ក្រុមហ៊ុន Google បានប្រកាសចេញផ្សាយម៉ូដែល AI ជំនាន់ថ្មី Gemini 3.8 Flash ជាផ្លូវការនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៦។ ការប្រកាសនេះបានបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដោយសារតែសមត្ថភាពនៃការគិតគូរ និងការសរសេរកូដ ត្រូវបានអភិវឌ្ឍឱ្យស្ទើរតែស្មើ ឬលើសម៉ូដែលកម្រិតកំពូល តែត្រូវដាក់ឱ្យប្រើប្រាស់ក្នុងតម្លៃទាបបំផុត។ ជាមួយគ្នានេះ Google ក៏បានណែនាំម៉ូដែលពិសេស Gemini 3.8 Flash Cyber សម្រាប់ស្ថាប័នសុវត្ថិភាពបច្ចេកវិទ្យាផងដែរ។

ចំណុចស្នូលដែលធ្វើឱ្យ Gemini 3.8 Flash ក្លាយជាប្រធានបទក្តៅ គឺសមាមាត្ររវាង តម្លៃ និងប្រសិទ្ធភាព។ Google បានរក្សាតម្លៃផ្តល់ជូនដំបូងត្រឹមតែ ០.៧៥ ដុល្លារ ក្នុង ១ លាន Tokens សម្រាប់ Input និង ៣.៧៥ ដុល្លារ ក្នុង ១ លាន Tokens សម្រាប់ Output រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ (មុនពេលដំឡើងទៅតម្លៃស្តង់ដារ ១.៥០/៧.៥០ ដុល្លារ នៅឆ្នាំ ២០២៧) តម្លៃនេះទាបជាង ៥ ទៅ ៦ ដងបើប្រៀបធៀបទៅនឹងម៉ូដែលធំៗដូចជា Claude Opus 5 (២៥ ដុល្លារ Output) ឬ GPT-5.6 (១២ ដុល្លារ Output) ប៉ុន្តែសមត្ថភាពដំណើរការការងារជាក់ស្តែង គឺខ្ពស់ប្រកួតប្រជែងបានយ៉ាងរលូន។
តាមរយៈលទ្ធផលតេស្ត Benchmark ផ្លូវការដែលចេញផ្សាយដោយ Google ម៉ូដែល Gemini ៣.៨ Flash បានធ្វើឱ្យមានការផ្លាស់ប្តូរជញ្ជីងសមត្ថភាព AI យ៉ាងច្បាស់។ នៅលើតេស្តសរសេរកូដកម្រិតខ្ពស់ DeepSWE v1.1 វាទទួលបានពិន្ទុ ៧៣.៧% (ស្មើគ្នាទៅនឹង Claude Opus 5 ដែលបាន ៧៤.០%) ហើយនៅលើ Terminal-Bench 2.1 វាទទួលបានរហូតដល់ ៨៩.៤% ដែលឈ្នះម៉ូដែលធំៗស្ទើរតែទាំងអស់។ សមត្ថភាពនេះកើតចេញពីស្ថាបត្យកម្មថ្មីដែល Google បង្កើតឱ្យ AI ខិតខំប្រឹងប្រែងជាងមុន ដោយវាបង្កើនជំនាញគិតច្រើនជំហាន និងប្រើប្រាស់ឧបករណ៍ ដោយស្វ័យប្រវត្តិកែប្រែកូដ ឬដោះស្រាយបញ្ហាសមុគស្មាញបានយ៉ាងមានប្រសិទ្ធភាព។

គូសបញ្ជាក់ផងដែរថា ការបង្ហាញខ្លួនរបស់ Gemini 3.8 Flash នៅដើមខែកញ្ញា ឆ្នាំ ២០២៦ នេះ មិនត្រឹមតែជាការឈានមុខផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារ AI ទាំងមូល។ វាបានលុបបំបាត់ជំនឿចាស់ដែលថា "ទាល់តែម៉ូដែលថ្លៃ ទើបមានសមត្ថភាពខ្លាំង" ដោយផ្តល់ឱកាសឱ្យអ្នកអភិវឌ្ឍន៍ (Developers) និងក្រុមហ៊ុនអាជីវកម្មអាចបង្កើតប្រព័ន្ធ AI Agent ដ៏ឆ្លាតវៃបានក្នុងតម្លៃទាបបំផុត។ បច្ចុប្បន្ន អ្នកប្រើប្រាស់អាចចូលប្រើប្រាស់តាមរយៈ Google AI Studio, Gemini Enterprise និងកម្មវិធី Gemini App (សម្រាប់គម្រោង Google AI Pro/Ultra) បានភ្លាមៗ។
