កម្មវិធីផ្ញើសារ Telegram ធ្លាប់ត្រូវបានដកចេញពី App Store របស់ Apple ប៉ុន្មានម៉ោងមុននេះជាបណ្តោះអាសន្នទូទាំងពិភពលោក បន្ទាប់ពីរកឃើញថាមានអ្នកប្រើប្រាស់ម្នាក់បានចែកចាយមាតិកាអាស្រូវពាក់ព័ន្ធនឹងការរំលោភបំពានលើកុមារ។ ហេតុការណ៍នេះបានកើតឡើងស្រដៀងគ្នាទៅនឹងការផ្អាកកាលពីឆ្នាំ ២០១៨ ដែល Telegram ត្រូវ Apple ដកចេញដោយសារបញ្ហាមាតិកាមិនសមរម្យ មុនពេលដាក់ឱ្យដំណើរការឡើងវិញក្រោយពេលបង្កើនវិធានការការពារ។

នេះបើយោងតាមអ្នកនាំពាក្យរបស់ Apple បានបញ្ជាក់ពីការដកហូតជាបណ្តោះអាសន្ននេះ ដោយអះអាងថាការពិនិត្យរបស់ពួកគេបានរកឃើញមាតិកាដែលរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើគោលការណ៍ហាមឃាត់ការរំលោភបំពានលើកុមារ។ ទោះជាយ៉ាងណា កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការឡើងវិញក្នុងថ្ងៃជាមួយគ្នាវិញភ្លាមៗ បន្ទាប់ពីភាគី Telegram បានលុបមាតិកាខុសច្បាប់នោះ និងបានបិទគណនីអ្នកដែលបានបង្ហោះ។
ជាការឆ្លើយតប Telegram ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់ បានអះអាងពីគោលការណ៍មិនអត់ឱនចំពោះរឿងនេះ ដោយបានបិទបាំងក្រុម និងឆាណែលជិត ៣៣៨,០០០ ចំណុចពាក់ព័ន្ធនឹងបញ្ហានេះរួចមកហើយក្នុងឆ្នាំនេះ។
ទន្ទឹមនឹងនេះ លោក Tim Sweeney នាយកប្រតិបត្តិក្រុមហ៊ុន Epic Games ដែលជាក្រុមហ៊ុនផលិតហ្គេម Fortnite និងធ្លាប់មានរឿងក្តីក្តាំផ្នែកច្បាប់ជាមួយ Apple ជាច្រើនឆ្នាំ បានចោទសួរអំពីហេតុផលនៃការសម្រេចចិត្តនេះ។ លោកបានលើកឡើងនៅលើបណ្តាញសង្គម X ថា Apple មិនបានពន្យល់លម្អិតទេថា ប្រសិនបើការប្រព្រឹត្តខុសរបស់អ្នកប្រើប្រាស់តែម្នាក់ក្លាយជាស្តង់ដារសម្រាប់ការដកកម្មវិធី តើកម្មវិធីទំនាក់ទំនងខ្នាតយក្សដទៃទៀត រួមទាំង iMessage អាចបន្តដំណើរការជាប្រក្រតីដោយរបៀបណា។

ក្រៅពីបញ្ហានេះ Telegram ក៏កំពុងប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់និយតករជុំវិញការគ្រប់គ្រងមាតិកាខុសច្បាប់ផងដែរ ដោយកាលពីខែមេសា ស្ថាប័ននិយតករ Ofcom របស់ចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេតលើភស្តុតាងដែលបង្ហាញពីការចែករំលែកមាតិកាអាស្រូវខុសច្បាប់នៅលើវេទិកានេះផងដែរ។
