អស់បញ្ហាចុចទូរស័ព្ទច្រើនគ្រឿង! Grab និង T.O Group ដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងការលក់រួមគ្នា
Sakada Techie
MARCH 18 2026
PR
3 mins read

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុន Grab និងក្រុមហ៊ុន T.O Group Co., Ltd. បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីរួមបញ្ចូល API នៃការកុម៉ង់និងដឹកជញ្ជូនម្ហូបអាហាររបស់ Grab ជាមួយប្រព័ន្ធគ្រប់គ្រងការលក់ (POS) របស់ T.O Group ។

កិច្ចសហការនេះនឹងអនុញ្ញាតឱ្យដៃគូអាជីវកម្មរបស់ Grab (Grab Merchant Partners) អាចភ្ជាប់ការកុម៉ង់ម្ហូបអាហាររបស់ GrabFood ដោយផ្ទាល់ទៅកាន់ប្រព័ន្ធ POS របស់ T.O Group ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មគ្រប់គ្រងការកុម៉ង់តាមអនឡាញ និងការលក់ផ្ទាល់នៅក្នុងហាងតាមរយៈប្រព័ន្ធរួមតែមួយ ។ តាមរយៈការរួមបញ្ចូលគ្នានេះ អាជីវករនឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើសមកាលកម្មការកុម៉ង់ដោយស្វ័យប្រវត្តិ ការសម្រួលដល់ប្រតិបត្តិការ និងការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការកុម៉ង់ ការទូទាត់ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ។

Photo 2026 03 18 11.08.59

Photo 2026 03 18 11.09.01

ចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ៖

  • ការរួមបញ្ចូល GrabFood Order API៖ ក្រុមហ៊ុន T.O Group នឹងបញ្ចូល API នៃការកុម៉ង់និងដឹកជញ្ជូនម្ហូបអាហាររបស់ Grab ទៅក្នុងប្រព័ន្ធ POS របស់ខ្លួន ដែលអនុញ្ញាតឱ្យអាជីវករទទួល និងគ្រប់គ្រងការកុម៉ង់ម្ហូបអាហាររបស់ GrabFood ដោយស្វ័យប្រវត្តិនៅក្នុងប្រព័ន្ធ POS របស់ពួកគេផ្ទាល់ ។

  • ការគាំទ្រដល់បរិវត្តកម្មឌីជីថលសម្រាប់អាជីវករនៅកម្ពុជា៖ កិច្ចសហការនេះមានគោលបំណងគាំទ្រដល់ភោជនីយដ្ឋាន និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបៗ ដែលជួយសម្រួលដល់ការគ្រប់គ្រងការបញ្ជាទិញ និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ។

  • ការពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងស្រុក៖ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ Grab និង T.O Group ក្នុងការរួមចំណែកដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាក្នុងស្រុក ។

លោកស្រី ហេង វត្តី នាយកក្រុមហ៊ុន T.O Group បានមានប្រសាសន៍ថា៖ «កិច្ចសហការជាមួយ Grab នេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ T.O Group ក្នុងខណៈពេលដែលយើងបន្តអភិវឌ្ឍប្រព័ន្ធ POS កម្រិតខ្ពស់ និងដំណោះស្រាយកម្មវិធីអាជីវកម្មសម្រាប់អាជីវករកម្ពុជា។ តាមរយៈការបញ្ចូលសេវាកម្មកុម៉ង់ម្ហូបនិងដឹកជញ្ជូនម្ហូបអាហាររបស់ Grab ទៅក្នុងប្រព័ន្ធ POS របស់យើង យើងមានគោលបំណងជួយឱ្យអាជីវកម្មនានាគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងកែលម្អបទពិសោធន៍ទូទៅរបស់អតិថិជន» ។

លោក Mike Kang នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab កម្ពុជានិងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «យើងដឹងហើយថាក្នុងអំឡុងពេលប្រញាប់ខ្លាំងសម្រាប់អាហារថ្ងៃត្រង់ ពេលវេលាគ្រប់វិនាទីគឺសំខាន់ណាស់។ តាមរយៈការរួមបញ្ចូលដោយផ្ទាល់នូវប្រព័ន្ធគ្រប់គ្រងការលក់ (POS) របស់ក្រុមហ៊ុន T.O Group យើងកំពុងតែដកការធ្វើការដោយដៃចេញពីដៃគូអាជីវករ។ ដៃគូរបស់យើងមិនចាំបាច់បើកឧបករណ៍ច្រើន ឬបញ្ចូលការបញ្ជាទិញឡើងវិញដោយដៃទៀតទេ។ នេះគឺជាការផ្តល់ពេលវេលាដល់ម្ចាស់អាជីវកម្មត្រឡប់មកវិញ ដើម្បីឱ្យពួកគាត់អាចផ្តោតលើអ្វីដែលពួកគាត់ធ្វើបានល្អបំផុត ដូចជាការរៀបចំអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ និងបម្រើអតិថិជនរបស់ពួកគាត់» ។

Photo 2026 03 18 11.09.06

Facebook Featured Image

Photo 2026 03 18 11.09.10

អំពីក្រុមហ៊ុន Grab៖

Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រតិបត្តិការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល ។ ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី Grab បម្រើសេវាកម្មជាង ៨០០ ទីក្រុង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ គ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងៗតាមរយៈកម្មវិធីតែមួយ ។

អំពីក្រុមហ៊ុន T.O Group

T.O Group Co., Ltd. គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាដែលមានឯកទេសលើការចែកចាយផ្នែកព័ត៌មានវិទ្យា (IT) ដំណោះស្រាយបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីអាជីវកម្ម ។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៥ ក្រុមហ៊ុនបាននិងកំពុងផ្តល់នូវប្រព័ន្ធ POS និងដំណោះស្រាយកម្មវិធីសហគ្រាស ដែលជួយឱ្យអាជីវកម្មនានាកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងគាំទ្រដល់បរិវត្តកម្មឌីជីថល ។

ទំនាក់ទំនងផ្នែកសារព័ត៌មាន៖

ក្រុមហ៊ុន៖ T.O Group Co., Ltd.

អ៊ីមែល៖ swm@t-ogroup.com

ទូរស័ព្ទ៖ +855 93 999 258

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia