ស្ថាបនិកខ្មែរពីររូបរួមដៃគ្នាបង្កើត App រុករកទីតាំងលំហែកម្សាន្តក្នុងប្រទេសកម្ពុជា ព្រមទាំងបញ្ជាក់លម្អិតពីទីតាំង និងតម្លៃច្បាស់ៗ
Khunna - ឃុនណា
MAY 27 2026
អាជីវកម្ម 4.0
257 views
5 mins read

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចជាតិ យុវជនកម្ពុជាជាច្រើនបាននិងកំពុងបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការបង្កើតនូវដំណោះស្រាយឌីជីថលថ្មីៗ។ ថ្ងៃនេះ ក្រុមការងារ Technology Cambodia មានសេចក្តីសោមនស្សរីករាយ ដែលបានជួបសម្ភាសន៍ផ្ទាល់ជាមួយយុវជនឆ្នើមពីររូប គឺលោក ចន្ថា ស៊ីណាត ដែលជានិស្សិតជំនាញ ផ្នែកវិស្វកម្មកម្មវិធី (Software Engineering) មកពីសាកលវិទ្យាល័យ Limkokwing និងលោក សំណាង សកល ជានិស្សិតជំនាញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រមកពីសាកលវិទ្យាល័យ ParagonIU ដែលជាសហស្ថាបនិកនៃកម្មវិធី GoLoca App

Go Loca Logo Go Loca App

លោក ចន្ថា ស៊ីណាត (Chantha Sinat) បច្ចុប្បន្នជានិស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យ លីមកុកវីង Limkokwing University។ នៅក្នុងគម្រោង GoLoca នេះ លោកទទួលបន្ទុកទៅលើការរៀបចំចក្ខុវិស័យយុទ្ធសាស្ត្រ និងការជម្រុញការរីកចម្រើនរបស់វេទិកាទាំងមូល។ ចំណែកឯលោក សំណាង សកល (Samnang Sakal) ជាសហស្ថាបនិក ដែលជាបេក្ខជនបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន Paragon International University។ លោកបានចូលខ្លួនមកបំពេញបន្ថែមលើផ្នែកបច្ចេកវិទ្យា ដោយសារលោកមានបទពិសោធន៍ស៊ីជម្រៅជាច្រើនឆ្នាំលើវិស័យហេដ្ឋារចនាសម្ព័ន្ធ FinTech, វេទិកាទូរស័ព្ទដៃ និងវិស័យពាណិជ្ជកម្មឌីជីថលជាដើម។

Photo 2026 05 27 16 44 40

Photo 2026 05 27 16 44 47

GoLoca App គឺជាកម្មវិធីទូរស័ព្ទដៃមួយ ដែលប្រមូលផ្តុំរាល់កន្លែងដើរលេង ហាងកាហ្វេប្លែកៗ និងហាងអាហារឆ្ងាញ់ៗនៅក្នុងប្រទេសកម្ពុជា មកដាក់នៅកន្លែងតែមួយ ដើម្បីកុំឱ្យយើងពិបាកចំណាយពេលដើររកមើលតាម Facebook TikTok ទៀត។ សម្រាប់អ្នកប្រើប្រាស់ វាជួយឱ្យអ្នកប្រើប្រាស់រកឃើញកន្លែងប្លែកៗ និងសម្រេចចិត្តបានលឿនថា «គួរទៅលេង ឬទៅញ៉ាំអីនៅឯណា»។ ចំណែកឯសម្រាប់ម្ចាស់អាជីវកម្មក្នុងស្រុកវិញ App នេះជួយផ្សព្វផ្សាយហាងរបស់ពួកគាត់ឱ្យមនុស្សស្គាល់កាន់តែច្រើន និងមានឧបករណ៍បច្ចេកវិទ្យាសម្រាប់គ្រប់គ្រងហាង និងដាក់ប្រម៉ូសិនទាក់ទាញអតិថិជនផងដែរ។ និយាយឱ្យខ្លី GoLoca គឺជា App ជំនួយការឆ្លាតវៃ បើកមើលភ្លាម ដឹងភ្លែតថាមានកន្លែងណាឡូយៗជុំវិញខ្លួនយើង។

Screenshot 2026 05 27 163418

GoLoca ត្រូវបានបើកដំណើរការផ្តើមជាផ្លូវការនៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ នៅពេលដែលរូបលោកទាំងពីរបានយកគំនិតស្នូលមកច្នៃឱ្យចេញជារូបរាង។ ចាប់តាំងពីពេលនោះមក រហូតមកដល់ពេលបច្ចុប្បន្នពោល គឺនៅក្នុងខែឧសភា ឆ្នាំ២០២៦ នេះ រូបលោកទាំងពីរបានចំណាយពេល និងកម្លាំងចិត្តទាំងស្រុងក្នុងការរួមបញ្ចូលគ្នារវាងចំណុចខ្លាំងផ្នែកអាជីវកម្ម និងបច្ចេកវិទ្យា ដើម្បីបង្កើត កែលម្អ និងត្រៀមលក្ខណៈជាស្រេចក្នុងការដាក់ដំណើរការវេទិកាមួយនេះក្នុងគោលបំណងផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។

ស្ថាបនិកទាំងពីររូប បានបង្ហាញពីគំនិតបង្កើត GoLoca នេះគឺ កើតចេញពីការធុញទ្រាន់នឹងបញ្ហាសាមញ្ញៗដែលមនុស្សជួបប្រទះរាល់ថ្ងៃនោះគឺ ព័ត៌មានដែលនៅរាយប៉ាយ និងគ្មានសណ្តាប់ធ្នាប់ ដោយមិនមានលម្អិតច្បាស់លាស់ពីរបស់អ្វីមួយ មានន័យថាបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា ប្រសិនបើអ្នកចង់ស្វែងរកហាងកាហ្វេក្នុងស្រុកដ៏ទាក់ទាញមួយ កន្លែងដើរលេងលាក់ខ្លួនពីភ្នែកមនុស្ស ឬហាងអាហារថ្មីៗ អ្នកត្រូវចំណាយពេលរុករកច្រើនណាស់។ អ្នកត្រូវចូលមើលទំព័របណ្តាញសង្គមជាច្រើន ផ្លាស់ប្តូរពីកម្មវិធីមួយទៅកម្មវិធីមួយ ឬពឹងផ្អែកទាំងស្រុងលើការសាកសួរពីមាត់មួយទៅមាត់មួយ ដែលវាខាតពេលវេលាច្រើនណាស់សម្រាប់អ្នកប្រើប្រាស់។

Img 4230

ទន្ទឹមនឹងនេះហើយ ទើបរូបលោកទាំងពីរ សង្កេតឃើញមានគម្លាតដ៏ធំមួយសម្រាប់ អាជីវករក្នុងស្រុក។ មានអាជីវកម្មក្នុងស្រុកប្លែកៗ និងល្អៗជាច្រើនដែលមានផលិតផលដ៏អស្ចារ្យ ប៉ុន្តែពួកគាត់ខ្វះខាតឧបករណ៍ឌីជីថល និងឱកាសក្នុងការបង្ហាញខ្លួនដើម្បីទៅដល់អតិថិជនឱ្យបានទូលំទូលាយ។ នេះហើយជាកាតាលីកររបស់ស្ថាបនិកទាំងពីរ។ ជារួម គោលដៅ គឺជួយឱ្យអ្នកប្រើប្រាស់អាចសម្រេចចិត្តបានលឿន និងងាយស្រួលថាត្រូវទៅកន្លែងណា ហើយក្នុងពេលតែមួយ ក៏ជួយផ្តល់ឱកាសឱ្យអាជីវករក្នុងស្រុកមានមុខមាត់លើប្រព័ន្ធឌីជីថល និងមានឧបករណ៍បច្ចេកវិទ្យាដើម្បីរីកចម្រើនផងដែរ។ នេះបើតាមគំនិតរបស់លោក ចន្ថា ស៊ីណាត និង លោក សំណាង សកល គឺចង់ឱ្យ GoLoca ក្លាយជា App តែមួយគត់ដែលមនុស្សគ្រប់គ្នាបើកមើលភ្លាម នៅពេលចង់ស្វែងរកអ្វីដែលល្អបំផុតនៅក្នុងសហគមន៍របស់ពួកគេ ដែលងាយស្រួលក្នុងការស្វែងរកកន្លែងលំហែអារម្មណ៍ទាំងជិត និងឆ្ងាយក្នុងប្រទេសកម្ពុជា។ 

បើនិយាយទៅដល់ចំណុចពិសេសេពីធនធានក្នុងការបង្កើត App មួយនេះឡើង ស្ថាបនិកទាំងពីររូបនេះបានប្រាប់ឲ្យដឹងថា គឺទាមទារការបែងចែកយុទ្ធសាស្ត្រច្បាស់លាស់ទាំងផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស ហើយវាអាស្រ័យទៅតាមដំណាក់កាលនៃផលិតផល៖

  • ចំពោះដើមទុនហិរញ្ញវត្ថុ៖ ដើម្បីបង្កើតត្រឹម MVP (Minimum Viable Product ដែលជាជំនាន់ដំបូងមានមុខងារស្នូលសម្រាប់សាកល្បងទីផ្សារ ជារួមត្រូវការទុនចន្លោះពី ២,០០០ ដុល្លារ ដល់ ៥,០០០ ដុល្លារ។ ប៉ុន្តែដើម្បីពង្រីកវាឱ្យទៅជាវេទិកាដែលមានសុវត្ថិភាពពេញលេញ មានការរចនាស្អាត និងរឹងមាំជាមួយមុខងារស្មុគស្មាញជាច្រើន ថវិកាអាចនឹងត្រូវចំណាយចន្លោះពី $១០,០០០ ដល់ $៣០,០០០+។
  • សម្រាប់ធនធានមនុស្ស៖ ការមានក្រុមការងារគ្រឹះដ៏រឹងមាំគឺជារឿងសំខាន់បំផុត ទោះមានជំនាញខាង FinTech និង Mobile Infrastructure ក៏ដោយ ប៉ុន្តែដើម្បីពង្រីកខ្លួន យើងនៅតែត្រូវការពង្រីកក្រុមការងារបន្ថែម រួមមាន៖ UI/UX Designer (អ្នករចនាផ្ទៃកម្មវិធីឱ្យងាយស្រួលប្រើ), ក្រុម Frontend និង Backend Developers ដើម្បីអភិវឌ្ឍមុខងារកម្មវិធី និងក្រុមប្រតិបត្តិការ ដើម្បីចុះទៅទំនាក់ទំនង និងសហការជាមួយអាជីវករផ្ទាល់។
  • ផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ៖ ក្រៅពីកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់សម្រាប់សរសេរកូដ ថវិកាមួយផ្នែកធំត្រូវចំណាយទៅលើការចំណាយប្រចាំខែ ដូចជា Cloud Hosting/Servers ឧទាហរណ៍ AWS Google Cloud ដើម្បីរក្សាទុកទិន្នន័យដោយសុវត្ថិភាព, ការចុះឈ្មោះ Domain, និងគណនី Developer នៅលើ App Store និង Google Play Store ជាដើម។

660729018 122216104202292834 7643812633181293235 N

ស្ថាបនិកទាំងពីររូបលោក​ ចាន់ថា ស៊ីណាត និងលោក សំណាង សកល បានបង្ហាញពីចក្ខុវិស័យធំ គឺចង់ឱ្យ GoLoca ក្លាយជា App តែមួយគត់ដែលមនុស្សគ្រប់គ្នាបើកមើល ដើម្បីស្វែងរក និងទទួលបានបទពិសោធន៍ពីកន្លែងល្អៗនៅក្នុងស្រុក មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺនៅទូទាំងតំបន់តែម្តង។ រូបលោកទាំងពីរកំពុងអភិវឌ្ឍវេទិកានេះឱ្យលើសពីកម្មវិធីបញ្ជីរាយនាមធម្មតា។ ផែនទីយុទ្ធសាស្ត្ររបស់ GoLoca រួមមាន៖

  • ប្រព័ន្ធណែនាំវៃឆ្លាត៖ ការបញ្ចូលបច្ចេកវិទ្យាដែលឆ្លាតវៃ ដើម្បីណែនាំទីកន្លែងនានាឱ្យត្រូវទៅតាមចំណង់ចំណូលចិត្ត និងទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ម្នាក់ៗ។
  • មុខងារសហគមន៍៖ បង្កើនការចូលរួមរបស់អ្នកប្រើប្រាស់ ដែលអនុញ្ញាតឱ្យសហគមន៍របស់យើងអាចចែករំលែកការវាយតម្លៃ ការផ្តល់ផ្កាយ និងរូបភាពពិតៗបានភ្លាមៗ។
  • ការផ្តល់សិទ្ធិដល់អាជីវករ៖ ផ្តល់ជូនម្ចាស់អាជីវកម្មនូវផ្ទាំងគ្រប់គ្រងកម្រិតខ្ពស់ (Advanced Dashboards) ដើម្បីគ្រប់គ្រងវត្តមានអនឡាញរបស់ពួកគេ បង្កើតកម្មវិធីប្រម៉ូសិនចំគោលដៅ និងអាចភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយអតិថិជនរបស់ពួកគេបានយ៉ាងងាយស្រួល។

Tech Startup Ideas

ជាចុងក្រោយលោក ចន្ថា ស៊ីណាត និងលោក សំណាង សកល ដែលជាសហស្ថាបនិក App Goloca បានផ្តល់ជាពាក្យពេជន៍ផ្តាំផ្ញើ សម្រាប់សហគ្រិនវ័យក្មេងកម្ពុជាដែលចង់ឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យា ឬ Start Up រូបលោកទាំងពីរមានដំបូន្មានស្នូល មួយចំនួនចង់ចែករំលែកនោះគឺ៖

សូមស្រឡាញ់បញ្ហា កុំស្រឡាញ់ដំណោះស្រាយរបស់ខ្លួនឯង កុំបង្កើត App មួយគ្រាន់តែដោយសារវាស្តាប់ទៅឡូយ​​ ឬអស្ចារ្យ។ ត្រូវបង្កើតវាឡើងព្រោះវាអាចដោះស្រាយបញ្ហាពិតប្រាកដ ដែលមនុស្សជួបប្រទះរាល់ថ្ងៃ។ ប្រសិនបើវេទិការបស់អ្នកមិនអាចដោះស្រាយបញ្ហាពិតប្រាកដបានទេ មនុស្សនឹងមិនប្រើប្រាស់វាឡើយ។ អ្នកត្រូវមានសហស្ថាបនិក ឬសមាជិកក្រុមដែលមានជំនាញបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងត្រូវមានតុល្យភាពរវាងអ្នកពូកែសរសេរកូដ ជាមួយអ្នកខ្លាំងខាងអភិវឌ្ឍន៍អាជីវកម្ម ផ្នែកទីផ្សារ និងផ្នែកប្រតិបត្តិការ។

ជួបការបរាជ័យលឿន រៀនឱ្យកាន់តែលឿន ព្រោះប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដើរលឿនខ្លាំងណាស់។ អ្នកនឹងខុស ហើយមុខងារខ្លះនឹងត្រូវបរាជ័យ តែកុំទន់ជ្រាយ ត្រូវចាត់ទុកបរាជ័យនោះជាទិន្នន័យសម្រាប់រៀនសូត្រ សូមស្ដាប់អ្នកប្រើប្រាស់របស់អ្នក ហើយបត់បែនយុទ្ធសាស្ត្រឱ្យបានលឿន។ ចាប់ផ្តើមពីតូច គិតឱ្យធំ អ្នកមិនចាំបាច់ទៅវាយលុកទូទាំងតំបន់តាំងពីថ្ងៃដំបូងនោះទេ ត្រូវផ្តោតលើការវាយលុកទីផ្សារគោលដៅតូចមួយ ឱ្យបានច្បាស់លាស់ជាមុនសិន។ នៅពេលដែលអ្នកមានគ្រឹះដ៏រឹងមាំហើយ ទើបពង្រីកមហិច្ឆតារបស់អ្នកទៅថ្នាក់ជាតិ ឬអន្តរជាតិបានយ៉ាងខ្លាំងក្លាបំផុត។

ចាប់ផ្តើមដំណើររបស់អ្នកឥឡូវនេះជាមួយ GOLOCA Download https://goloca.onelink.me/f2IK/share

សម្រាប់ម្ចាស់អាជីវកម្មដែលមានរមណីយដ្ឋាន និងកន្លែងកំសាន្តនានាចាប់អារម្មណ៍ចង់ដំឡើងនៅលើ App សូមធ្វើការទាក់ទងទៅកាន់ Page Facebook GOLOGA ឬតេលេក្រាម @sinat08


អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia