នៅក្នុងបរិបទដែលការប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធឌីជីថលកំពុងមានការកើនឡើង ការរក្សាសុវត្ថិភាពគណនីផ្ទាល់ខ្លួន គឺជារឿងដែលអ្នកប្រើប្រាស់គ្រប់រូបត្រូវតែយកចិត្តទុកដាក់ជាទីបំផុត។ ឆ្លើយតបនឹងបញ្ហានេះ យុទ្ធនាការ Go Digital Cambodia របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចេញផ្សាយសារក្រើនរំលឹកមួយ ដើម្បីបង្ហាញដល់សាធារណជនឱ្យបានដឹងពីហានិភ័យ និងទង្វើរបស់ជនខិលខូច បន្ទាប់ពីពួកគេលួចបានគណនីរបស់យើង។
យោងតាមការផ្សព្វផ្សាយជាផ្លូវការរបស់ទំព័រ Go Digital Cambodia បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលឧក្រិដ្ឋជនបច្ចេកវិទ្យាទទួលបានគណនី និងលេខសម្ងាត់របស់អ្នក ពួកគេនឹងយកទៅធ្វើសកម្មភាពចម្បងៗចំនួន ៥ ដូចខាងក្រោម៖
១. ចូលទៅគ្រប់គ្រងគណនីរបស់អ្នក និងប្តូរលេខសម្ងាត់ ដើម្បីកុំឱ្យអ្នកចូលវិញបាន។
២. ចូលអានអ៊ីមែល ឯកសារ ទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីក្លែងបន្លំជាអត្តសញ្ញាណ ឬផ្ញើតំណភ្ជាប់ (Link) បោកបញ្ឆោត (Phishing) ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃ។
៣. សាកល្បងប្រើអ៊ីមែល និងលេខសម្ងាត់របស់អ្នកនោះ ដើម្បីចូលប្រើប្រាស់គណនីផ្សេងៗទៀត។
៤. លក់ព័ត៌មានសម្ងាត់ និងគណនីរបស់អ្នកនៅលើទីផ្សារងងឹត (Dark Web)។
៥. តាមដានសកម្មភាពការប្រើប្រាស់អ៊ីនធឺណិត ឬប្រព័ន្ធប្រតិបត្តិការនានារបស់អ្នក។






តាមរយៈសារដាស់តឿនខាងលើនេះ បានបង្ហាញឱ្យឃើញថា ពេលគណនី និងលេខសម្ងាត់របស់យើងធ្លាក់ចូលក្នុងដៃឧក្រិដ្ឋជនបច្ចេកវិទ្យា វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែរំលោភសិទ្ធិឯកជនភាពរបស់យើងប៉ុណ្ណោះទេ តែថែមទាំងអាចឈានទៅដល់ការឆបោកសាច់ញាតិ និងមិត្តភក្តិរបស់យើងថែមទៀតផង។ ដូច្នេះ ការយល់ដឹងពីហានិភ័យទាំងនេះ គឺជាកត្តាចាំបាច់បំផុតសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល។
ប្រភពដើម៖ ទំព័រហ្វេសប៊ុកផ្លូវការ Go Digital Cambodia (godigital.gov.kh)
