ជាទូទៅមនុស្សមានទម្លាប់ប្រចាំថ្ងៃផ្សេងៗគ្នាទៅតាមបរិបទជីវិតខុសៗគ្នា ភាគច្រើនមនុស្សចូលចិត្តមើលរំលងនូវទម្លាប់ដ៏តូចមួយដែលអាចធ្វើឲ្យខ្លួនទទួលបានផ្លែផ្កានាពេលអនាគត សូម្បីតែមហាសេដ្ឋី Elon Musk ក៏ធ្វើវាជាប្រចាំដែរ។
លោក Elon Musk ត្រូវបានមហាជនទទួលស្គាល់ថាជាមហាសេដ្ឋីពិភពលោកដែលមានប្រាក់ចំណូលជាប្រចាំមិនក្រោមពាន់លានដុល្លារ មកទល់បច្ចុប្បន្នក្នុងឆ្នាំ ២០២៥ នេះ លោក Elon Musk មានអាជីវកម្មខ្នាតយក្សចំនួន ៦ ដែលគេទទួលស្គាល់ក្នុងពិភពលោកជាមួយការវិនិយោគលើផ្នែកបច្ចេកវិទ្យាទំនើប វិទ្យាសាស្ត្រទំនើបកម្ម ប្រព័ន្ធឌីជីថល ឧស្សាហកម្មគ្រឿងយន្ត និងការវិនិយោគលើផ្នែកនវានុវត្តន៍។
លោកស្រី Maye Musk ដែលជាម្តាយបង្កើតរបស់លោក Elon Musk បានប្រាប់តាមរយៈការសម្ភាសន៍របស់សារព័ត៌មាន BBC ថាលោក Elon Musk ជាមនុស្សដែលឧស្សាហ៍តាំងពីក្មេងដែលតែងតែលះបង់ពេលវេលាយ៉ាងច្រើនសម្រាប់ការអានសៀវភៅ ជាពិសេសប្រភេទប្រលោមលោកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោក Elon Musk គឺមានសមត្ថភាពខ្ពស់ក្នុងការអាន ក្នុង១ថ្ងៃលោកបានអានសៀវភៅរហូតដល់ ១០ ម៉ោងកាលពីវ័យកុមារ រហូតដល់អាចទាញយកព័ត៌មានពីសៀវភៅទាំងនោះ បង្កើតជាគំនិតនិងច្នៃចេញជាវិធីសាស្រ្តរកលុយពេលដែលលោកធំពេញវ័យ។
ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ នៅអាយុ១០ឆ្នាំ លោក Elon Musk បានអានរឿង The Lord of the Rings, Foundation និង The Hitchhiker's Guide to the Galaxy រហូតដល់លោកបានចាប់អារម្មណ៍ជាមួយកុំព្យូទ័រ និងវីដេអូហ្គេម លោក Elon Musk បានរៀនដោយខ្លួនឯងពីរបៀបសរសេរកម្មវិធីពីសៀវភៅណែនាំដល់អ្នកប្រើប្រាស់ VIC-20។ នៅអាយុ១២ឆ្នាំ លោកបានលក់ហ្គេម Blastar ដែលផ្អែកលើគំនិតមូលដ្ឋានរបស់លោកនៅលើទស្សនាវដ្តី PC and Office Technology ក្នុងតម្លៃប្រហែល 500 ដុល្លារក្នុងជំនាន់នោះ។
ក្នុងឆ្នាំ១៩៩៥ លោក Elon Musk បានបង្កើតកម្មវិធីមួយមានឈ្មោះថា Zip2 បន្ទាប់មកក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុន Compaq Computer Corporation បានទិញ Zip2 ក្នុងតម្លៃ ៣០៧ លានដុល្លារជាសាច់ប្រាក់ និង ៣៤ លានដុល្លារជាភាគហ៊ុនពីលោក Elon Musk នេះគឺជាប្រាក់ចំណូលដំបូងដែលលោកទទួលបានពីអាជីវកម្មរបស់ខ្លួន។ មកទល់នឹងពេលនេះលោកជាម្ចាស់អាជីវកម្មមុខជំនួញយក្សដែលសរុបរួមមាន៖ SpaceX (ក្រុមហ៊ុនមួយផ្តោតលើការដឹកជញ្ជូនអវកាស និងសេវាកម្មអ៊ីនធឺណិតផ្អែកលើផ្កាយរណប), Tesla (ក្រុមហ៊ុនយានយន្តអគ្គិសនី និងថាមពលស្អាត), X (Twitter វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម), The Boring Company (ក្រុមហ៊ុនមួយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផ្លូវរូងក្រោមដី), Neuralink (ក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍលើខួរក្បាលម៉ាស៊ីន) និង xAI (ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត) រីឯប្រាក់ចំណូលសរុប ៤២៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ នាពេលបច្ចុប្បន្ននេះ។
ជារឿងដែលគួរឲ្យកោតសរសើរដែលលោក Elon Musk បានចំណាយពេលច្រើនទៅលើការអានសៀវភៅដែលលោកអាចយល់ដឹងពីក្បួន និងបច្ចេកទេសក្នុងការអានដើម្បីច្នៃគំនិតចេញពីសៀវភៅទៅជាការរកលុយ។ អានច្រើនកើនចំណេះ ការអានអាចធ្វើឲ្យមនុស្សរីកចម្រើនទាំងចិត្តទាំងគំនិត បើទោះបីជាការអានមិនបានធ្វើឲ្យមនុស្សរីកចម្រើនឥឡូវមែនពិត តែវានឹងហុចផលឲ្យអ្នកក្នុងថ្ងៃអនាគត ព្រោះរាល់សមិទ្ធផលល្អគឺត្រូវការតាំងចិត្តរយៈពេលយូរ។