នៅក្នុងយុគសម័យឌីជីថល ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានភាពស៊ីជម្រៅ និងស្មុគស្មាញ ជាពិសេសការបោកប្រាស់តាមរយៈតំណភ្ជាប់ (Phishing Links)។ បច្ចុប្បន្ននេះ ចំនួននៃការបោកប្រាស់ដោយប្រើប្រាស់សារ និង Link ក្លែងក្លាយកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលទាមទារឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ល្បិចបញ្ឆោតរបស់អ្នកបោកប្រាស់ (Scammers) ជនខិលខូចតែងតែប្រើប្រាស់ចំណងជើង ឬខ្លឹមសារទាក់ទាញអារម្មណ៍ ដើម្បីអន្ទងចិត្តអ្នកប្រើប្រាស់ឱ្យចុចលើតំណភ្ជាប់ដែលមានគ្រោះថ្នាក់។
- ការចែករំលែករឿង ឬវីដេអូអាសអាភាស (18+) និងវីដេអូឯកជនផ្សេងៗ។
- ការផ្ញើសារបន្លំថាគណនីរបស់អ្នកត្រូវបានបិទ។
- ការផ្តល់ជូនការងារដែលមានប្រាក់ខែខ្ពស់ខុសពីធម្មតា។
- ការអូសទាញឱ្យវិនិយោគក្លែងក្លាយ ឬការជូនដំណឹងថាអ្នកឈ្នះរង្វាន់ធំ។
- ការបោកប្រាស់តាមរយៈមនោសញ្ចេតនា (ស្នេហា)។
សារទាំងនេះច្រើនតែត្រូវបានផ្ញើតាមរយៈ Telegram, Messenger ឬកម្មវិធីផ្ញើសារផ្សេងៗ ដោយភ្ជាប់មកជាមួយនូវ Link គួរឱ្យសង្ស័យ។

ហានិភ័យ និងផលវិបាក តើមានអ្វីកើតឡើងប្រសិនបើអ្នកលង់ជឿ ហើយចុចលើ Link ទាំងនោះ?
- ការដំឡើងមេរោគ (Malware): ឧបករណ៍របស់អ្នក (ទូរស័ព្ទ ឬកុំព្យូទ័រ) អាចនឹងត្រូវវាយលុកដោយមេរោគ ដែលអនុញ្ញាតឱ្យជនខិលខូចអាចគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយបាន។
- ការលួចគណនី និងទិន្នន័យ: ពួកគេអាចលួចយកគណនីធនាគារ Facebook, Telegram និងបណ្តាញសង្គមផ្សេងៗ រួមទាំងព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យសំខាន់ៗរបស់អ្នក។
- ការខាតបង់ហិរញ្ញវត្ថុ និងកិត្តិយស: ជនខិលខូចអាចបោកប្រាស់យកប្រាក់ពីគណនីធនាគាររបស់អ្នក ឬប្រើប្រាស់គណនីបណ្ដាញសង្គមរបស់អ្នក ដើម្បីទៅបោកប្រាស់សាច់ញាតិ និងមិត្តភក្តិរបស់អ្នកបន្តទៀត។
គន្លឹះសុវត្ថិភាពដើម្បីការពារខ្លួន ដើម្បីធានាបាននូវសុវត្ថិភាពទិន្នន័យ និងគណនី ខាងក្រោមនេះជាវិធានការសំខាន់ៗដែលអ្នកគួរអនុវត្ត៖
- កុំចុច Link ផ្តេសផ្តាស៖ ជៀសវាងដាច់ខាតការចុច Link ពីប្រភពដែលមិនស្គាល់ ឬទោះបីជាផ្ញើពីមិត្តភក្តិក៏ដោយ ប្រសិនបើសារនោះមើលទៅគួរឱ្យសង្ស័យ។
- ពិនិត្យឈ្មោះគេហទំព័រ (Domain)៖ អាននិងពិនិត្យមើលអាសយដ្ឋាន URL ឱ្យបានច្បាស់លាស់ មុនពេលធ្វើការចុចចូល។
- រក្សាការសម្ងាត់៖ កុំបញ្ចូលលេខសម្ងាត់ (Password), លេខកូដ OTP ឬព័ត៌មានគណនីធនាគាររបស់អ្នក តាមរយៈ Link ដែលត្រូវបានគេផ្ញើមកឱ្យសោះ។
- បើកការផ្ទៀងផ្ទាត់ពីរជំហាន (2FA)៖ ត្រូវប្រាកដថាអ្នកបានបើកមុខងារ Two-Factor Authentication សម្រាប់គ្រប់គណនីសំខាន់ៗ ពិសេស Telegram, គណនី Google និង Facebook។
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារ៖ ត្រូវអាប់ដេត (Update) ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ និងកម្មវិធីនានាជាប្រចាំ ដើម្បីទប់ស្កាត់ចន្លោះប្រហោងសុវត្ថិភាព។
សូមចងចាំជានិច្ចនូវពាក្យស្លោក៖ «កុំប្រញាប់ចុច — ពិនិត្យមុនចុច (Think Before You Click)» ដើម្បីសុវត្ថិភាពរបស់លោកអ្នកនៅលើពិភពអ៊ីនធឺណិត។

