ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលខ្សែភាពយន្តគំនូរជីវចលរបស់ចិនរឿង ណាចា វគ្គ២ ត្រូវបានគេប្រកាសថាជាខ្សែភាពយន្តគំនូរជីវចល ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ជាមួយនឹងការរកចំណូលបានដល់ ១ពាន់លានដុល្លារដែលត្រឹមរយៈពេល១១ថ្ងៃ នេះបើយ៉ោងតាមការបង្ហោះលើគេហទំព័រហ្វេសប៊ុក Catsuka ។
ណាចាវគ្គ២ បានចាក់បញ្ជាំងជាផ្លូវការលើកដំបូងនៅក្នុងប្រទេសចិននៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ សាច់រឿងមួយនេះត្រូវបានសរសេរនិងដឹកនាំដោយលោក Jiaozi ហៅ Yang Yu រឿងណាចាវគ្គ២នេះ មានចំណងជើងថា Nezha2 ឬជាភាសាអង់គ្លេស The Demon Boy Havoc in the Sea ដែលមានលំនាំពីប្រលោមលោកចិនបែបទេវកថានាសតវត្សទី១៦ ក្នុងរឿង កុមារទេព (Fengshen Yanyi)។
យោងតាមប្រព័ន្ធវេបសាយផ្លូវការរបស់ខ្សែភាពយន្ត ណាចា វគ្គ២នេះបានបញ្ជាក់ថា ក្នុងសាច់រឿងមួយនេះមានជាងប្រមាណ ២.៤០០ ឈុតដែលសុទ្ធសឹងជាឈុតពិសេសគ្រប់វគ្គដែលនិយាយអំពី ដំណើរផ្សងព្រេងរបស់ណាចា ការប្រើយុទ្ធសិស្ប៍ ការច្បាំងប្រយុទ្ធជាមួយបិសាច និងពពួកទេវតាជាដើម សាច់រឿងមួយនេះមានរយៈពេលសរុប១៤៤នាទី ហើយរាល់ការចំណាយលើកការផលិតទាំងអស់សរុបជាសាច់ប្រាក់ ៨០លានដុល្លារផងដែរ។
ណាចាវគ្គ២ បានក្លាយជាខ្សែភាពយន្តដែលអាចរកចំណូលបានច្រើនបំផុតនៅក្នុងពិភពលោក ដែលលើសខ្សែភាពយន្ត Star Wars The Force Awakens ក្នុងបរិមាណទឹកប្រាក់ ៦៣៩ លានដុល្លារ។ គិតត្រឹមតែបីថ្ងៃបន្ទាប់ពីការចាក់ផ្សាយរឿងណាចាវគ្គ២នេះ ប្រាក់ចំណូលពីអក្នទស្សនាប្រហាក់ប្រហែល ១៥០លានដុល្លារ ហើយក៏ជាខ្សែភាពយន្តដំបូងគេដែលអាចរកប្រាក់ចំណូលពី Box Office (កន្លែងលក់សំបុត្រកុន) ច្រើនជាងគេបំផុតដែលគិតត្រឹមដើមឆ្នាំ២០២៥។
ជម្រាបជូនអ្នកទាំងអស់គ្នាថា ខ្សែភាពយន្តគំនូរជីវចលរឿងណាចាបានចេញវគ្គ១តាំងពីឆ្នាំ២០១៩ មកម្លេះ និងខ្សែភាពយន្តគំនូរជីវចលរឿងណាចា វគ្គ២នេះ បានចេញនូវដើមឆ្នាំ២០២៥ ដែលមានសាច់រឿងធំជាងវគ្គមុន ហើយក៏ទទួលបានការគាំទ្រពីទស្សនិជនច្រើនក្នុងសាកលលោកផងដែរ។