ល្អណាស់! Instagram ចេញមុខងារថ្មីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរចម្រៀងនៅលើ Post ចាស់ៗបានហើយ
Khunna - ឃុនណា
JULY 22 2026
ឌីជីថល
14 views
2 mins read

ក្រុមហ៊ុន Instagram បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរបទចម្រៀងនៅលើរូបភាព single posts និង carousels ដែលបានបង្ហោះរួចរាល់។ កន្លងមក ប្រសិនបើអ្នកប្រើប្រាស់ចង់ប្តូរបទចម្រៀងនៅលើប្រកាសចាស់ៗ គឺមានតែវិធីមួយគត់គឺត្រូវលុប Post នោះចោល រួចបង្ហោះឡើងវិញ។ ប៉ុន្តែតាមរយៈឧបករណ៍ថ្មីដែលមានឈ្មោះថា “Replace Audio” នេះ អ្នកគ្រប់គ្នាអាចផ្លាស់ប្តូរតន្ត្រីបានគ្រប់ពេលវេលា ដោយនៅតែរក្សាទុកចំនួន Likes, Comments, Shares និង Reach ដដែល។ ក្រុមហ៊ុន Meta បានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតក្នុងការផ្តល់សិទ្ធិអំណាច និងភាពច្នៃប្រឌិតកាន់តែច្រើនដល់ Creator ក្នុងការគ្រប់គ្រងមាតិការបស់ពួកគេ។

0x0 (3)

ការធ្វើបច្ចុប្បន្នភាពនេះបានលុបបំបាត់ការលំបាកដែលបង្ខំឱ្យ Creator និងប្រ៊ែនទំនិញនានា ត្រូវជ្រើសរើសរវាងការរក្សាទុក Engagement ឬការផ្លាស់ប្តូរបទចម្រៀងឱ្យទាន់សម័យ។ ក្នុងករណីខ្លះ ការប្តូរបទចម្រៀងអាចជួយឱ្យមាតិកាចាស់ៗដើរទាន់ Trend ថ្មីៗ ឬពេលខ្លះ អ្នកប្រើប្រាស់គ្រាន់តែចង់អាប់ដេត Post ចាស់ៗឱ្យត្រូវតាមចំណង់ចំណូលចិត្តតន្ត្រីដែលបានផ្លាស់ប្តូរប៉ុណ្ណោះ។ ដើម្បីប្រើប្រាស់មុខងារនេះ អ្នកគ្រាន់តែចូលទៅកាន់ Post ដែលចង់ប្តូរចម្រៀង ចុចលើសញ្ញាម៉ឺនុយនៅជ្រុងខាងស្តាំលើ រួចរំកិលចុះក្រោមជ្រើសរើស “Edit” នោះអ្នកនឹងឃើញជម្រើសសម្រាប់ផ្លាស់ប្តូរបទចម្រៀងភ្លាមៗ។

ការបន្ថែមមុខងារដ៏មានប្រយោជន៍នេះ ត្រូវបានគេមើលឃើញថាជាទង្វើដ៏សមស្របមួយសម្រាប់ Instagram បន្ទាប់ពីរងការរិះគន់ជាច្រើនឆ្នាំមកនេះជុំវិញការបញ្ចេញមុខងារមិនសូវមានប្រយោជន៍ ឬមុខងារដែលអ្នកប្រើប្រាស់មិនចង់បាន។ ជាក់ស្តែង កាលពីសប្តាហ៍មុន Instagram ទើបតែបានលុបចោលមុខងារ AI មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែច្នៃរូបភាពពីគណនីសាធារណៈ ដោយក្រុមហ៊ុនបានទទួលស្គាល់ថា មុខងារនោះ "ធ្វើមិនទាន់បានល្អ និងខុសគោលដៅ" ទើបសម្រេចចិត្តលុបវាចោលវិញ។

Replace Audio 1080 Black

លើសពីនេះ កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនក៏បានបញ្ចេញមុខងារមួយឈ្មោះថា Instants” ដែលមានបំណងឱ្យមនុស្សចែករំលែកទិដ្ឋភាពជីវិតពិតៗភ្លាមៗ។ ទោះជាយ៉ាងណា ដោយសារតែអ្នកប្រើប្រាស់ជាច្រើនមិនបានយល់ច្បាស់ពីរបៀបធ្វើការរបស់វា ធ្វើឱ្យពួកគេច្រឡំផ្ញើរូបភាពទៅកាន់មនុស្សគ្រប់គ្នាក្នុងបញ្ជីមិត្តភក្តិដោយអចេតនា រហូតបង្កើតជាការរអ៊ូរទាំ និងប្រឆាំងយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ដូច្នេះ មុខងារ Replace Audio” ថ្មីនេះ គឺជាការផ្លាស់ប្តូរតូចមួយ ប៉ុន្តែមានន័យ និងឆ្លើយតបត្រូវតាមតម្រូវការរបស់អ្នកប្រើប្រាស់ពិតប្រាកដ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia