FB អាប់ដេតទៀតហើយ! អ្នកធ្វើវីដេអូផុសទាំងអស់ត្រូវដឹងជាបន្ទាន់ បើមិនចង់ឱ្យ Page ធ្លាក់អ្នកមើល
Sakada Techie
MARCH 16 2026
ឌីជីថល
222 views
2 mins read

ថ្មីៗនេះ Facebook ទើបតែបានបញ្ចេញការអាប់ដេតសំខាន់មួយនៅលើទំព័រ Facebook for Creators ដែលធ្វើឱ្យអ្នកផលិតមាតិកា (Content Creators) ទាំងឡាយមានការភ្ញាក់ផ្អើល និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ ការផ្លាស់ប្តូរថ្មីនេះ ផ្តោតសំខាន់បំផុតទៅលើ "គុណភាពនៃមាតិកាដើម" (Original Content) និងការរឹតបន្តឹងលើការយកវីដេអូគេមកផុសបន្ត។

តើការអាប់ដេតថ្មីនេះមានចំណុចខ្លឹមសារអ្វីខ្លះដែលអ្នកត្រូវដឹង?

១. ផ្តល់តម្លៃខ្លាំងលើ "Originality" (មាតិកាដែលផលិតដោយខ្លួនឯង)

Facebook បញ្ជាក់ច្បាស់ថា ប្រព័ន្ធ Algorithm ថ្មីនឹងផ្តល់អាទិភាពខ្ពស់បំផុត (Boost Reach) ទៅកាន់វីដេអូណាដែលផលិតឡើងដោយដៃខ្លួនឯងផ្ទាល់ មិនមែនជាការយកវីដេអូពីប្រភពផ្សេងមកកែច្នៃបន្តិចបន្តួចនោះទេ។ បើអ្នកចង់ឱ្យ Page មានអ្នកមើល (Views) ច្រើនដូចមុន យុទ្ធសាស្ត្រថតខ្លួនឯង និយាយខ្លួនឯង គឺជាជម្រើសល្អបំផុត។

២. ការរឹតបន្តឹងលើ "Unoriginal Content" (មាតិកាចម្លង)

សម្រាប់បងប្អូនដែលចូលចិត្ត "Re-up" ឬយកវីដេអូគេមកកាត់តដាក់តន្ត្រី ឬគ្រាន់តែដាក់អក្សរពីលើ ប្រយ័ត្នឱ្យមែនទែន! Facebook នឹងកាត់បន្ថយការចែកចាយ (Limited Reach) ទៅកាន់វីដេអូទាំងនោះភ្លាមៗ។ អាក្រក់ជាងនេះទៅទៀត Page របស់អ្នកអាចនឹងប្រឈមមុខនឹងការបាត់បង់មុខងាររកលុយ (Monetization) ទៀតផង។

៣. ច្បាប់ថ្មីសម្រាប់ការ Remix និង Reaction

ទោះបីជា Facebook អនុញ្ញាតឱ្យធ្វើការ Remix ឬ Reaction ក៏ដោយ ប៉ុន្តែការអាប់ដេតថ្មីនេះតម្រូវឱ្យអ្នកមានការបន្ថែម "តម្លៃថ្មី" (Creative Value) ទៅក្នុងវីដេអូនោះឱ្យបានច្រើន។ បើគ្រាន់តែអង្គុយងក់ក្បាល ឬសើចតាមវីដេអូគេដោយគ្មានការអត្ថាធិប្បាយ ឬការកែច្នៃថ្មីទេ នោះក៏អាចរាប់ចូលជាមាតិកាគុណភាពទាបដែរ។

៤. ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាកាន់តែឆ្លាតវៃ

Meta បានពង្រឹងប្រព័ន្ធ Content ID របស់ខ្លួន ដើម្បីស្វែងរកវីដេអូដែលលួចពីគ្នាបានលឿនជាងមុន។ នេះជាដំណឹងល្អសម្រាប់ Creator ដែលខំផលិតមាតិកាដោយខ្លួនឯង ព្រោះវីដេអូរបស់អ្នកនឹងត្រូវបានការពារ ហើយអ្នកដែលលួចយកទៅផុសនឹងត្រូវប្រព័ន្ធចាប់បានភ្លាមៗ។

ចាបខៀវ សូមណែនាំដល់បងប្អូនអ្នកមានផេកទាំងអស់ ទាំងអស់ថា៖ "គួរឈប់ផ្តោតលើបរិមាណ (Quantity) ហើយងាកមកផ្តោតលើគុណភាព និងភាពច្នៃប្រឌិត (Originality) វិញ"។ នេះគឺជាផ្លូវតែមួយគត់ដែលធ្វើឱ្យ Page របស់អ្នករឹងមាំ និងមានអ្នកមើលច្រើនយូរអង្វែង។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia