ថ្ងៃដែលក្រុមហ៊ុន Apple បើកបង្ហាញ iPhone14 របស់ខ្លួនជាលើដំបូង ក៏ជាថ្ងៃដែល Elon Musk ទម្លាយពីទំនាក់ទំនងយ៉ាងល្អរវាង Apple និង SpaceX ដែរ។ ម្សិលមិញនេះ Elon បានបង្ហោះប្រាប់អ្នកគាំទ្រលោកថា ទូរស័ព្ទ iPhone14 ដែលល្បីភ្ជាប់ជាមួយផ្កាយរណបពីលើមេឃមកនោះ តាមពិតក៏មានចំណែកភ្ជាប់ពីផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ដែរ។
កាលពីថ្ងៃទី០៩ ខែកញ្ញា នេះ Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា “ពួកយើងបានជោគជ័យលើការពិភាក្សាគ្នា ដើម្បីរកវិធីសាស្ត្រភ្ជាក់ទូរស័ព្ទ Apple (iPhone14) ជាមួយផ្កាយរណបរបស់ Starlink។ លោកបានបន្តថា ការធ្វើតំណភ្ជាប់ពីលើអាកាស មកកាន់ទូរស័ព្ទនឹងមានដំណើរល្អបំផុត ប្រសិនបើកម្មវិធីទូរស័ព្ទ អាចចាប់បានសញ្ញាពីផ្កាយរបស់ Starlink ដែលមានទីតាំងនៅក្នុងលំហ។”
គួររលឹកថា ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែបានបញ្ចេញម៉ូដែលទូរស័ព្ទថ្មី iPhone14 របស់ខ្លួន មានសមត្ថភាពអាចភ្ជាប់ទៅកាន់ផ្កាយរណបនៅលើមេឃ ហើយអាចធ្វើការផ្ញើសារបាន ដោយមិនចាំបាច់មានស៊ីមឡើយ។ បើតាមអ្នកស្រី Ashley Williams ដែលជាអ្នកគ្រប់គ្រងផ្នែកគំរូផ្កាយរណប និងការតេស្ដសាកល្បងនៃក្រុមមហ៊ុន Apple កាលពីយប់មិញនេះបានឱ្យដឹងថា សម្រាប់មុខងារភ្ជាប់ទៅកាន់ផ្កាយរណបនៅលើ iPhone 14 ថ្មីនេះ គេអាចប្រើវាដើម្បីធ្វើការផ្ញើសារ រកជំនួយបាន ដោយមិនចាំបាច់មាន WIFI មិនចាំបាច់មានស៊ីម ឬសេវានោះឡើយ។
ដោយ Apple បានបង្កើតកម្មវិធីមួយ ដោយអ្នកប្រើអាចធ្វើការបើកកម្មវិធីមួយនោះ ដើម្បីស្វែងរកកន្លែងដែលសាកសមសម្រាប់ភ្ជាប់ទៅកាន់ផ្កាយរណប ដើម្បីផ្ញើសារទៅសុំជំនួយបាន ខណៈមុខងារនេះ គឺបង្កើតឡើងដើម្បីសង្រ្គោះជីវិតអ្នកប្រើប្រាស់ ដូចជាពេលទៅដើរលេង ហើយជួបបញ្ហាវង្វេងកណ្ដាលព្រៃភ្នំ កណ្ដាលទឹកគ្មានកោះគ្មានត្រើយ ឬវង្វេងនៅតាមទីដាច់ស្រយាលណាមួយជាដើម។
ជាមួយគ្នានេះដែរ ក្រៅពីអាចធ្វើការផ្ញើសាររកជំនួយ ការដែលអាចភ្ជាប់ទៅកាន់ផ្កាយរណបនេះ បានធ្វើឱ្យ iPhone 14 កើតចេញជាមុខងារមួយទៀត គឺមុខងារ GPS ដោយអ្នកប្រើអាចធ្វើការបើកភ្ជាប់ជាមួយមនុស្សជាទីស្រលាញ់របស់គេ ដើម្បីដឹងពីទីតាំងរបស់គ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាព។
អត្ថបទដោយ៖ ផែន ផាន់ណា