បច្ចុប្បន្ននេះហាងលក់គ្រឿងអេឡិចត្រូនិក ឬគ្រឿង Accessories កំពុងតែរីកស្គុះស្គាយនៅលើទីផ្សារ មិនថានៅក្នុងប្រទេសកម្ពុជា ឬប្រទេសផ្សេងៗនោះទេ។ ជាធម្មតា ការបើកហាងនេះគឺត្រូវការចំណាយលុយច្រើនគួរសម បូករួមទាំងចេះយុទ្ធសាស្រ្តធ្វើទីផ្សារ ក្នុងការរកស៊ីផង ទើបអាចឈរជើងបានយូរ និង ពង្រីកខ្លួនបានលឿនរហ័ស ព្រោះផលិតផលរបស់ហាងនីមួយៗ គឺស្រដៀងគ្នា ឬដូចគ្នា ខុសត្រង់តម្លៃបន្តិចបន្តួចប៉ុណ្ណោះ។
ដោយមើលឃើញពីការកើនឡើង នៃហាងលក់គ្រឿងអេឡិចត្រូនិក ដែលមានអាជីវករខ្លះទើបនឹងបើកហាងលក់សោះ តែពិបាកអាចឈរជើងក្នុងទីផ្សារបានយូរ ពេលនេះក្រុមការងារចាបខៀវបានធ្វើកិច្ចសម្ភាសន៍ពិសេស ជាមួយស្ថាបនិករបស់ក្រុមហ៊ុន ISmart ដែលលោកឆ្លងកាត់អាជីវកម្មនេះបានជាង១០ឆ្នាំ រហូតពង្រីកផលិតផល និងសាខាតាមផ្សារទំនើបៗក្នុងក្រុងភ្នំពេញជាច្រើនកន្លែង។
ស្ថាបនិករបស់ក្រុមហ៊ុន iSmart គឺលោកយៀម វ៉ៃ បានរៀបរាប់អំពីអាជីវកម្មរបស់លោក ដែលខំងើបឈរ តាំងពីហាងតូចមួយ រហូតក្លាយជាពិភពគ្រឿង Accessories ជាច្រើនពាន់មុខ បូករួមទាំងប្រេន iSmart ដែលផ្ដោតទៅលើ Smart Home ផងដែរ។ លោកបានឆ្លើយត្រង់ៗ ដោយមិនលាក់លៀម អំពីការរកស៊ី និងរបៀបថែរក្សាភ្ញៀវឱ្យមកទិញហើយទិញទៀតៗ “ម៉ាកយីហោមួយ ប្រសិនបើអាចឈរជើងបានពី៥ឆ្នាំ ទៅ១០ឆ្នាំ គឺវាលែងសំខាន់ទៅលើយុទ្ធសាស្ត្រលក់ទៀតហើយ ព្រោះយុទ្ធវាអាចផ្លាស់ប្ដូរបានគ្រប់ពេលវេលា ទៅតាមកាល:ទេស: លក់បែបណាចំណេញ លក់អញ្ចឹងទៅ។ អ្វីដែលខ្ញុំផ្ដោតសំខាន់ទៅលើការរកស៊ីគឺគោលការណ៍រកស៊ី និងរកឱ្យឃើញចំណុចស្នូលដែលយើងចង់លក់ទៅឱ្យអតិថិជន។ ខ្ញុំឧទាហរណ៍ថាអាជីករខ្លះ គាត់បើករកស៊ីដើម្បីតែបានលុយ ពេលណាអាចលក់កោរគេបានក៏លក់ ពេលណាកោរអតិថិជនមិនបាន ទោះចំណេញ១កាក់២កាក់ក៏យកដែរ។ ចំណែកអាជីវករខ្លះទៀត បើកហាងរកស៊ីដើម្បីទីផ្សារធំ ធ្វើយ៉ាងណារកស៊ីឱ្យឈ្នះគេ ឬធ្វើយ៉ាងណាវ៉ៃដៃគូប្រកួតប្រជែងដួលឱ្យអស់ លក់តែម្នាក់ឯង។
លោកបានសង្កត់ធ្ងន់មកលើខ្លួនឯងវិញថា “បើខ្ញុំវិញ គឺខ្ញុំមិនធ្វើដូច២ក្រុមខាងលើទេ គឺអ្វីដែលខ្ញុំធ្វើគឺត្រូវផ្ដោតលើការកសាងម៉ាកយីហោមួយ “ដែលអតិថិជនគាត់ជឿទុកចិត្តបាន” ប៉ុន្តែដើម្បីឱ្យគេជឿទុកចិត្តបាន តើយើងជាម្ចាស់ហាងត្រូវផ្ដល់អ្វីឱ្យគេខ្លះ? ត្រង់ចំណុចនេះខ្ញុំចាប់ផ្ដើមគិតថា ត្រូវតែរកផលិតផលណាមួយ ដែលមានគុណភាព ដើម្បីធានាជូនគេបានដោយមិនស្ទាក់ស្ទើរ ហើយការធ្វើបែបនេះគឺកុំឱ្យខូចប្រេនរបស់យើង។ ចំណុចមួយទៀត ដើម្បីឱ្យប្រេនរបស់យើងគេទទួលស្គាល់ ឬគេគាំទ្រគឺយើងត្រូវផ្ដល់អ្វីមួយដែលមានតម្លៃជាង “របស់ផ្ទាល់ខ្លួនទៅទៀត” ចុះតើអ្វីដែលមានតម្លៃជាងរបស់ផ្ទាល់ខ្លួន ដែលយើងផ្ដល់ឱ្យអតិថិជន?
កន្លែងនេះខ្ញុំចង់ចែករំលែកថានៅហាង iSmart គឺយើងផ្ដល់សេវាកម្មឱ្យអតិថិជនមានភាពកក់ក្ដៅ ដែលគោលការណ៍គឺយើងអាចរៀបចំរៀងខ្លួនបាន ពោលសូម្បីតែបុគ្គលិករបស់ iSmart រៀងរាល់ព្រឹកគឺត្រូវតែអានវិន័យ ដែលហាងក្រុមហ៊ុនបានកំណត់ជូន ធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនភ្ញៀវកុំឱ្យថ្នាំងថ្នាក់ចិត្ត។ នៅក្នុងគោលការណ៍ដែលខ្ញុំឱ្យបុគ្គលិកក្នុងហាងត្រូវចងចាំជាងគេនោះគឺ ត្រូវស្ដាប់អតិថិជនសិន និងផ្ដល់ឱ្យអ្វីដែលគេត្រូវការពិតប្រាកដ ពោលគឺកុំឱ្យគិតតែពីលក់ៗៗ មួយមុខ ព្រោះបើយើងផ្ដោតតែលើការលក់ពេក គឺអ្នកមកទិញ ពួកគាត់មិនទទួលបានអារម្មណ៍កក់ក្ដៅទេ ឬអាចគាត់គិតថាបុគ្គលិកនៅក្នុងហាងនេះ លក់ចង់បានតែលុយ ធ្វើយ៉ាងណាឱ្យតែលក់បានច្រើន។”
លោកបន្តថាបើតាមបទពិសោធន៍លក់ជាង១០ឆ្នាំមកនេះ មានអតិថិជនជិត៩០ភាគរយហើយ ដែលមិនដឹងតម្រូវការពិតប្រាកដរបស់ខ្លួន ដោយពួកគាត់គ្រាន់តែចង់បានបែបនេះបែបនោះ ប៉ុន្តែមិនដឹងខ្លួនថាចង់បានអ្វីទេ ប្រៀបដូចអ្នកជំងឺគឺចង់ពិសាថ្នាំ ចង់ចាក់ថ្នាំ តែដឹងថ្នាំបែបណា ប្រើទៅឱ្យជាជំងឺរបស់គាត់នោះទេ ពោលគឺមានតែគ្រូពេទ្យប៉ុណ្ណោះដែលដឹង។ អាស្រ័យហេតុនេះ ចំណុចដែលអ្នកលក់ត្រូវដឹងបំផុតនោះគឺសួរជីកឫសជីកគល់ថា អតិថិជនគាត់ចង់បានអ្វីឱ្យប្រាកដសិន។”
គូសបញ្ជាក់ថាខាងលើនេះគឺជាការបញ្ជាក់របស់លោក យៀម វ៉ៃ CEO របស់ក្រុមហ៊ុន ISmart ដែលជាហាងលក់គ្រឿងអេឡិចត្រូនិក ឬគ្រឿង Accessories ដែលមានគុណភាពជាច្រើនពាន់មុខ។ អ្វីដែលលេចធ្លោបំផុតនោះ ISmart គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទៅលើឧបករណ៍ក្នុងផ្ទះឆ្លាតវៃ ឬ Smart Home ។ ស្មេរសង្ឃឹមថាអត្ថបទ និងខ្លឹមសារខាងលើ នឹងបានជាប្រយោជន៍ សម្រាប់អ្នកទើបនឹងចាប់ផ្ដើមលក់គ្រឿងអេឡិចគ្រប់រូប...៕
អត្ថបទដោយ៖ ផែន ផាន់ណា