គួរឲ្យសរសើរ! ផ្តើមពីក្មេងស្រុកស្រែ ដែលគ្មានសូម្បីតែកុំព្យូទ័ររៀន រហូតក្លាយជាអ្នកបង្កើតបណ្ណាល័យ AI បណ្តុះគំនិតយុវជននៅកម្ពុជា
Khunna - ឃុនណា
SEPTEMBER 9 2026
Tech Founder
161 views
12 mins read

នៅក្នុងយុគសម័យនៃការប្រែប្រួលឌីជីថលយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទម្លាប់ធ្វើការងារ និងបង្កើនផលិតភាពប្រចាំថ្ងៃរបស់មនុស្សជុំវិញពិភពលោក។ ដើម្បីយល់កាន់តែច្បាស់អំពីឱកាស បញ្ហាប្រឈម និងការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេសកម្ពុជា ដូច្នេះ Technology Cambodia - ចាបខៀវ នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីដំណើរជីវៈប្រវត្តិរបស់លោក លោក អ៊ាត់ សួរ ដែលជា AI Instructor និងជាស្ថាបនិក Skill Next — ជំនាញអនាគត កន្លែងបង្រៀនជំនាញ AI និង Automation ជាភាសាខ្មែរ។

Photo 2026 09 09 11 20 06

លោក អ៊ាត់ សួរ មានអាយុ ៣០ ឆ្នាំ។ លោកកើតនៅ ភូមិរកា ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ សព្វថ្ងៃ លោកជា AI Instructor និងជាស្ថាបនិក Skill Next — ជំនាញអនាគត ដែលជាកន្លែងបង្រៀនជំនាញ AI និង Automation ជាភាសាខ្មែរ។ ក្រៅពីនេះ លោកក៏ជាអ្នកផលិតមាតិកានៅ កម្ពុជា ៤.០ - Cambodia 4.0 ផងដែរ។

Chat GPT Image Sep 7, 2026, 12 05 19 Pm

ចំពោះប្រវត្តិសិក្សា និងបទពិសោធន៍ការងាររបស់លោកផ្ទាល់៖ 

  • ឆ្នាំ ២០១៦៖ លោកបានបញ្ចប់ការសិក្សាថ្នាក់ទី ១២ នៅវិទ្យាល័យគោកដូង។
  • ឆ្នាំ ២០២០៖ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចាប់យកជំនាញការបង្រៀនភាសាអង់គ្លេស នៅសាកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប។
  • និងការងារនៅ KOOMPI (ចុងឆ្នាំ ២០១៩ - ពាក់កណ្តាលឆ្នាំ ២០២៤) ពេលកំពុងរៀនឆ្នាំទី ៤ ដោយសារចង់ចេះចង់ដឹង និងចង់រៀននូវជំនាញថ្មីៗបន្ថែមទៀតដើម្បីបំពេញនូវចម្លោះខ្វះខាតរបស់ខ្លួន ជាពិសេសជំនាញបច្ចេកវិទ្យា លោកក៏បានសម្រេចចិត្តចូលធ្វើការជា Facilitator (អ្នកសម្របសម្រួល) នៅក្រុមហ៊ុន KOOMPI អស់រយៈពេលជិត ៥ ឆ្នាំ។

Image 2026 09 09 13 22 30

នៅទីនោះ លោកបានខិតខំរៀនដោយខ្លួនឯង និងទទួលបានជំនួយពីរៀមច្បងក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសផ្នែក Open Source ចាប់ពីមូលដ្ឋានគ្រឹះ ICT, KOOMPI OS រហូតដល់កម្មវិធី Open Source ផ្សេងៗ។ ក្រោយពេលរៀនរហូតស្ទាត់ លោកបានយកចំណេះដឹងទាំងនោះទៅបង្រៀន និងណែនាំដល់សិស្ស និងគ្រូបង្រៀន នៅតាមសាលារៀន និងក្រុមហ៊ុនដែលជាដៃគូរបស់ KOOMPI។ ក្នុងកំឡុងពេលនោះ លោកក៏បានចូលរួមដំឡើងបន្ទប់កុំព្យូទ័រ KOOMPI នៅវិទ្យាល័យចំនួន ៦ ក្នុងខេត្តផ្សេងៗទូទាំងប្រទេស ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមពីនេះ ក្នុងនាមក្រុមការងារ KOOMPI លោកក៏បានចូលរួមផលិតមេរៀនឌីជីថលដាក់លើ សាលាឌីជីថល (Sala) ដែលជាថ្នាលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

Photo 2026 09 09 09 56 40

មេរៀនដែលលោកបានចូលរួមផលិតមានដូចជា មូលដ្ឋានគ្រឹះ ICT, Internet & Email, Google Workspace, មូលដ្ឋានគ្រឹះនៃការរចនាក្រាហ្វិក និងរបៀបផលិតមាតិកាឌីជីថល https://sala.moeys.gov.kh/kh/sala/koompi-steam/home

ទោះមមាញឹកជាមួយការងារយ៉ាងណា លោកមិនដែលឈប់ស្វែងរកចំណេះដឹងថ្មីៗនៅលើ Internet ដើម្បីរៀនដោយខ្លួនឯងឡើយ។ នៅឆ្នាំ ២០២៤ លោកទទួលបានឱកាសធ្វើជាអ្នកផលិតមាតិកា ចែករំលែកចំណេះដឹងអក្ខរកម្មឌីជីថលនៅ Cambodia 4.0https://cambodia4point0.org/kh

រឿងដែលធ្វើឱ្យលោកសម្រេចចិត្តចេញមកធ្វើដោយខ្លួនឯង គឺដោយសារតែការងារចម្បងរបស់លោកនៅ KOOMPI គឺការបង្រៀន និងសម្របសម្រួលនៅតាមសាលារៀន ដែលភាគច្រើនជាការងារ Offline។ លោកធ្វើការងារនេះអស់ជិត ៥ ឆ្នាំ។ ថ្ងៃមួយពេលលោកកំពុងឈរបង្រៀនសិស្ស លោកក៏គិតថា៖

«ពេលនេះ ម៉ោងនេះលោកឈរនៅទីនេះ លោកបង្រៀនសិស្សបានតែ ៥០ នាក់តែប៉ុណ្ណោះ បើលោកផលិតជាវីដេអូបង្រៀន លោកអាចបង្រៀនសិស្សបានទូទាំងប្រទេស។»

បន្ទាប់មក លោកក៏នឹកដល់វ័យកុមារភាពរបស់លោក កាលនៅរៀន លោករៀននៅស្រុកស្រែ ក្រៅពីមេរៀននៅសាលាម៉ោងរៀនរដ្ឋ លោកពុំមានឱកាសបានរៀនសូត្របន្ថែមដូចសិស្សនៅក្រុងនោះឡើយ។ លោកក៏គិតទៀតថា៖

«បើលោកម្នាក់ឯងផលិតវីដេអូមេរៀន សិស្សនឹងទទួលបានតែចំណេះមេរៀន ICT ប៉ុណ្ណោះ តែប្រសិនបើមានលោកគ្រូអ្នកគ្រូមុខវិជ្ជាផ្សេងទូទាំងប្រទេសផលិតវីដេអូមេរៀនដូចលោកដែរ ពេលនោះសិស្សគ្រប់ទីមជ្ឈដ្ឋានទាំងអស់នឹងទទួលបានចំណេះដឹងច្រើនសម្បូរបែបបន្ថែមទៀត។»

ដំណើរមួយពាន់យោជន៍ គឺចាប់ផ្តើមចេញពីមួយជំហាន ដូច្នេះហើយដើម្បីឱ្យមាតិការសម្បូរបែបគឺចាប់ផ្តើមពីលោកមុន។ លោកបានចំណាយពេលរាល់យប់បន្ទាប់ពីចប់ម៉ោងការងារពីការបង្រៀនសិស្ស រៀនសូត្របន្ថែម រៀនផលិតមាតិកាហើយផុសលើបណ្តាញសង្គមបណ្តើរៗតាមដែលអាចធ្វើទៅបាន។

Image 2026 09 08 20 45 22

រហូតដល់ឆ្នាំ ២០២៤ លោកក៏គិតថាដល់ពេលហើយដែលលោកអាចចែករំលែកចំណេះដឹងនៃការផលិតមាតិការបស់លោកជូនទៅកាន់លោកគ្រូអ្នកគ្រូផ្សេងទៀត ដើម្បីឱ្យពួកគាត់អាចផលិតមាតិកាបានដូចលោកដែរ។ នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៤ លោកក៏បានស្នើសុំខាង KOOMPI បើកជាសិក្ខាសាលាតាមប្រព័ន្ធអនឡាញ «វគ្គសិក្សាក្លាយជាអ្នកផលិតមាតិកាឌីជីថល» ឡើង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ លោកគិតថាពុំមែនមានតែលោកគ្រូ អ្នកគ្រូទេ ដែលអាចផលិតមាតិកាចែករំលែកចំណេះដឹងបាន សាធារណជនផ្សេងទៀតពួកគាត់ក៏អាចចែករំលែកចំណេះដឹងជំនាញរបស់គាត់បានដែរ ដូចនេះលោកក៏បើកសិទ្ធិជូនពួកគាត់អាចចុះឈ្មោះចូលរួមបានដោយសេរី និងឥតគិតថ្លៃគ្រប់ៗគ្នា រហូតដល់មានអ្នកចុះឈ្មោះរហូតដល់ជាង ៥០០ នាក់។ មហិច្ឆតារបស់លោកកាលនោះ លោកនឹងបន្តធ្វើវគ្គរហូតឃើញស្រុកខ្មែរមានមាតិកាល្អៗ ពីលោកគ្រូ អ្នកគ្រូ និងបងប្អូនអ្នកជំនាញផ្សេងផលិតវីដេអូចែករំលែកល្អៗ ដល់ជនរួមជាតិយើងទាំងមូល។ ទន្ទឹមគ្នាផងដែរនៅពាក់កណ្តាលឆ្នាំ ២០២៤ លោកចង់ចំណាយពេលរបស់លោកទាំងអស់ទៅលើការសិក្សាស្រាវជ្រាវ និងចែករំលែក បន្ទាប់មកលោកក៏សម្រេចចិត្តដាក់ពាក្យលាឈប់ពី KOOMPI

