នេះគឺជាដំណឹងល្អសម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅ ជាពិសេសយុវតីដែលស្រលាញ់ និងចង់ស្វែងយល់ពីវិស័យបច្ចេកវិទ្យា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការសហការជាមួយវិទ្យាស្ថាន អាយធី អេកាដឺមី ស្តេប កម្ពុជា ក្លិបសរសេរកូដស្ត្រី រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026) ដែលនឹងធ្វើឡើងក្រោមប្រធានបទ «ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា»។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១:៣០ នាទីរសៀលតទៅ នៅសាលប្រជុំធំ ជាន់ទី៣ នៃអគារទី១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អ្វីដែលកាន់តែពិសេសនោះគឺ កម្មវិធីនេះនឹងបើកជូនសាធារណជនទាំងអស់ចូលរួមដោយសេរី និងឥតគិតថ្លៃ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការជួបជុំប៉ុណ្ណោះទេ តែជាការបើកទំព័រថ្មីដើម្បីបញ្ជ្រាបការយល់ដឹង និងផ្លាស់ប្តូរផ្នត់គំនិតដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលគ្រប់គ្នាអាចសិក្សា និងអភិវឌ្ឍបានឲ្យតែមានឆន្ទៈ។ អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការចែករំលែកបទពិសោធន៍ពីស្ត្រីជោគជ័យ និងមានភាពលេចធ្លោ ការស្វែងយល់ពីការសរសេរកូដដោយប្រើប្រាស់ AI ជាជំនួយការ ការចូលរួមក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ "ស្ត្រីក្នុងវិស័យ AI" ព្រមទាំងសកម្មភាពកម្សាន្ត និងឱកាសកសាងបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យឌីជីថលផងដែរ។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់ដល់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថល ប្រកបដោយចំណេះដឹង និងភាពក្លាហាន ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជា។

សូមអញ្ជើញសិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឲ្យបានកុះករ ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា និងកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការចូលរួម លោកអ្នកអាចទំនាក់ទំនងទៅកាន់អ៊ីមែល song_l@itstep.org ឬតាមរយៈលេខទូរសព្ទ ០៨៥ ៧៧៧ ៥២០។
