កម្មវិធី Gemini នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចលុបសញ្ញា Watermark លើរូបភាពបានដោយឥតគិតថ្លៃ
Khunna - ឃុនណា
AUGUST 18 2026
ឌីជីថល
111 views
2 mins read

ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការថា អ្នកប្រើប្រាស់នឹងអាចលុប ឬបិទសញ្ញាសម្គាល់ (Visible Watermark) ដែលមើលឃើញនៅលើរូបភាព វីដេអូ និងបទចម្រៀង ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI របស់ខ្លួនបាន។ លោក Josh Woodward អនុប្រធានផ្នែក Gemini របស់ Google បានឱ្យដឹងថា មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅលើម៉ូឌែល AI សំខាន់ៗដូចជា Nano Banana, Omni និង Lyria ដោយអ្នកប្រើប្រាស់អាចចូលទៅកំណត់បិទវាបាននៅក្នុងកម្មវិធី Gemini, កម្មវិធីកាត់តវីដេអូ Flow ហើយនឹងពង្រីកទៅកាន់ Google Search នាពេលឆាប់ៗខាងមុខ។

Images

ការកែប្រែថ្មីនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបង្កើតមាតិកា និងអ្នកជំនាញច្នៃប្រឌិត ដែលជារឿយៗជួបការលំបាកក្នុងការយកមាតិកា AI ទៅប្រើប្រាស់ក្នុងកិច្ចការងារផ្លូវការ ដោយសារតែមានសញ្ញាសម្គាល់បាំងនៅលើរូបភាព ឬវីដេអូ។ ទោះជាយ៉ាងណាក៏ដោយ Google បានបញ្ជាក់ថា ការបិទសញ្ញាសម្គាល់ដែលមើលឃើញដោយភ្នែកនេះ នឹងមិនប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពអរូប SynthID និងទិន្នន័យសម្គាល់ C2PA Standard ដែលបង្កប់ក្នុងសាច់រូបភាពនោះឡើយ។ អ្នកប្រើប្រាស់នៅតែអាចប្រើ Gemini Google Search ដើម្បីពិនិត្យមើលថា តើមាតិកានោះត្រូវបានបង្កើតដោយ AI ឬយ៉ាងណាបានដដែល។

មុខងារនេះនឹងត្រូវដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយអ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Settings > Media Watermark ដើម្បីជ្រើសរើសបើក ឬបិទសញ្ញាសម្គាល់បានតាមចិត្ត។ លើសពីនេះ Google ក៏បានបើកចំហកូដ (Open-source) បណ្ណាល័យថ្មីមួយឈ្មោះថា Credentio ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី (Developers) អាចយកប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃមាតិកា AI នេះទៅបង្កប់ប្រើប្រាស់នៅក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ពួកគេបានផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia