ល្បីតែគេថា កាមេរ៉ារបស់ iPhone ថតច្បាស់ជាងកាមេរ៉ារបស់ Android ពិតទេ? តោះទៅដឹងពីមូលហេតុ
Makara Rin
NOVEMBER 15 2022
អេឡិចត្រូនិក
600 views
2 mins read

កន្លងមកធ្លាប់មានការជជែកគ្នាច្រើនទៅលើប្រធានបទកាមេរ៉ា ជាពិសេសគឺកាមេរ៉ារបស់ iPhone និង កាមេរ៉ារបស់ Android ហ្នឹងតែម្តង​ដោយអ្នកខ្លះបានអះអាងថា iPhone គឺអាចថតរូបក៏ដូចជាវីដេអូបានច្បាស់ជាងរូបភាពនិងវីដេអូដែលថតចេញពីស្មាតហ្វូន Android រីឯអ្នកខ្លះទៀត​ក៏និយាយថាស្មាតហ្វូន​ Android ប្រសើជាង។

ដោយឡែកបើយើងមើលមួយជ្រុងទៀតទាំងស្មាតហ្វូន iPhone និងស្មាតហ្វូន Android មួយចំនួន​គឺសុទ្ធសឹងតែប្រើសេនស័រកាមេរ៉ារបស់ក្រុមហ៊ុន Sony ដូចគ្នា ដោយខុសគ្នាតែទៅលើទំហំ Megapixel តែប៉ុណ្ណោះ។ ក្នុងនោះយើងក៏ឃើញផងដែរថារាល់កាមេរ៉ាដែលបំពាក់នៅលើស្មាតហ្វូន Android គឺតែងតែមានទំហំ Megapixel ធំជាង iPhone ថែមទៀត ដូច្នេះថាតើស្មាតហ្វូនទាំង2ប្រភេទនេះមានបច្ចេកវិទ្យាអ្វីនៅពីក្រោយទើបធ្វើឱ្យការផលិតរូបចេញមកមានភាពខុសគ្នា?​

ដំបូងឡើយយើងនឹងទៅស្គាល់ពីដំណើរការនៃបច្ចេកវិទ្យាដែលបានបំពាក់នៅក្នុង iPhone ជាមុនសិនហើយបើតាម Crunch Stories ក៏បានរៀបរាប់ពីមូលហេតុមួយចំនួនដូចជា​ ឈីប ប្រភេទ សេនស័រ និងបច្ចេកវិទ្យា ISP ( Image Signal Processing ) ជាដើម។

Image Signal Processing

បច្ចុប្បន្ននេះក្រុមហ៊ុន Apple បានប្រើប្រាស់សេនស័ររបស់ Sony ដើម្បីបំពាក់នៅលើ iPhone ហើយក្នុងនោះបច្ចេកវិទ្យាដែលដើរតួយ៉ាងសំខាន់ដែលធ្វើឱ្យរូបមានគុណភាពគឺ​ ISP( Image Signal Processing ) ហើយបច្ចេកវិទ្យាមួយនេះគឺអាចបំផ្លែងរូបភាពពិតៗទៅជារូបភាពបែបឌីជីថលដោយមិនធ្វើឱ្យបាត់បង់ទ្រង់ទ្រាយដើម។

ដូច្នេះដើម្បីយល់ពីដំណើរការរបស់វាកាន់តែច្បាស់យើងគួរតែដឹងពីតួនាទីរបស់វានីមួយៗសិន​ថាអ្វីទៅជា​ Image ហើយអ្វីទៅជា Image Processing ។

សម្រាប់ពាក្យថា Image ក្នុងន័យនេះគឺសំដៅលើវិមាត្រនៃរូបភាពណាមួយដែលគិតជា Pixel ឧទាហរណ៍រូបមួយមានទំហំ 500x400 ដូច្នេះរូបនោះមានទំហំ​ 20,000 Pixel។​ ដូច្នេះបណ្តុំនៃ Pixel ទាំងអស់ដែលមានៅក្នុងរូបគឺរួមបញ្ចូលទាំងកម្រិតភាពច្បាស់ក៏ដូចជាពណ៌ផ្សេងៗ។

16 Smart Hdr

ហើយបើនិយាយពី Image Processing វិញគឺសំដៅលើការបញ្ជូនរូបភាពដែលយើងបានឃើញផ្ទាល់ភ្នែកឱ្យទៅជារូបភាពបែបឌីជីថលដែលយើងឃើញនៅលើទូរស័ព្ទសព្វថ្ងៃ។ ក្នុងនោះផងដែរ​នៅលើ iPhone គឺគេបានពង្រឹងខ្លាំង​លើបច្ចេកវិទ្យា ISP មួយនេះដែលធ្វើឱ្យរូបភាពអាចបញ្ចេញពណ៌បានច្រើន។

បន្ថែមពីលើនេះទៅទៀត អ្នកដែលមានជំនាញផ្នែកនេះក៏បានធ្វើការពិភាក្សាវែកញែកគ្នានៅលើវេទិការ​ Quora ផងដែរថា ពេលខ្លះទូរស័ព្ទ Android មួយចំនួនដែលមានទំហំ Megapixel ធំៗ​គឺវាអាចជាល្បិចទាក់ចិត្តតែប៉ុណ្ណោះ ជាក់ស្តែងដូចជា iPhone នៅតែរក្សាទំហំ Megapixel របស់ខ្លួន​ទាបដដែលប៉ុន្តែប្រើប្រាស់ទៅដោយឈីបល្អ ជាមួយនឹង​ប្រព័ន្ធ​ ISP ល្អដែលជាហេតុធ្វើឱ្យរូបភាពដែលផលិតចេញមក​គឺមើលទៅច្បាស់ដូចពិតៗ។

iPhone 14 Pro Camera Shot

ដូច្នេះសរុបមកថ្វីត្បិតតែ Apple មិនដំឡើងទំហំ​ Megapixel ឱ្យធំទៅលើ iPhone ដូចទូរស័ព្ទ Android មួយចំនួន​ក៏ដោយប៉ុន្តែ​ Apple គឺបំពាក់ទៅដោយឈីបថ្លៃៗ ប្រភេទសេនស័រ​ល្អ និងពង្រឹងលើបច្ចេកវិទ្យា Image Signal Processing ក៏ដូចជាមានការជំនួយពី Software មួយចំនួនផងដែរដែលធ្វើឱ្យការគណនាទៅលើរូបភាពបានល្អប្រសើ។

គូសបញ្ជាក់ផងដែរថា​ សម្រាប់រូបភាពដែលចេញពី Android មិនមែនសុទ្ធតែអន់ជាងរូបភាពដែលចេញពី iPhone នោះទេពោលគឺវាអាស្រ័យទៅលើចំណង់ចំណូលចិត្តក៏ដូចជារស់ជាតិនៃរូបភាពដែលអ្នកប្រើប្រាស់ចង់បាន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia