបើកដំណើរការ PROTOCOL ដែលជាវេទិកាសកលថ្មីដែលជួយដល់អ្នកចាប់ផ្តើមអាជីវកម្មបង្កើតថ្មី តភ្ជាប់គ្នាជាមួយនឹងវិនិយោគិន, VCs, បុគ្គលមានឥទ្ធិពលឱ្យសហការរកស៊ីជាមួយគ្នា ដោយតភ្ជាប់ពីប្រទេសជប៉ុន អាស៊ី និងជុំវិញពិភពលោក។
សេដ្ឋីបាល់ទាត់រូបនេះ មានចំណាប់អារម្មណ៍ខ្លាំងចំពោះការវិនិយោគជាមួយនឹងអាជីវកម្មបង្កើតថ្មីនៅជុំវិញពិភពលោក ព្រោះលោកចង់ជួយឱ្យសហគ្រិនវ័យក្មេងទាំងនោះអាចសម្រេចក្ដីស្រមៃរបស់ពួកគេ ហើយគាត់អាចចូលរួមបង្កើតនូវជំនួញដែលមានឥទ្ធិពលវិជ្ជមាន ជួយឱ្យពិភពលោកកាន់តែប្រសើរឡើងជាងមុន សម្រាប់អ្នកជំនាន់ក្រោយ។
ថ្វីត្បិតតែមិនទាន់មានប្រភពធំៗ ទម្លាយឱ្យដឹងអំពីតម្លៃទ្រព្យរបស់លោកជាក់លាក់ដូចមហាសេដ្ឋីភាគច្រើនលើលោកក៏ពិតមែន ប៉ុន្តែតាមរយៈកាវិនិយោគលើអាជីវកម្មរាប់រយ និងការងារធំៗជាច្រើនមុខ ត្រូវបានគេប៉ាន់ស្មានថាទ្រព្យសម្បត្តិសរុបរបស់លោកមិនតិចជាង ១៣.៨លានដុល្លារនោះទេ។
គួរជម្រាបផងដែរថា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ ការប្រកួតនេះ ក៏ជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ បន្ទាប់ពីលោកបានចំណាយពេលលះបង់ជូនកម្ពុជាយើង៥ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៨មក៕