អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយថា AI ដែលមាននូវមុខងារអាចបំលែងសម្លេងទៅជាអក្សរ និងអក្សរទៅជាសម្លេងគឺមានច្រើនប្រភេទ ច្រើនភាសា និងច្រើនម៉ូដែល ដែលបង្កើតឡើងដោយជនជាតិបរទេស ក្នុងនោះផងដែរប្រទេសកម្ពុជាយើងក៏មាននូវមុខងារនិងកម្មវិធី AI មួយដែលអាចបំលែងពី អក្សរទៅជាសម្លេងធម្មជាតិរបស់មនុស្សសឹងតែដូចមួយរយភាគដែលអាចនិយាយជាភាសាខ្មែរបានយ៉ាងច្បាស់ថែមទៀតផង។
ជារឿងដែលគួរឲ្យចាប់អារម្មណ៍ ម៉ូដែល AI របស់ខ្មែរដែលមានឈ្មោះថា Khmer Speech AI មួយនេះគឺបង្កើតឡើងដោយកូនខ្មែរមួយរូបគឺលោក យ៉ាត់ សៀងហៃ ដែលជាវិស្វករសិក្សាលើជំនាញក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ដែលភ្ជាប់ភាសាខ្មែរទៅនឹងបច្ចេកវិទ្យាសំឡេងដ៏ទំនើប។ Khmer Speech AI បានបង្កើតឡើងតាំងពីឆ្នាំ២០២៣ មកម្លេះដែលបើកឲ្យអ្នកប្រើប្រាស់អាចប្រើបានរហូតមកដល់សព្វថ្ងៃបានដោយឥតគិតថ្លៃ។
កម្មវិធីនេះមានូវមុខងារពិសេសអាចជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការបំលែងអក្សរទៅជាសម្លេងក្នុងកម្រិតច្បាស់ល្អដូចទៅនឹងសម្លេងធម្មជាតិរបស់មនុស្ស និងបំលែងសម្លេងទៅជាអក្សរដែលមានអក្ខរាវារុទ្ធច្បាស់និងត្រឹមត្រូវ។ Khmer Speech AI អាចបង្កើតសម្រាប់មាតិកាកម្សាន្ត ការអប់រំ ការផលិតសៀវភៅជាសំឡេង និងការផ្សព្វផ្សាយព័ត៌មាន។
ជម្រាបជូនប្រិយមិត្តថា សម្រាប់អ្នកដែលចង់ប្រើប្រាស់ជាមួយនឹងមុខងារ Khmer Speech AI មួយនេះ ដំបូងយើងវាយពាក្យថា Khmerspeech.com នៅលើ Browser ឬ Chrome បន្ទាប់មកយើង ចុចលើពាក្យ Get Started និងចុងក្រោយគ្រាន់តែភ្ជាប់ជាមួយនឹងគណនី Telegram របស់អ្នកទាំងអស់គ្នា និង Upload File ណាមួយដែលអ្នកទាំងអស់គ្នាចង់បំលែងរួចជាការស្រេច។
គូសបញ្ជាក់ផងដែរថាក្រៅពីកម្មវិធី Khmer Speech AI លោក យ៉ាត់ សៀងហៃ ក៏មានកម្មវិធីជាច្រើនទៀតដែលលោកបានបង្កើតឡើងដោយបានបង្ហោះជាសាធារណៈនៅលើប្រព័ន្ធវេបសាយ GitHub ផ្ទាល់ខ្លួន (github.com/seanghay) ក្នុងនោះមានដូចជា៖ KhmerDict.com(វចនានុក្រមខ្មែរ), khmerocr.floo.app (សម្រាប់បំប្លែងអត្ថបទខ្មែរពីរូបភាព និងឯកសារ PDF ទៅជាអត្ថបទឌីជីថល), khmer.floo.app (សម្រាប់បំប្លែងអក្សរយូនីកូដខ្មែរទៅជាអក្សរលីម៉ុន), floo.app (វេទិកាសម្រាប់ការបំប្លែងរូបភាពយ៉ាងឆាប់រហ័ស និងផ្តោតលើឯកជនភាព)។ នេះជារឿងដែលគួរឲ្យកោតសរសើរ និងជាមទណភាពមួយដែលកម្ពុជាមាននូវអ្នកជំនាញដែលអាចបង្កើតនូវអ្វីដែលជាស្នាដៃរបស់ខ្មែរលើវិស័យឌីជីថល។