ថ្មីៗនេះស្ថាប័ន Counterpoint ទើបតែទម្លាយរបាយការណ៍ស្រាវជ្រាវថ្មី ដោយបានបង្ហាញពីតម្លៃនៃគ្រឿងបង្គុំទាំងមូលឬហៅថា Bill of Materials(BoM) របស់កំពូលស្មាតហ្វូន Samsung Galaxy S23 Ultra ដោយចំណាយអស់ត្រឹមតែ $469 តែប៉ុណ្ណោះ ហើយតម្លៃនេះគឺសម្តៅទៅលើប្រភេទ Base Model ដែលមានទំហំ RAM 8GB និង Storage 256GB ។
ប្រភពដដែលក៏បានបន្តថា ក្នុងមួយតួខ្លួនរបស់ Galaxy S23 Ultra ផ្នែកដែលចាយអស់ច្រើនជាងគេគឺទៅលើ Proccesor ជាមួយនឹង Celular ដែលមានចំនួនរហូតទៅដល់់ 35% ឯណោះ ដោយក្នុងនោះ Samsung បានបំពាក់ឈីបជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 2 ។ លើសពីនេះទៅទៀត Samsung បានជ្រើសរើសយកឈីបជំនាន់ចុងក្រោយរបស់ Qualcomm នេះគឺដើម្បីពង្រឹងលើប្រព័ន្ធសេវាទូរស័ព្ទក៏ដូចជាជួយបង្កើនល្បឿនទាំង CPU និង GPU រួមទាំងការសន្សំសំចៃថ្មផងដែរ។
គ្រឿងដែល Samsung ចាយច្រើនជាងគេទីពីរគឺទៅលើអេក្រង់ ដោយវាមានចំនួនរហូតដល់ 18% ឯណោះនៃចំនួន BoM សរុប ហើយសម្រាប់ផ្នែកផ្សេងៗគឺមានចំនួន 15% ដែលផ្នែកទាំងអស់នោះមានដូចជា Vibrator, Waterproffing, Resistor និង Connector ជាដើម។
យ៉ាងណាមិញក្នុងចំណោមគ្រឿងបង្គុំផ្សេងៗដែលគេបានបំពាក់នៅក្នុងកំពូលស្មាតហ្វូន Galaxy S23 Ultra គឺមាន Supllier ជាច្រើនសម្រាប់ផ្គត់ផ្គង់រួមជាមួយ Samsung ខ្លួនឯងផងដែរ មិនតែប៉ុណ្ណោះយើងឃើញថា អ្នកផ្គត់ផ្គង់ដែលមានភាគរយច្រើនជាងគេនៅក្នុង Galaxy S23 Ultra គឺក្រុមហ៊ុនផ្គត់ផ្គង់ឈីប Qualcomm ដែលមានចំនួនរហូតដល់ 34% ឯណោះ។
គូសបញ្ជាក់ផងដែរថាសម្រាប់ការចំណាយទៅលើគ្រឿងបង្គុំផ្សេងៗនៃកំពូលស្មាតហ្វូននេះ គឺគេមិនទាន់បូកបញ្ចូលជាមួយនឹងការចំណាយផ្សេងទៀតដូចជា ការស្រាវជ្រាវ(R&D) ការធ្វើទីផ្សារ ឬការធានានោះទេ។
អត្ថបទដោយ៖ រិន មករា