នៅក្នុងយុគសម័យឌីជីថល ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់ជនខិលខូច កាន់តែមានភាពវៃឆ្លាត និងមានរូបភាពបោកប្រាស់ថ្មីៗជាបន្តបន្ទាប់។ ថ្មីៗនេះ មានការក្រើនរំលឹកយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសនៅលើកម្មវិធី Telegram និងកម្មវិធីផ្ញើសារផ្សេងៗ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការចុចបើកឯកសារភ្ជាប់ (Attachments) ដែលមានប្រភពមិនច្បាស់លាស់។

យោងតាមផ្ទាំងព័ត៌មានអប់រំផ្លូវការរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយយុទ្ធនាការ កម្ពុជាឆ្ពោះទៅឌីជីថល (Go Digital Cambodia) បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នចោរព័ត៌មានវិទ្យា (Hackers) កំពុងប្រើប្រាស់ល្បិចទម្លាក់មេរោគ តាមរយៈការផ្ញើឯកសារភ្ជាប់ ដែលមានផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគចូលទៅក្នុងឧបករណ៍ឌីជីថលរបស់ជនរងគ្រោះ។ ជាទូទៅ ឯកសារប្រភេទនេះតែងតែត្រូវបានជនខិលខូចបន្លំធ្វើជាឯកសារការងារ ឬរូបភាព (ឧទាហរណ៍៖ តារាងប្រាក់ខែ.exe) ជាដើម។ អ្នកប្រើប្រាស់ មិនត្រូវធ្វើការចុចបើក ឬដំណើរការ (Run) ឯកសារណាដែលមានកន្ទុយ (Extension) ដូចខាងក្រោមនេះឡើយ៖
- .exe
- .bat
- .vbs
- .ps1
- .sh
- .msi
- .scr
ហានិភ័យនៅពេលអ្នកជ្រុលដៃចុចបើកឯកសារទាំងនេះ
ឯកសារប្រភេទនេះ គឺមិនមែនជាឯកសារសម្រាប់អានទូទៅនោះទេ តែវាអាចផ្ទុកនូវមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ។ ប្រសិនបើអ្នកចុចដំណើរការវា វានឹងបង្កហានិភ័យធ្ងន់ធ្ងរដល់ឧបករណ៍របស់អ្នកដូចជា៖
- លួចព័ត៌មានផ្ទាល់ខ្លួន៖ មេរោគអាចទាញយកទិន្នន័យសំខាន់ៗ និងឯកសារសម្ងាត់ដែលមានក្នុងកុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក។
- លួចពាក្យសម្ងាត់ និងគណនីធនាគារ៖ នេះគឺជាគោលដៅចម្បងរបស់ចោរព័ត៌មានវិទ្យា ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្ដាញសង្គម និងកេងប្រវ័ញ្ចប្រាក់ពីគណនីធនាគាររបស់អ្នក។
- គ្រប់គ្រងឧបករណ៍ពីចម្ងាយ៖ ជនខិលខូចអាចចូលមកបញ្ជា និងគ្រប់គ្រងឧបករណ៍របស់អ្នកដោយសេរីពីចម្ងាយតែម្ដង។
ដើម្បីសុវត្ថិភាពទិន្នន័យ សូមកុំចុចទាញយក ឬបើកឯកសារណាដែលគួរឲ្យសង្ស័យ ទោះបីជាវាត្រូវបានផ្ញើមកពីគណនីដែលស្គាល់គ្នាក៏ដោយ (ព្រោះគណនីមិត្តភក្ដិរបស់អ្នកអាចត្រូវបានគេលួច រួចទៅហើយដើម្បីយកមកឆបោកបន្ត)។ ត្រូវប្រាកដថា អ្នកបានពិនិត្យមើលប្រភេទផ្នែកខាងចុង (Extension) នៃឯកសារនោះឲ្យបានច្បាស់លាស់ជានិច្ច មុននឹងសម្រេចចិត្តចុចបើកវា។