 ទោះបីជាលាឈប់ពីការងារពេញម៉ោងក្តី លោកមិនចង់បោះបង់ក្តីស្រមៃក្នុងការចែករំលែកចំណេះដឹងនៃការផលិតមាតិកាជូនទៅលោកគ្រូអ្នកគ្រូ និងបងប្អូនសាធារណជនទូទៅនោះឡើយ។ បន្ទាប់មកលោកក៏សម្រេចចិត្តបើកសិក្ខាសាលាស្តីពីផលិតមាតិកាឌីជីថលវគ្គ២ឡើង។ តែអ្វីដែលលើសពីការរំពឹងទុករបស់លោកគឺ ខាងក្រសួងអប់រំលោកបានចាប់អារម្មណ៍លើការចែករំលែករបស់លោក បន្ទាប់មកក៏បានធ្វើវគ្គ២ហ្នឹងជាមួយគ្នា។ វគ្គ១ និងវគ្គ២ លោកនៅមានធនធានសម្រាប់ការរស់នៅរបស់លោក លោកពិតជាសប្បាយចិត្តណាស់ដែលបានធ្វើវាឡើង តែដល់វគ្គ៣ លោកលែងមានលទ្ធភាពរៀបចំវាដោយឥតគិតថ្លៃទៀតហើយ។

 ដូច្នេះលោកបានសួរទៅសហគមន៍ Telegram របស់លោកដោយត្រង់ៗថា៖

«បើវគ្គនេះត្រូវបង់ថ្លៃ តើបងប្អូននៅចង់ចូលរួមទេ

មានមនុស្សប្រមាណ ២៥ នាក់ បង់លុយ និងចូលរួមជាលើកដំបូងនៃ Paid course របស់លោក។ និយាយឱ្យស្មោះត្រង់ទៅ បន្ទាប់ពីលាឈប់ពី KOOMPI លោកបានធ្វើ Studio តូចមួយនៅស្រុកកំណើតក្នុងគោលបំណងមួយបន្ថែមទៀតគឺ បើកជាសាលាបង្រៀនកុំព្យូទ័រដល់សិស្សានុសិស្សនៅតំបន់នេះឱ្យមានថ្នាក់កុំព្យូទ័រដូចគេដូចឯង និងបានមើលថែពុកម្តាយរបស់លោកផង។ ពេលនោះលោកពុំទាន់មានលទ្ធភាពទិញកុំព្យូទ័រសម្រាប់បង្រៀនសិស្សនោះឡើយ លោកក៏ខិតខំ Develop ថ្នាក់ផលិតមាតិការបស់លោកឱ្យកាន់តែល្អប្រសើរឡើង ដើម្បីមានសិស្សចាប់អារម្មណ៍ចូលកាន់តែច្រើន ហើយលោកនឹងមានលទ្ធភាពទិញកុំព្យូទ័របង្រៀនសិស្សានុសិស្សនៅតំបន់របស់លោក។ ពេលលោកកំពុងតែធ្វើការងាររបស់លោក នៅដំណាច់ឆ្នាំ ២០២៤ ពោលគឺក្នុងខែ ១១ និង ១២ មានមនុស្សគាត់ចាប់អារម្មណ៍លើការងាររបស់លោក ហើយបបួលលោកទៅបង្កើតជា Media Agency មួយនៅក្នុងក្រុងសៀមរាបដើម្បីរកចំណូលរួមគ្នា។ តាមពិតលោកពុំចង់ទៅប៉ុន្មានទេ ស្តាយការងារនៅទីនេះ ប៉ុន្តែដោយសារតែចង់ទទួលបានបទពិសោធន៍ថ្មីខាងការរកស៊ី លោកក៏សម្រេចចិត្តចាប់ឱកាសនេះ។

Image 2026 09 08 20 46 16

ដើមឆ្នាំ ២០២៥ ទាំងការងារផ្ទាល់ខ្លួន និងការរកស៊ី គឺល្អណាស់សម្រាប់លោក។ ប៉ុន្តែមិនបានប៉ុន្មានផង នៅខ្ទង់ខែ ៦ ការងារជាក្រុមរបស់លោកក៏ត្រូវបែកបាក់ ខែ៧បេះដូងក៏រហែក បន្ទាប់មកលោកក៏សម្រេចចិត្តស្វែងរកការងារធ្វើដើម្បីទប់ការចំណាយមួយរយៈសិន។ កំឡុងពេលនោះជាពេលលំបាកបំផុតមួយក្នុងជីវិតរបស់លោក លោកពុំទាន់មានចិត្តមកធ្វើមាតិការចែករំលែកចំណេះដឹងល្អៗទៀតនោះឡើយ។

ទន្ទឹមនឹងនោះដែរ ក៏មានអ្នកដែលគាត់មានធនធានចង់សហការជាមួយលោក តែលោកបដិសេធពួកគាត់ច្រើននាក់ដែរ។ បន្ទាប់មកលោកក៏បានជួបគ្រួសាររបស់បង SOKSAN គាត់មានក្លឹបកីឡាមួយឈ្មោះ SOKSANSPORTS គ្រួសារគាត់នេះហើយជាអ្នកជួយលោកកំឡុងពេលដែលលោកលំបាកខ្លាំងបំផុត។ ក្រៅពីនេះ លោកក៏មានមិត្តភក្តិល្អៗមួយចំនួនទៀត ដែលនៅជាមួយលោកក្នុងពេលលំបាកនោះ។ លោកមិនអាចដើរមកដល់ថ្ងៃនេះបានទេ បើគ្មានពួកគាត់។ លោកគិតគូរពីខ្លួនឯងសារជាថ្មី ស្រឡាញ់សុខភាពរត់ហាត់ប្រាណជាប្រចាំ ខិតខំរៀនសូត្រឱ្យកាន់តែខ្លាំងជាងមុន រហូតដល់លោកអាចធ្វើឱ្យ Skill Next មានគេទទួលស្គាល់កាន់តែច្រើនជាងមុនបន្ថែមទៀត។

មកដល់ពេលនេះ សហគមន៍ Skill Next មាន៖

  • Facebook: ១១,៨០០ នាក់
  • Telegram: ,៦៤២ នាក់
  • TikTok: ,៤៤៦ នាក់
  • YouTube: ,០៣០ នាក់

ចាប់ពីពេលនេះទៅមុខ លោកប្រាប់ខ្លួនឯងថា បើលោកនៅ Skill Next ហើយ ត្រូវតែនៅឱ្យបានល្អ និងខ្លាំងជារៀងរាល់ថ្ងៃ។ សម្រាប់ការងារបច្ចុប្បន្ននៅ Skill Next លោកផ្តោតលើការបង្រៀន AI, AI Automation និងការរៀបចំផែនការរៀន (Learning Roadmap) សម្រាប់អ្នកធ្វើការការិយាល័យ និងម្ចាស់អាជីវកម្ម។ ផ្នែកសំខាន់នៃការងាររបស់លោកគឺ ជួយឱ្យការងាររដ្ឋបាលដដែលៗ ដំណើរការដោយស្វ័យប្រវត្តិ។ ក្នុងវគ្គ AI Office Automation អ្នករៀនបង្កើតជំនួយការ AI ចំនួន ៦ ដើម្បីយកទៅប្រើក្នុងការងារពិត៖

  • AI Data Entry Bot បញ្ចូលទិន្នន័យដោយស្វ័យប្រវត្តិ
  • AI Meeting Notes Bot (អក្សរ) សង្ខេបកំណត់ហេតុប្រជុំ
  • Email Reply Assistant ជួយឆ្លើយអ៊ីមែលជាភាសាផ្លូវការ
  • AI Weekly Report Bot រៀបចំរបាយការណ៍ប្រចាំសប្ដាហ៍
  • Quotation Generator បង្កើតសម្រង់តម្លៃ
  • AI Meeting Notes Bot (សំឡេង)សំឡេង អត្ថបទ សេចក្តីសង្ខេប

ក្រៅពីការបង្រៀន លោកក៏បានសាងសង់ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការងារខ្លួនឯងផងដែរ។ ឧទាហរណ៍ ប្រព័ន្ធចុះឈ្មោះ៖ ពេលមានអ្នកចុះឈ្មោះ ប្រព័ន្ធផ្ញើសារជូនដំណឹងមកលោកភ្លាម លោកគ្រាន់តែចុចអនុម័ត បន្ទាប់មក Bot ផ្ញើលិខិតអញ្ជើញ សារស្វាគមន៍ និងការណែនាំពីរបៀបរៀន ទៅសិស្សដោយស្វ័យប្រវត្តិ។ លោកធ្វើដូច្នេះព្រោះលោកធ្វើការតែម្នាក់ឯង។ បើមិនធ្វើស្វ័យប្រវត្តិកម្មទេ ពេលវេលាទាំងអស់នឹងអស់ទៅលើការងាររដ្ឋបាល ហើយគ្មានពេលសល់សម្រាប់បង្រៀនឡើយ។ នេះជាមូលហេតុដែលលោកជឿលើអ្វីដែលលោកបង្រៀន ព្រោះលោកប្រើវាដោយខ្លួនឯងរាល់ថ្ងៃ។

បើនិយាយពីបេសកកម្ម និងអ្វីដែលជំរុញឱ្យបង្កើត Skill Next វិញ លោកសូមចាប់ផ្តើមពីថ្ងៃមួយ ក្នុងខែឧសភា ឆ្នាំ ២០២០។ ពេលនោះសាលារៀនត្រូវបិទ ហើយសិស្សត្រូវរៀនពីចម្ងាយ។ ក្រុមការងាររបស់លោកបានចុះទៅ សាលាបឋមសិក្សា វត្តបូព៌។ នៅទីនោះ លោកនាយក និងលោកគ្រូអ្នកគ្រូ ប្រជុំគ្នារាល់ព្រឹក ដើម្បីរកវិធីបង្រៀនឱ្យសិស្សបន្តរៀនបាន។ការងារមួយដែលក្រុមការងារធ្វើនៅថ្ងៃនោះ លោកនៅចាំរហូតមកដល់ឥឡូវ។ ពួកលោកអង្គុយនៅមុខសាលា ជួយអាណាព្យាបាលបង្កើតគណនី ZOOM ដើម្បីឱ្យកូនរបស់គាត់អាចចូលមើលមេរៀនបាន។ គាត់មានទូរស័ព្ទក្នុងដៃ។ គាត់មាន Internet។ គាត់ក៏ចង់ឱ្យកូនរៀនដែរ។ អ្វីតែមួយគត់ដែលខ្វះ គឺ ចំណេះដឹងក្នុងការប្រើវា។ នៅថ្ងៃនោះលោកយល់ឃើញថា មូលដ្ឋាននៃការងាររបស់លោករហូតមកដល់ថ្ងៃនេះ «បញ្ហាមិនមែននៅត្រង់ឧបករណ៍ទេ។ បញ្ហានៅត្រង់ជំនាញប្រើប្រាស់។»

 ក្រោយពីថ្ងៃនោះមក លោកបន្តចុះទៅតាមសាលារៀន និងតាមខេត្តជាច្រើន ហើយលោកឃើញរឿងដដែលៗនេះម្តងហើយម្តងទៀត។ ស្ទើរតែគ្រប់គ្នាមានទូរស័ព្ទ តែយើងភាគច្រើនប្រើវាសម្រាប់មើលកម្សាន្ត ជាជាងសម្រាប់ដោះស្រាយការងារ។ ចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក៏ចេញជាភាសាអង់គ្លេសមុនគេ ធ្វើឱ្យអ្នកដែលមិនស្ទាត់អង់គ្លេស ត្រូវរង់ចាំយូរ ទើបវាមកដល់ដៃ។ ហើយវគ្គបណ្ដុះបណ្ដាលល្អៗ ភាគច្រើនប្រមូលផ្តុំនៅទីក្រុង។ ចំណុចចុងក្រោយនេះ លោកប៉ះពាល់អារម្មណ៍ផ្ទាល់ លោកធ្លាប់ឆ្លងកាត់វា។ លោកកើត និងធ្វើការនៅស្រុកអង្គរជុំ ខេត្តសៀមរាប។ លោកដឹងច្បាស់ថា មនុស្សនៅតំបន់ដាច់ស្រយាល មានសមត្ថភាពមិនចាញ់អ្នកណាទេ គាត់គ្រាន់តែខ្វះឱកាសប៉ុណ្ណោះ។

ឥឡូវនេះ AI ចូលមកដល់។ ហើយអ្វីដែលធ្វើឱ្យលោកមិនអាចអង្គុយស្ងៀមបាន គឺ AI ជារឿងថ្មីសម្រាប់ពិភពលោកទាំងមូល។ មានន័យថា គម្លាតរវាងខ្មែរ និងបរទេស ក្នុងវិស័យនេះ នៅមិនទាន់ធំនៅឡើយ។ បើយើងចាប់ផ្តើមឥឡូវនេះ យើងអាចដើរទាន់គេបាន។ ឱកាសបែបនេះ មួយជីវិតយើងជួបមិនប៉ុន្មានដងទេ។ តែបើយើងរង់ចាំ ៥ ឆ្នាំទៀត គម្លាតនោះនឹងធំដូចគម្លាតដែលយើងធ្លាប់ជួបពីមុនវិញ។ នេះជាមូលហេតុដែលលោកសម្រេចចិត្តលាឈប់ពីការងារពេញម៉ោង មកបង្កើត Skill Next

  • បេសកកម្ម៖ បណ្តុះបណ្តាលខ្មែរឱ្យមានជំនាញអនាគត AI, Automation និង Digital Skills ដើម្បីឱ្យគាត់អាចប្រកួតប្រជែងបាននៅក្នុងសេដ្ឋកិច្ចឌីជីថល។
  • ចក្ខុវិស័យ៖ ក្លាយជា Future Skills Academy លេខ ១ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្តើមពីកម្ពុជា។

និយាយឱ្យសាមញ្ញ លោកចង់ឱ្យអាណាព្យាបាលនៅវត្តបូព៌ថ្ងៃនោះ និងកូនរបស់គាត់ មិនចាំបាច់រង់ចាំឱ្យអ្នកណាម្នាក់មកអង្គុយជួយទៀតទេ។ លោកចង់ឱ្យគាត់ធ្វើវាដោយខ្លួនឯងបាន។

តាមការលើកឡើងរបស់លោកដោយផ្អែកលើបទពិសោធន៍ផ្ទាល់ ជំនាញ ៥ ដែលយុវជនគួររៀនក្នុងវិស័យ Tech & Digital លោកមិនមែនជាអ្នកសរសេរកូដទេ ដូច្នេះជំនាញដែលលោករៀបរាប់ខាងក្រោមនេះ គឺជាជំនាញដែលបងប្អូនគ្រប់រូបអាចរៀនបាន មិនចាំបាច់ជា Programmer ឡើយ៖

  • ចេះប្រើ AI ជាឧបករណ៍ការងារ៖ មិនមែនប្រើលេងទេ។ រឿងសំខាន់គឺ ចេះសួរឱ្យច្បាស់ ចេះប្រាប់ឱ្យ AI ដឹងថាយើងកំពុងធ្វើការអ្វី និងចេះពិនិត្យចម្លើយវិញ ព្រោះ AI ក៏អាចឆ្លើយខុសដែរ។
  • ចេះឱ្យប្រព័ន្ធធ្វើការជំនួសយើង៖ ការងារដដែលៗរាល់ថ្ងៃ ដូចជាចម្លងទិន្នន័យ ឬឆ្លើយសារដដែលៗ អាចរៀបចំឱ្យវាដំណើរការដោយស្វ័យប្រវត្តិបាន ដោយមិនចាំបាច់ចេះសរសេរកូដ។
  • ចេះមើលទិន្នន័យ៖ ចាប់ផ្តើមពី Spreadsheet សិន រួចទើបទៅ Database។ អ្នកណាដែលរៀបចំទិន្នន័យរបស់ខ្លួនឱ្យមានរបៀប អ្នកនោះប្រើ AI បានផលល្អជាងគេ។
  • ភាសាអង់គ្លេស និងជំនាញទំនាក់ទំនង៖ ចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ភាគច្រើនចេញជាភាសាអង់គ្លេសមុនគេ។ អង់គ្លេសមិនមែនជាគោលដៅទេ តែជាទ្វារចូលដើម្បីចូលទៅយកចំណេះដឹងនោះឱ្យបានមុនគេ។ ហើយពេលចេះហើយ ត្រូវចេះពន្យល់ឱ្យអ្នកដទៃយល់ផងដែរ។
  • ចេះរៀនដោយខ្លួនឯង៖ សម្រាប់លោក នេះជាជំនាញលេខ ១។ បច្ចេកវិទ្យាប្តូរញឹកញាប់ណាស់។ អ្វីដែលយើងរៀនថ្ងៃនេះ អាចផុតសម័យក្នុងមួយឆ្នាំ តែសមត្ថភាពរៀនដោយខ្លួនឯង មិនចេះផុតសម័យទេ។ ខ្លួនលោកផ្ទាល់ក៏រៀនពី Internet ដោយខ្លួនឯងភាគច្រើនដែរ។

ចំពោះស្ថានភាពឌីជីថលក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ន​ លោកមើលឃើញថាមានការរីកចម្រើនច្បាស់លាស់ ជាពិសេសការមានថ្នាលផ្លូវការដូចជា សាលាឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា។ ទូរស័ព្ទ និង Internet ក៏ចូលដល់គ្រប់ទីកន្លែងហើយ។

B7f2e0ba 797f 41d8 B108 23f6bf0551f3

តែគម្លាតដែលនៅសល់ មិនមែនគម្លាតឧបករណ៍ទេ​គឺគម្លាតជំនាញប្រើប្រាស់។ គ្រូបង្រៀនជាច្រើនក៏ត្រូវការការគាំទ្របន្ថែម ដើម្បីប្រែក្លាយឧបករណ៍ទាំងនោះទៅជាការបង្រៀនពិតប្រាកដ។ នេះជាកន្លែងដែល Skill Next ចង់ចូលរួមជួយ។


សំនួរមួយដែលមនុស្សគ្រប់រូបតែតើចោទសួរ តើ AI នឹងជំនួសការងាររបស់មនុស្សដែរឬទេ?”

ចម្លើយរបស់លោកគឺ៖ AI មិនជំនួសមនុស្សទេ វាជំនួស "កិច្ចការ"។ តែមនុស្សដែលមិនព្រមប្រើ AI នឹងត្រូវជំនួសដោយមនុស្សដែលចេះប្រើវា។

ចំពោះរឿង Dev ដែលបង្កើតវេបសាយដោយប្រើ AI ដោយមិនរៀនកូដស៊ីជម្រៅ រឿងនេះពិត ហើយវាជារឿងល្អមួយផ្នែក ព្រោះវាបើកទ្វារឱ្យមនុស្សធម្មតាចូលមកបង្កើតបាន។

AI ជួយយើងសាងសង់បានលឿន តែពេលវាខូច យើងត្រូវយល់ពីអ្វីដែលយើងបានសាងសង់។ ចំណុចខ្សោយរបស់លោកផ្ទាល់គឺ Debugging ការរកកន្លែងខូច។ អ្នកដែលប្រើ AI ដោយគ្មានមូលដ្ឋានគ្រឹះ អាចបង្កើតបានលឿន តែពិបាកជួសជុល ពិបាកធានាសុវត្ថិភាព និងពិបាកពង្រីក។ ដូច្នេះមូលដ្ឋានគ្រឹះនៅតែសំខាន់ គ្រាន់តែសព្វថ្ងៃ យើងអាចរៀនវាបន្តិចម្តងៗ ទន្ទឹមនឹងការសាងសង់។

ការងារបែបណាដែល AI នឹងជំនួសបាន?”

គឺការងារដដែលៗ ដែលមានជំហានច្បាស់លាស់ ហើយមិនចាំបាច់សម្រេចចិត្តអ្វី។

ឧទាហរណ៍៖ ចម្លងលេខពីឯកសារមួយទៅដាក់ក្នុង Excel, វាយឆ្លើយសារដដែលៗរាល់ថ្ងៃ, រៀបចំ Format របាយការណ៍, បកប្រែឯកសារធម្មតា។ ការងារបែបនេះ AI ធ្វើបានលឿនជាងមនុស្សឆ្ងាយណាស់។

ចុះការងារបែបណាដែល AI ជំនួសមិនបាន?”

គឺការងារដែលត្រូវសម្រេចចិត្ត និងទទួលខុសត្រូវ។

ឧទាហរណ៍៖ សម្រេចថាត្រូវចាយលុយក្រុមហ៊ុនទៅលើអ្វី, ដោះស្រាយជាមួយអតិថិជនដែលកំពុងខឹង, ដឹកនាំក្រុមការងារ, និងការយល់ដឹងពីទំនៀមទម្លាប់ និងវិធីធ្វើការក្នុងស្រុកយើង ដែល AI មិនស្គាល់។ មូលហេតុសាមញ្ញគឺ នៅពេលមានរឿងខុស AI មិនអាចទទួលខុសត្រូវជំនួសយើងបានទេ។ មនុស្សទេដែលត្រូវទទួលខុសត្រូវ។

សេចក្តីសន្និដ្ឋានរបស់លោក៖ កុំប្រកួតជាមួយ AI ចូរប្រើវាឱ្យធ្វើការឱ្យយើង។

Y D Fn J44kt Nu Ar B8aa5fo Zp

តាមរយៈការលើកលើងរបស់លោកកត្តាធំៗដែល Founder ត្រូវមាន ដើម្បីដើរបានយូរអង្វែង​លោកបានឆ្លើយតាមរយៈសាច់រឿងពិតមួយ ព្រោះលោករៀនរឿងនេះដោយចំណាយថ្លៃច្រើនណាស់ដើម្បីទិញវា។ក្រោយពេលវគ្គ Content Creation ដំណើរការបានល្អ មានមនុស្សមួយចំនួនចង់ធ្វើការជាមួយលោក ហើយពួកលោកបានបង្កើត Digital Media Agency មួយ។ វាជាឱកាសល្អមួយ ហើយលោកក៏ទទួលយក។ ពួកលោកធ្វើការជាមួយគ្នាបាន ៥ ខែ រួចសម្រេចចិត្តបញ្ឈប់វា។​បន្ទាប់មក មានមនុស្សជាច្រើនទៀតមកសុំសហការ។ លើកនេះលោកបានបដិសេធ។ មិនមែនព្រោះលោកមិនចង់ធ្វើការជាមួយអ្នកដទៃទេ តែព្រោះលោកដឹងខ្លួនថា លោកមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ។ លោកត្រឡប់មកអភិវឌ្ឍជំនាញខ្លួនឯង និងធ្វើការងាររបស់ខ្លួនឱ្យបានល្អសិន។

  • កត្តាទីមួយ (ភាពក្លាហានក្នុងការនិយាយថា "ទេ")៖ លោកធ្លាប់ចាប់ផ្តើមគម្រោងច្រើនក្នុងពេលតែមួយ ហើយលទ្ធផលគឺគ្មានគម្រោងណាមួយបានល្អទាំងអស់។ ឱកាសល្អច្រើនពេក ក៏ជាបញ្ហាដែរ។
  • កត្តាទីពីរ (ត្រូវដោះស្រាយបញ្ហាពិតរបស់មនុស្ស)៖ កុំបង្កើតអ្វីតាមការនឹកឃើញ ឬចិត្តចង់ធ្វើមួយឆាវរបស់យើង។ ត្រូវគិតថាតើមនុស្សភាគច្រើនគាត់ត្រូវការវាឬអត់? វាមានទំហំទីផ្សារប៉ុន្មាន %?
  • កត្តាទីបី (ការធ្វើឱ្យបានជាប់លាប់)៖ ការចែករំលែកចំណេះដឹងជារៀងរាល់ថ្ងៃ មើលទៅដូចជារឿងតូច តែធ្វើយូរទៅ គេចាប់ផ្តើមជឿទុកចិត្តលើយើង។ ហើយការជឿទុកចិត្តនេះ ជាទ្រព្យសម្បត្តិតែមួយគត់ដែលគេយកពីយើងមិនបាន។
  • កត្តាទីបួន (ការរក្សាកម្លាំង និងសុខភាព)៖ ការធ្វើអាជីវកម្មម្នាក់ឯង គឺជាផ្លូវវែង មិនមែនរឿងមួយថ្ងៃពីរថ្ងៃទេ។ បើយើងប្រើកម្លាំងអស់ក្នុងប៉ុន្មានខែ ដល់ឆ្នាំក្រោយយើងគ្មានកម្លាំងសល់ទេ។
  • កត្តាចុងក្រោយ និងសំខាន់បំផុត (ភាពស្មោះត្រង់)៖ កុំសន្យាលើសពីអ្វីដែលយើងធ្វើបាន។ ក្នុងវិស័យអប់រំ គេមិនទិញមេរៀនរបស់យើងទេ — គេទិញការជឿទុកចិត្តលើយើង។ ហើយកេរ្តិ៍ឈ្មោះ ជារបស់ដែលបាត់បង់តែម្តងគត់។

ចំពោះទិសដៅ ៣-៥ ឆ្នាំខាងមុខ លោកចង់ធ្វើរឿងតិច តែធ្វើឱ្យច្រើនដង ហើយធ្វើវាឱ្យបានល្អបំផុត។ ឥឡូវនេះលោកកំពុងផ្តោតលើវគ្គ AI Office Automation តែមួយ ឱ្យបានល្អជាមុនសិន។ មូលហេតុសាមញ្ញទេ លោកធ្វើការតែម្នាក់ឯង។ បើវគ្គទីមួយនៅមិនទាន់ល្អ ហើយលោកប្រញាប់បើកវគ្គទីពីរទៀត ចុងក្រោយវគ្គទាំងពីរនឹងមិនល្អទាំងអស់ ព្រោះលោកគ្មានពេលមើលថែទាំវាឱ្យបានគ្រប់គ្រាន់។ លោកចង់ឱ្យវគ្គមួយពិតជាដំណើរការសម្រាប់អ្នករៀនសិន មុននឹងបន្ថែមវគ្គថ្មី។

សម្រាប់ទិសដៅដែលលោកកំពុងធ្វើដំណើរទៅរក៖

  • សាងសង់បណ្ណាល័យចំណេះដឹង AI ជាភាសាខ្មែរ៖ សព្វថ្ងៃ បើបងប្អូនចង់រៀន AI ជាភាសាខ្មែរឱ្យបានជាប្រព័ន្ធ វានៅមានតិចណាស់។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លោកចង់ឱ្យខ្មែរណាម្នាក់ដែលចង់រៀន AI អាចរកឃើញផ្លូវរៀនជាភាសាខ្លួនឯង ដោយមិនចាំបាច់រង់ចាំគេបកប្រែ។
  • ទៅដល់មនុស្សនៅក្រៅទីក្រុង៖ លោកធ្វើការនៅស្រុកអង្គរជុំ ខេត្តសៀមរាប។ ការបង្រៀន Online អនុញ្ញាតឱ្យលោកបង្រៀនអ្នកនៅខេត្តផ្សេងៗបាន ដោយមិនចាំបាច់ផ្លាស់ទីលំនៅ។ នេះជាចំណុចដែលលោកចង់ពង្រីកបន្ថែម។
  • ពីការបង្រៀន ទៅរកការសាងសង់ឧបករណ៍៖ រយៈពេលវែង លោកចង់សាងសង់ឧបករណ៍ AI ដែលអាជីវកម្មខ្មែរអាចប្រើប្រាស់បានផ្ទាល់ មិនត្រឹមតែបង្រៀនប៉ុណ្ណោះ។ តែលោកមិនចង់ប្រកាសអ្វីមុនពេលវាដំណើរការទេ។ លោកចង់និយាយអំពីវានៅពេលដែលមានមនុស្សប្រើវាពិតប្រាកដ។

659051333 971593608711605 7972381385185499193 N

ចំពោះគោលដៅផ្ទាល់ខ្លួន

ក្នុងរយៈពេល ៥ ទៅ ៦ ឆ្នាំខាងមុខ លោកចង់ក្លាយជាគ្រូបង្រៀន AI ដែលខ្មែរជឿទុកចិត្ត មិនមែនព្រោះលោកនិយាយពូកែទេ តែព្រោះអ្វីដែលលោកបង្រៀន ពិតជាដំណើរការនៅក្នុងការងាររបស់អ្នករៀន។


ជាចុងក្រោយលោកមានជាសារផ្ញើជូនយុវជនជំនាន់ក្រោយ

  • រឿងទីមួយ៖ ចាប់ផ្តើមមុនពេលបងប្អូនមានអារម្មណ៍ថាខ្លួនត្រៀមរួច។ លោកចូលធ្វើការនៅ KOOMPI តាំងពីនៅរៀនឆ្នាំទី ៤ ដោយមិនទាន់ចេះអ្វីច្រើនទេ។ លោករៀនពេលកំពុងធ្វើ។ បើលោក រង់ចាំឱ្យខ្លួន "ចេះគ្រប់គ្រាន់" សិន លោកប្រហែលមិនទាន់បានចាប់ផ្តើមរហូតមកដល់ថ្ងៃនេះទេ។ អារម្មណ៍ថាខ្លួនចេះគ្រប់គ្រាន់ វាកើតឡើងក្រោយពេលយើងចាប់ផ្តើមធ្វើ មិនមែនមុនទេ។
  • រឿងទីពីរ៖ ទីកន្លែងកំណើតមិនមែនជារបាំងឡើយ។ លោកកើត និងធ្វើការនៅភូមិមួយក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។ សព្វថ្ងៃ អ្វីដែលសិស្សនៅក្រុងរៀនបាន យើងនៅស្រុកស្រែក៏រៀនបានដែរ ព្រោះមេរៀនទាំងនោះនៅលើទូរស័ព្ទដូចគ្នា។ អ្វីដែលខុសគ្នា គឺយើងសម្រេចចិត្តរៀន ឬអត់ប៉ុណ្ណោះ។
  • រឿងទីបី (ជារឿងដែលមនុស្សភាគច្រើនខុស)៖ ត្រូវរៀនដោយធ្វើ កុំរៀនដោយប្រមូលទុក។ មនុស្សជាច្រើនមើលវីដេអូរាប់សិប ទិញ Course រាប់វគ្គ តែមិនដែលអនុវត្តសោះ។ ចំណេះដឹងដែលមិនបានប្រើ គឺភ្លេចលឿនណាស់។ សូមរើសបញ្ហាតូចមួយក្នុងការងាររបស់បងប្អូន រួចប្រើអ្វីដែលរៀនបានទៅដោះស្រាយវាឱ្យរួច។ មេរៀនមួយដែលបានប្រើ មានតម្លៃជាងវីដេអូមួយរយ។
  • រឿងទីបួន៖ ពេលបងប្អូនដោះស្រាយវារួចហើយ សូមចែករំលែកវាទៅអ្នកដទៃ។ មិនចាំបាច់ជាអ្នកជំនាញទេ ទើបចែករំលែកបាន។ គ្រាន់តែយើងដឹងច្រើនជាងអ្នកដែលទើបចាប់ផ្តើម ក៏អាចជួយគាត់បានហើយ។ ការចែករំលែកធ្វើឱ្យយើងយល់កាន់តែច្បាស់ ហើយវាក៏នាំឱកាសមកឱ្យយើងវិញផងដែរ។ ផ្លូវរបស់លោកចាប់ផ្តើមពីត្រង់នេះ។
  • រឿងទីប្រាំ (ចំពោះ AI) ឥឡូវនេះជាពេលវេលាល្អ។ AI ថ្មីសម្រាប់ពិភពលោកទាំងមូល ដូច្នេះគម្លាតរវាងយើង និងគេ នៅមិនទាន់ធំនៅឡើយ។ បងប្អូនមិនចាំបាច់ជា Programmer ទេ ទើបចាប់ផ្តើមបាន។ គ្រាន់តែចាប់ផ្តើមថ្ងៃនេះ ក៏បងប្អូននៅមុខអ្នកដែលនៅតែរង់ចាំហើយ។ តែសូមចាំមួយ៖ មនុស្សភាគច្រើនចាប់ផ្តើមខ្លាំង រួចឈប់ក្នុងរយៈពេលពីរបីខែ។ អ្នកដែលទៅដល់គោលដៅ មិនមែនអ្នកលឿនជាងគេទេ គឺអ្នកដែលនៅតែធ្វើ ពេលអ្នកឯទៀតឈប់ហើយ។

បច្ចេកវិទ្យាប្តូររាល់ពេល តែចរិតជាមនុស្សដែលចង់ចេះចង់ដឹង និងព្រមរៀនដោយខ្លួនឯង នេះជារបស់ដែលនៅជាប់ជាមួយបងប្អូនរហូត។ សូមរក្សាវាឱ្យបានល្អ។

Support Skill Next - ជំនាញអនាគត Founder 

Details for Various Courses

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia