មហាសេ.ដ្ឋី Bill Gates ព្យាករណ៍ថា រឿងធំៗ៣នេះនឹងកើតឡើង ជុំវិញបញ្ហាសុខភាពពេលអនាគត
SOKLY - កូនផ្កាឈូក
AUGUST 22 2025
ឌីជីថល
3 views
1 min read

មហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft បានធ្វើការព្យាករណ៍នៅលើ GatesNotes របស់ខ្លួនថា រឿងធំៗ៣ ដែលពាក់ព័ន្ធបញ្ហាសុខភាពខាងក្រោមនេះ នឹងកើតឡើងនាពេលអនាគត៖

-បញ្ហាកង្វះអាហារូបត្ថម្ភនឹងត្រូវបានដោះស្រាយ៖ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា មនុស្សពេញវ័យនិងកុមាររាប់រយលាននាក់កំពុងទទួលរងភាពកង្វះអាហារូបត្ថម្ភ។ ប៉ុន្តែមហាសេដ្ឋី Bill Gates បានលើកឡើងថា តាមរយៈការស្វែងយល់អំពីតួនាទីរបស់មីក្រូជីវសាស្ត្រ ឬបាក់តេរីល្អ នៅក្នុងខ្លួននិងជាពិសេសនៅក្នុងពោះវៀន រឿងកង្វះអាហារូបត្ថម្ភអាចត្រូវបានដោះស្រាយ។

ថ្លែងក្នុងសុន្ទរកថានាពេលថ្មីៗនេះលោកបាននិយាយយ៉ាងដូច្នេះថា៖ «យើងបានរៀនសូត្រយ៉ាងច្រើនអំពីមីក្រូជីវាណូនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងនឹងបន្តសិក្សាបន្ថែមក្នុងរយៈពេលពីរទសវត្សរ៍ទៀត យើងនឹងជួយសង្គ្រោះជីវិតរាប់លាននាក់»។ ការយល់ដឹងកាន់តែស៊ីជម្រៅនេះជាមូលហេតុដែលលោកព្យាករណ៍ថាយើងនឹងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភបាន។

-ជំងឺគ្រុនចាញ់នឹងត្រូវលុបបំបាត់ចោលនៅឆ្នាំ ២០៤០៖ ជំងឺគ្រុនចាញ់សម្លាប់មនុស្ស ៤៣៥.០០០ នាក់ជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ តែទោះយ៉ាងណា លោក Bill Gates បានព្យាករណ៍ទុកថា នឹងមានការវិវឌ្ឍន៍ថ្មីក្នុងការគ្រប់គ្រងមូស ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ជាងការព្យាយាមចាក់វ៉ាក់សាំងឬព្យាបាលជំងឺនេះ។ វាជាកត្តាជំរុញមួយដែលធ្វើឲ្យគាត់ជឿជាក់យ៉ាងមុតមាំថា ជំងឺគ្រុនចាញ់នឹងត្រូវលុបបំបាត់ចោល ឬលែងមានតទៅទៀតនៅក្នុងឆ្នាំ២០៤០ ខាងមុខនេះ។

​៣-ការថែរក្សាសុខភាពនឹងមិនផ្តោតលើត្រឹមតែការជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែថែមទាំងជួយលើកស្ទួយសុខមាលភាពផងដែរ៖ លោក Bill Gates បាននិយាយថា៖ «ការផ្តោតអារម្មណ៍នៃការថែទាំសុខភាពនឹងផ្លាស់ប្តូរក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដើម្បីកែលម្អជីវិតឲ្យកាន់តែមានភាពប្រសើរឡើងជាជាងគ្រាន់តែជួយសង្គ្រោះជីវិត»។ ក្នុងរយៈពេលពីរទស្សវត្សរ៍ទៀត លោកជឿជាក់ថាប្រទេសទាំងអស់នៅលើភពផែនដីនេះអាចផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់មិនត្រឹមតែធ្វើអោយមនុស្សមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុខភាពល្អទៀតផង។

ជាចុងក្រោយ មហាសេដ្ឋីសម្បុកបច្ចេកវិទ្យា Bill Gates បានសង្កត់ធ្ងន់ថា កាលណាមនុស្សជាតិមានសុខភាពល្អមិនត្រឹមតែធ្វើឲ្យពិភពលោកនេះមានភាពស្រស់បំព្រងប៉ុណ្ណោះទេ សង្គមមនុស្សនឹងដឹកនាំពិភពមួយនេះឈានឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជឿនលឿនដ៏អស្ចារ្យឥតឈប់ឈរ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia